ភ្នំពេញ៖ ​ការ​​ចាញ់ ​​ទាំង​​មិន​អស់​ចិត្ត​សម្រាប់​​ការ​ប្រកួត​​វគ្គ​ផ្តាច់ព្រ័ត្រ​​ដណ្តើម​ប្រាក់​ចំនួន ​៣,៤ ​លាន​រៀល​ កន្លង​មក អេលីត​ សាន់​ បាន​​សុំ​ឱ្យ​សង្វៀន​ថោន​ ​រៀបចំ​ឱ្យ​រូប​គេ​បាន​ប្រកួត​សងសឹក​ បាង កាយ៉ាក ឡើង​វិញ​ ហើយ​​តប​នឹង​សំណើ នេះ​គណៈកម្មការ​ប្រចាំ​សង្វៀន​បាន​សម្រេច​ដាក់​ជូន​ហើយ​នៅ​សប្តាហ៍​នេះ ​ដើម្បី​សងសឹក​ក្នុង​កម្មវិធី​ដដែល​នេះ​​។​

ជាមួយ​គ្នា​នេះ ​អេលីត សាន់ ​មហិច្ឆតា​ធំ​ ​​ចង់​ផ្តួល​ ឬ​ជម្រះ​បញ្ជី​ឱ្យ​អស់​មន្ទិល ជាមួយ បាង កាយ៉ាក ព្រោះ​​ការ​ផ្តល់​ពិន្ទុ​ឱ្យ​ចាញ់​ ៥-០ លើក​មុន ពី​​សំណាក់​ចៅក្រម​ទាំង ៥ ​រូប​នោះ បាន​​ធ្វើ​ឱ្យ​​រូប​គេ​មាន​ការ​​ខក​ចិត្ត​​ខ្លាំង​ និង​មិន​អស់​ចិត្ត អ៊ីចឹង​លើក​​នេះ គណៈកម្មការ​បាន​ផ្គូផ្គង​នូវ​សមាសភាព​កីឡាករ ​២ ​នាក់​បន្ថែម​ ដើម្បី​ឱ្យស្រប​ទៅ​តាម​រូបមន្ត ​គឺ​កីឡាករ ​ជ័រ​ ពៅ​ និង​ ​ស៊ន ​រ៉ាគីម​។​

បើ​ទោះបី​ជា​ការ​ប្រកួត​នេះ តម្រូវ​ឱ្យ​អ្នក​ទាំង ​៤ ធ្វើ​ការ​ចាប់​ឆ្នោត​មុន​ការ​ប្រកួត ដែល​មិន​ទាន់​ដឹង​ថា អ្នក​ណា​ ត្រូវ​ប៉ះ​ជាមួយ​អ្នក​ណា​នៅ​វគ្គ​ជម្រុះ ដើម្បី​រក​អ្នក​ឈ្នះ ​២ នាក់ ឡើង​ទៅ​ជួបគ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ប៉ុន្តែ​ ​សាន់ ​មាន​បំណង​ចង់​ផ្តួល ​​កាយ៉ាក​ ឱ្យ​ធ្លាក់​ចេញ​ពី​កម្មវិធី​ ទោះ​ជា​ជួប​គ្នា​ក្នុង​វគ្គ​ណា​​ក៏​ដោយ​។

អេលីត ​សាន់ ប្រាប់​ថា​៖ «​ការ​ចាញ់​លើក​មុន ​​ធ្វើ​ឱ្យ​ចិត្ត​ខ្ញុំ​មិន​ស្ងប់​ ​ព្រោះ​ការ​ផ្តល់​ពិន្ទុ​ពី​ចៅក្រម ​៥-​០ ​មិន​សមសោះ​ ដ្បិតអី​​ខ្ញុំ​ប្រឹង​វ៉ៃ​ប៉ុណ្ណឹង​ដែរ ម៉េច​​អត់​បាន​ពិន្ទុ​សោះ​អ៊ីចឹង​។​ ខ្ញុំ​មិន​តវ៉ា​ចំពោះ​លទ្ធផល​ចាញ់​ទេ ​ប៉ុន្តែ​សុំ​ប្រកួត​សងសឹក​វិញ ​ដើម្បី​ជម្រះ​មន្ទិល​ និង​យក​ប្រាក់​រង្វាន់​»។

កីឡាករ​រូប​នេះ បាន​បញ្ជាក់​​ថា​៖ «​អ្វី​ដែល​សំខាន់​ គឺ​លើក​នេះ​បើ​ចាប់​ឆ្នោត​ប៉ះ​គ្នា​វគ្គ​ជម្រុះ​ ឬ​វគ្គ​ផ្តាច់​ព្រ័ត្រ ​គឺ​ខ្ញុំ​​មាន​បំណង​ចង់​ផ្តួល​ ​បាង ​កាយ៉ាក ​ឱ្យ​ចុះចាញ់​ដែរ​។ ​ចំពោះ​ ​ស៊ន ​រ៉ាគីម ​និង ​ជ័រ ​ពៅ​ ​ក៏​ជា​ជើង​ខ្លាំង​ដូច​គ្នា​ អ៊ីចឹង​ការ​ចាញ់​ឈ្នះ​ ខ្ញុំ​មិន​សោកស្តាយ​ទេ ​ប៉ុន្តែ​ខ្ញុំ​​ពិត​ជា​ចង់​ជួប បាង​ កាយ៉ាក ​ដើម្បី​ឱ្យ​មហាជន​ដឹង​ថា ​អ្នក​ណា​មាន​សមត្ថភាព​ឈ្នះ​ពិត​ប្រាកដ ​ដោយ​មិន​អាង​លើ​ខ្សែ»​។​

