ភ្នំពេញ៖ ​អ្នក​ប្រដាល់​ជើង​ថ្មី អេលីត​ ភក្តី​ និង​ ឡុង​ បេនលឿន​ ​បាន​ឈ្នះ​ដៃ​គូ​ឡើង​ទៅ​កាន់​​វគ្គ ​២ ​នៃ​ព្រឹត្តិការណ៍​ TV5​ Boxing Knock Out Serie ​កាល​ពី​យប់​ថ្ងៃ​សៅរ៍​ ​ចំណែក​គូ​ឯក​អន្តរជាតិ​ ឡុង​ សំណាង​ និង​ជើង​ខ្លាំង​របស់​ថៃ​ Yuk ​Phith ​ត្រូវ​បាន​ដូរ​ចេញ​ដាក់​ជំនួស​ដោយ​កីឡាករ​ថៃ​ម្នាក់​ទៀត​គឺ ​Rong​ Napha ​ប៉ុន្តែ​លទ្ធផល​ប្រកួត​ស្វិតស្វាញ​ចំនួន ​៥ ទឹក​ពេញ​ ឡុង​ សំណាង​ ត្រូវ​បាន​ប្រកាស​ឲ្យ​ស្មើ​ ទំនង​ដូច​ជា​ចាញ់​ប្រៀប​ថៃ​បន្តិច​បន្តួច​ផង​។​

សិស្ស​គណ​ក្លិប​ប៉ែន​កាក់​គុនខ្មែរ អេលីត ​ភក្ដី បាន​យក​ឈ្នះ​អ្នក​ប្រដាល់​ ភិន ​សុចន្ទី​ ​មក​ពី​ក្លិប​នាគរាជ​ចតុមុខ​ដោយ​ពិន្ទុ ​ខណៈ​កីឡាករ​រូប​នេះ ​ឡើង​ប្រកួត​​ជំនួស​កីឡាករ ​យ៉ុន ​ដារ័ត្ន ដែល​អវត្តមាន​។ ទោះ​ជា​យ៉ាង​ណា​ ភិន សុចន្ទី​ ជា​អ្នក​​លេង​ជើង​ថ្មី ប៉ុន្តែ​គេ​ទប់ទល់​ និង​វាយ​ចេញ​បាន​ល្អ ​​មាន​កលល្បិច​វ៉ៃ​មិន​អន់​ឡើយ​ ធ្វើ​ឲ្យ​ជើង​ខ្លាំង ​អេលីត​ ភក្តី​ បែប​ចង់​យ៉ាប់​ម្តងៗ​ផង​ដែរ​។

ភិន​ សុចន្ទី ជា​​កីឡាករ​ចិត្ត​ធំ​ ហ៊ាន​ប្រកាស​មុន​ឡើង​សង្វៀន​ថា​ ​ចង់​ប៉ះ​ជាមួយ​ជើង​ខ្លាំង​ទើប​មាន​បទបិសោធ​​ល្អ​សម្រាប់​ថ្ងៃ​អនាគត​។ ​ទោះបី​ជា​​យ៉ាង​ណា​ក្រោយ​ពេល​ប្រកួត ​ភិន​ សុចន្ទី ​និយាយ​ថា​ ចាញ់​មិន​អស់​ចិត្ត​​ហើយ​សប្បាយ​រីករាយ ​ដែល​បាន​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ដែល​​ចាប់​ផ្តើម​មាន​ឈ្មោះ​ល្បី​ដូច​ អេលីត​ ភក្ដី ​នេះ​។​

តាម​ទិដ្ឋភាព​ប្រកួត​ជាក់​ស្តែង​ ក្នុង​ការ​ប្រកួត​ចំនួន ​៣ ​ទឹក​នោះ​ ភក្ដី ​ពិត​ជា​ធ្វើ​បាន​ល្អ​ជាង​មែន​ ទោះបី​ពេល​ខ្លះ​គេ​ទទួល​រង​ការ​គាប​សង្កត់​ពី​ ភិន​ សុចន្ទី​ ដោយ​វាយ​សម្រុក​ដោយ​ក្បាច់​ចម្រុះ​ក៏​ដោយ​។​ អេលីត​ ភក្ដី​ ប្រជែង​បាន​កៅអី​សម្រាប់​វគ្គ​ជម្រុះ​ជុំទី ​២​ ក្នុង​ខណៈ​ដែល​អ្នក​ប្រដាល់​ ភិន ​សុចន្ទី​ ត្រូវ​ខ្ទាត​ចេញ​ពី​​ការ​ប្រកួត​ត្រឹម​ជុំទី ​១​។​

