ភ្នំពេញ៖ គ្រូបង្វឹក និងជាអ្នកគ្រប់គ្រងក្លិបប្រដាល់ប៉ែនកាក់គុនខ្មែរ លោក ស៊ន អេលីត បានសម្តែងការសប្បាយរីករាយចំពោះជ័យជម្នះរបស់ អេលីត សាន់ ដោយបានឈ្នះប្រាក់លានដូចបំណង ប៉ុន្តែនៅក្នុងការអបអរដល់ជោគជ័យនេះ បែរជាកើតហេតុការណ៍ដ៏អាក្រក់មួយ គឺសិស្សរួមក្លិប អេលីត លីម៉ី បានជួបគ្រោះថ្នាក់ឆក់ខ្សែភ្លើងធ្លាក់ពីលើផ្ទះ និងបានស្លាប់ ក្រោយពីគ្រូពេទ្យមិនអាចជួយសង្គ្រោះបាននៅយប់ថ្ងៃអាទិត្យនោះ។
ការប្រកួតដណ្តើមប្រាក់លាននៅលើសង្វៀនថោនកាលពីយប់ថ្ងៃអាទិត្យនោះ អេលីត សាន់ ពិតជាធ្វើបានល្អ ដើម្បីសម្រេចការសងសឹកលើ បាង កាយ៉ាក។ ទោះបីជា ការបុកជង្គង់ចូលពេញរបស់ កាយ៉ាក ធ្វើឱ្យ សាន់ ចុកឆ្អល់ និងត្រូវបានអាជ្ញាកណ្តាលរាប់នៅចុងទឹកទី១ ប៉ុន្តែការព្យាយាមវាយប្តូរយ៉ាងខ្លាំងក្លា ពិសេសកណ្តាប់ដៃវាយចូលធ្ងន់ៗរបស់ សាន់ បានធ្វើឱ្យ កាយ៉ាក គាំង និងវង្វេង ត្រូវអាជ្ញាកណ្តាលរាប់ចំនួន ២ លើក នៅក្នុងទឹកទី៣។
នៅក្រោយការប្រកួតនេះ អេលីត សាន់ ត្រូវបានចៅក្រមទាំង ៥រូប ដាក់ពិន្ទុឱ្យឈ្នះ បាង កាយ៉ាក ដោយឯកច្ឆន្ទ និងបានឡើងទៅជួប ជ័រ ពៅ នៅវគ្គផ្តាច់ព្រ័ត្រ ហើយដោយសារ ជ័រ ពៅ ដែលមានរបួសជើងស្រាប់ ពេលរូបគេបានផ្តួល ស៊ន រ៉ាគីម ឱ្យសន្លប់នៅទឹកទី២ ក្នុងវគ្គជម្រុះនោះ គឺរូបគេបានចុះចាញ់នៅត្រឹមទឹកទី១ បន្ទាប់ពី អេលីត សាន់ បានទាត់ស្តាំចំរបួសចាស់ភ្លៅខាងស្តាំ បណ្តាលឱ្យដួលដេកក្រោកលែងរួចនោះ។
យ៉ាងណាក៏ដោយ នៅក្រោយបានប្រាក់រង្វាន់ ៣,៤ លានរៀល ចំពោះការឈ្នះជើងឯកនេះ អេលីត សាន់ បានវិលត្រឡប់ទៅដល់ក្លិប ដោយបម្រុងរៀបចំពិធីជប់លៀងជូនមិត្ត និងកីឡាករក្នុងក្លិបជាមួយគ្នា ប៉ុន្តែជាអកុសល ក្នុងពេលនោះ គឺសិស្សប្អូនរបស់គេ អេលីត លីម៉ី បានឆក់ខ្សែភ្លើង និងជួបគ្រោះដល់ស្លាប់ ធ្វើឱ្យពិធីនេះ ក្លាយទៅជាទុក្ខសោកទៅវិញ។
លោក ស៊ន អេលីត និយាយថា៖ «សិស្សក្នុងក្លិបទាំងអស់សប្បាយចិត្ត ពេលដែល អេលីត សាន់ ដណ្តើមបានជ័យជម្នះ ហើយខ្ញុំបានអនុញ្ញាតឱ្យមានពិធីជប់លៀងតូចមួយនៅក្នុងក្លិប ដើម្បីអបអរ និងលើកទឹកចិត្ត ប៉ុន្តែជាអកុសលកីឡាករសិស្សប្អូន អេលីត លីម៉ី ដែលបានឡើងទៅសំអាតទីកន្លែងលើដំបូលនោះ ស្រាប់តែជួបបញ្ហាឆក់ខ្សែភ្លើង និងធ្លាក់មក។ យើងបានបញ្ជូនគាត់ ទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ តែមិនអាចជួយបាន គឺបានស្លាប់ក្នុងយប់ថ្ងៃអាទិត្យនោះ»។
បងប្រុសរបស់វីរកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី រូបនេះ បានបន្តថា យើងមានការរន្ធត់ចិត្តអាណិតអាសូរក្រៃលែង ដោយមិននឹកស្មានថា មានរឿងចៃដន្យកើតឡើងយ៉ាងដូច្នេះសោះ ហើយសពរបស់ អេលីត លីម៉ី ត្រូវបានដឹកទៅធ្វើបុណ្យនៅស្រុកកំណើត ស្ថិតក្នុងភូមិព្រែកក្របៅទី១ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ស៊ន អេលីត ដែលកំពុងនៅក្នុងរោងបុណ្យសពបានឱ្យដឹងទៀតថា អេលីត លីម៉ី មានឈ្មោះក្នុងបញ្ជីជាតិ មាស លីម៉ី មានស្រុកកំណើតដូចខាងលើ ហើយបានចូលហ្វឹកហាត់ក្នុងក្លិបប៉ែនកាក់គុនខ្មែរជាមួយលោកបានប្រហែល ២ ឆ្នាំ ដោយធ្លាប់ឡើងប្រកួតប្រហែល ៣០ ដង។ អេលីត លីម៉ី ជាកីឡាករឆ្នើមវ័យក្មេង មានអាយុ ១៨ ឆ្នាំ មានអត្តចរិតល្អ ហ្វឹកហាត់ និងគោរពវិន័យបានល្អ។
គ្រូបង្វឹករូបនេះបញ្ជាក់ថា៖ «ខ្ញុំមានការសោកស្តាយណាស់ ព្រោះជារឿងមិននឹកស្មានដល់ថា ជួបគ្រោះថ្នាក់បែបនេះ។ ទាំងខ្ញុំ និងកីឡាករ ព្រមទាំងថ្នាក់ដឹកនាំ កំពុងជួយខ្នះខ្នែងធ្វើបុណ្យតាមប្រពៃណី និងចូលរួមរំលែកទុក្ខក្រុមគ្រួសារ»។ ចំណែកប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក តែម ម៉ឺន មិនអាចទំនាក់ទំនងបាន ចំពោះគ្រោះថ្នាក់ជាយថាហេតុនេះ ព្រោះទូរស័ព្ទលោកគ្មានអ្នកទទួល៕