ចំណែក​លោក​ ស៊ន ​អេលីត ជា​គ្រូ​បង្វឹក​និយាយ​ថា​៖ «​លើក​នេះ​ ខ្ញុំ​មាន​សង្ឃឹម​ឈ្នះ ​៧០ ភាគរយ ​ព្រោះ​ហ្វឹក​ហាត់​ត្រៀម​បាន​ល្អ​ ​ពិសេស​ការ​ចាញ់​លើក​មុន ​ធ្វើ​ឱ្យ អេលីត សាន់ ចង់​សងសឹក​ខ្លាំង ចំណែក​ខ្ញុំ​គិត​ថា​ ការ​ឱ្យ​ចាញ់​មុន​នោះ ​មិន​សូវ​សម​ ព្រោះ​ដូច​ជា​ប្រហាក់​ប្រហែល​គ្នា ​ហើយ​ការ​វាយ​សម្រុក ​ដោយ​កណ្តាប់​ដៃ​ធ្ងន់ៗ​របស់​ ​សាន់​ ធ្វើ​ឱ្យ ​បាង ​កាយ៉ាក ​ដួល​ច្រើន​លើក​ទៀត​ ប៉ុន្តែ​លទ្ធផល​ពិន្ទុ ​បែរ​ជា ​​សាន់​ ចាញ់​រហូត​ដល់​ ៥​-​០ គឺ​​ដូច​ជា​មិន​អស់​ចិត្ត​។​

ចំពោះ​​កីឡាករ បាង​ កាយ៉ាក​ បាន​​ប្រាប់​ថា​៖ «​ខ្ញុំ​ហ្វឹកហាត់​ត្រៀម​ល្អ​ ប៉ុន្តែ​ការ​ឈ្នះ ​ឬ​ចាញ់ ​មិន​ទាន់​ហាន​និយាយ​ទេ​ ​ព្រោះ ​អេលីត​ សាន់​ កណ្តាប់​ដៃ​ធ្ងន់ៗ ​និង​វាយ​សន្ធាប់​ខ្លាំង​។ ​ខ្ញុំ​សង្ឃឹម​ឈ្នះ​ ​៥០ ​ភាគរយ ​និង​មាន​ការ​ព្រួយ​បារម្ភ ​ដោយសារ​តែ​កម្លាំង​គេ ​៣ ​ទឹក​ ទំនង​ជា​ល្អ​ជាង​ខ្ញុំ​ ហើយ​ខ្ញុំ​នឹង​ប្រើ​បច្ចេកទេស​ជង្គង់​ទប់ទល់​ និង​ដក​ថយ​»។​

ចំណែក​លោកស្រី​ សុម៉ាលី ​ប្រពន្ធ​ អេ​ ភូថង ​និង​ជា​អ្នក​គ្រប់គ្រង ​បាង ​កាយ៉ាក​ និយាយ​ថា​៖ «​បាង​ កាយ៉ាក​ កំពុង​ហ្វឹកហាត់ ​គោរព​វិន័យ​បាន​ល្អ​ ហើយ​ខ្ញុំ​មិន​ហ៊ាន​ទស្សន៍ទាយ​មុន​ទេ ​ចាំ​មើល​ទៅ​។​ ​ទោះ​ជា​យ៉ាង​ណា​ យើង​​​មិន​ប្រាកដ​ថា​ ​កីឡាករ ​អេលីត ​សាន់ ​និង ​បាង ​កាយ៉ាក​ បាន​ចាប់​ឆ្នោត​ប៉ះ​ប្រកួត​គ្នា​ ឬ​អត់​នោះ​ទេ​ គឺ​​ចាំ​មើល​ជាក់​ស្តែង​ទៅ»​។​

ជាមួយ​គ្នា​នេះ លោក​ ជួប ​វុត្ថា ​អ្នក​គ្រប់គ្រង​សមាសភាព​កីឡាករ​ប្រចាំ​សង្វៀន​ថោន​​និយាយ​ថា​៖ «​តាម​រូបមន្ត​ប្រកួត ​ពួក​គេ​ត្រូវ​បាន​ចាប់​ឆ្នោត ​ប៉ុន្តែ​បើ​មើល​តាម​សមត្ថភាព​របស់​កីឡាករ​ទាំង ​៤ ​រូប​លើក​នេះ​ ត្រូវ​បាន​គណៈកម្មការ​ផ្គូផ្គង​វាយ​តម្លៃ​ជា​ទូទៅ​ថា ​មាន​កម្រិត​បច្ចេកទេស​ល្អ​ម៉្យាង​ម្នាក់ ​ហើយ​អាច ​និង​ចាញ់ ​ឬ​ឈ្នះ​គ្នា​ សុទ្ធ​តែ​ឆ្លង​កាត់​ប្រកួត​តឹងតែង​ដូច​គ្នា។ ទោះ​យ៉ាង​ណា គូ​​ប្រកួត​ដែល​មហាជន​ចង់​តាមដាន​ និង​ទស្សនា​ខ្លាំង​ជាង​គេ ​គឺ ​អេលីត ​សាន់ ​ប្រកួត​សងសឹក ​បាង ​កាយ៉ាក​។ ​រីឯ ​ស៊ន ​រ៉ាគីម ​និង ​ជ័រ ​ពៅ​ ក៏​ជា​ជើង​ខ្លាំង​ មាន​សមត្ថភាព​បច្ចេកទេស​​ប្រកួត​ សុទ្ធ​តែ​ទាក់ទាញ​បំផុត»​៕​