ស្រដៀង​គ្នា​នេះ​ដែរ ​អ្នក​ប្រដាល់​ ឡុង ​បេនលឿន ​ក្លិប​សាលវ័ន្ដ​កីឡា​បាន​ឈ្នះ​ សឿន​ ឆ្នើម​ កក់កៅ​អី​សម្រាប់​ជុំទី ​២ ​ដែរ។ សឿន ​ឆ្នើម ​វ៉ៃ​បាន​ល្អ​នៅ ​២ ទឹក​ដំបូង ​ហើយ​បន្ទាប់​មក​ដល់​ទឹក​ទី ៣ ​ទៅ​ កម្លាំង​របស់​គេ​ស្រុត​ចុះ​តែ​ម្ដង ​ជា​មូលហេតុ​នាំ​ឲ្យ​ចាញ់​យ៉ាង​ច្បាស់​ ព្រោះ ​សឿន​ ឆ្នើម ​ត្រូវ​អាជ្ញា​កណ្ដាល​រាប់​ចំនួន ​៨ ​មុន​នឹង​ប្រកាស​ឲ្យ​ចាញ់​។​

ចំពោះ​គូ​មិត្តភាព​លក្ខណៈ​អន្តរជាតិ​វិញ ​អ្នក​ប្រដាល់​កម្ពុជា ​ឡុង ​សំណាង​ ក្លិប​សាលវ័ន្ដ​កីឡា​​បាន​ត្រឹម​ស្មើ​ពិន្ទុ​ជាមួយ​អ្នក​ប្រដាល់​ថៃ​ ​Rong Napha ​​បន្ទាប់​ពី​ប្រកួត​គ្នា ​៥ ​ទឹក​ពេញ​​យ៉ាង​ស្វិតស្វាញ​នោះ​។​ ពី​ដំបូង​ការ​ផ្គូផ្គង​ គឺ ​ឡុង ​សំណាង​ ប៉ះ​ជើង​ខ្លាំង​របស់​ថៃ​ Yuk​ Phith ​ប៉ុន្តែ​ដល់​ពេល​ប្រកួត​ជាក់​ស្តែង ​ចេញ​មុខ​ជើង​ខ្លាំង​ថៃ​ Rong Napha នេះ​តែ​ម្តង​។ ទោះ​យ៉ាង​ណា គ្មាន​ប្រភព ​ឬ​មន្ត្រី​ណា​ទម្លាយ​រឿង​ការ​ផ្លាស់ប្តូរ​គូ​នេះ​ឡើយ ​ហើយ​នេះ​ក៏​ជា​ទម្លាប់​នឹង​អាច​ក្លាយ​ជា​ប្រពៃណី​ទៅ​ហើយ​។​

ក្នុង​ជំនួប​ប្រកួត​ចំនួន ​៥ ​ទឹក​ ពួក​គេ​ប្រកួត​គ្នា​ដោយ​គ្មាន​ទុក​ពេល​ស្ទាបស្ទង់​ពី​សមត្ថភាព​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ឡើយ​ ខណៈ​ដែល​ ឡុង​ សំណាង​ បោះ​ជង្គង់​ចូល​ចំ​គោលដៅ​បាន​ល្អ​ចំណែក ​Rong ​Napha បោះ​ជង្គង់​ចាក់​ចូល​ភ្លៅ​ ព្រម​ទាំង​កាច់​ផ្តួល ​ធ្វើ​ឲ្យ ​ឡុង​ សំណាង​ ដួល​ឥត​ល្ហែ​ ក្នុង​មួយ​ទឹកៗ​។ ​តាម​ភ្នែក​អ្នក​ទស្សនា​ផ្ទាល់​ភាគ​ច្រើន​ គេ​មើល​ឃើញ​ពី​ Rong​ Napha ​របស់​ថៃ​មាន​ប្រៀប​ជាង ​ប៉ុន្តែ​ក្នុង​នាម​ម្ចាស់​ផ្ទះ និង​​ជា​គូ​មិត្តភាព​ផង​នោះ​ ត្រូវ​បាន​កាត់​សេចក្តី​ឲ្យ​ឡុង ​សំណាង​ ស្មើ ដោយ​គ្មាន​ភាគី​ណា​តវ៉ា​នោះ​ឡើយ​។​

លោក ចាន់ ​សុទ្ធ​ ស្នងការ​ប្រកួត​បាន​​ប្រាប់​ថា៖ ​«​គូ​នេះ​ឲ្យ​ស្មើ​សម​ណាស់​ ​ព្រោះ​ដើម​ទឹក ​ឡុង ​សំណាង​ មាន​ប្រៀប​ ប៉ុន្តែ​នៅ​ចុង​ទឹក​កីឡាករ​ថៃ Rong ​Napha មាន​ប្រៀប​វិញ។ ​ឡុង សំណាង​ ខាង​កម្ពុជា​យើង​វ៉ៃ​បាន​​ពិន្ទុ​ល្អ​ជាង​ គ្រាន់​តែ​គេ​​មាន​ចំណុច​ខ្សោយ​ គឺ​ដួល​ញឹកញាប់​ពេក​ដោយ​ក្បាច់​កាច់​ផ្តួល​របស់​កីឡាករ​​ថៃ​​ ហើយ​ជា​ធម្មតា​ទេ​ ម្ចាស់​ផ្ទះ​អាច​នឹង​មាន​ប្រៀប​ជាង​ខ្លះ​ផង​ដែរ ហេតុ​នេះ​ការ​ឲ្យ​ស្មើ​គ្នា គឺ​ជា​រឿង​ល្អ​»​៕​​