ក្រុង​កៀវ​: ១ ​គ្រាប់​របស់​កីឡាករ​បម្រុង Viktor Tsygankov ជួយ​ឱ្យ​ក្រុម​ជម្រើស​ជាតិ​អ៊ុយក្រែន​ឈ្នះ ១-០ លើ​​អេស្ប៉ាញ ទាំង​មិន​គួរ​ឱ្យ​ជឿ នៅ​ផ្ទះ​ខ្លួន​ឯង អំឡុង​ការ​ប្រកួត​ទី ៤​ ក្នុង​កម្មវិធី Nations League នា​ក្រុង​កៀវ កាល​ពី​ថ្ងៃ​អង្គារ​។

កីឡាករ​វ័យ ២២ ឆ្នាំ របស់​ក្រុម​ Dynamo Kiev ត្រូវ​បាន​គ្រូ​បង្វឹក​របស់​​អ៊ុយក្រែន​លោក Andriy Shevchenko ដាក់​ឱ្យ​លេង​មិន​ប៉ុន្មាន​នាទី​ផង ក៏​មាន​ឱកាស​ទទួល​បាន​បាល់បោះ​ទម្លុះ​របស់ Andriy Yarmolenko ហើយ​ស៊ុត​ផុត​ដៃ​អ្នក​ចាំទី​ David de Gea ដែល​ឡើង​ជ្រុល​ បញ្ចូល​ទី​បាន​យ៉ាង​ល្អ​នៅ​នាទី​ទី​៧៦​​​។

វា​ជា​លទ្ធផល​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ ក្រោយ​អេស្ប៉ាញ​ដែល​​មិន​ចាញ់​តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ ​២០១៨ មក បាន​យក​ឈ្នះ​ ៤-០ ពេល​ក្រុម​ទាំង ២ ជួប​គ្នា​នៅ​ក្រុង​ម៉ាឌ្រីដ កាល​ពី​ខែ​មុន ហើយ​អ៊ុយក្រែន​ឥឡូវ​នេះ តាម​ក្រុម​របស់​លោក Luis Enrique តែ ១ ពិន្ទុ​ ក្នុង​គ្រុប​ទី៤ នៅ​ League A​។

ជាមួយ​នឹង​ការ​ប្រកួត​នៅ​សល់​តែ ២ ​លើក​ទៀត ក្រុម​អេស្ប៉ាញ កំពុង​ឈរ​ទីកំពូល​តារាង ដោយ​មាន ៧ ពិន្ទុ ពោល​គឺ​មាន ១ ពិន្ទុ​ នាំ​មុខ​ក្រុម​លេខ ២ អាល្លឺម៉ង់ និង​លេខ ៣ អ៊ុយក្រែន ខណៈ​ស្វ៊ីស នៅ​បាត​តារាង​មាន ២ ពិន្ទុ​។

វា​ជាការ​វិល​ត្រឡប់​គួរ​ឱ្យ​ខក​ចិត្ត​សម្រាប់​ប្រទេស​អេស្ប៉ាញ ​មក​កាន់​កីឡដ្ឋាន ដែល​ពួក​គេ​បាន​បំបាក់​​អ៊ីតាលី ៤-០ កាល​ពី​ព្រឹត្តិការណ៍ Euro 2012 ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ ខណៈ​ក្រុម​មាន​​រហស្ស​នាម​​​ថា «គោជល់» បំប៉ោង​សំណាញ់​ទី​បាន​តែ ១ គ្រាប់​គត់ សម្រាប់​ការ​ប្រកួត ៣ ​លើក​ចុង​ក្រោយ ក្នុង​ខែ​នេះ​។

ដោយ​ត្រូវ​រិះគន់​ជា​ញឹកញាប់​ពី​ទម្រង់​របស់​ខ្លួន ពេល​ឈរ​ចាំ​បង្គោល​ទី​ឱ្យ​ក្រុម Manchester United កីឡាករ De Gea នឹង​ត្រូវ​ប្រឈម​​ការ​ពិចារណា​​ពី​តំណែង​របស់​គេ​នា​ពេល​នេះ ក្នុង​ក្រុម​ជម្រើស​ជាតិ ហើយ​ការ​ប៉ះ​អាល្លឺម៉ង់ ខែ​ក្រោយ​ក្នុង​ផ្ទះ​ខ្លួន​ឯង គឺ​សំខាន់​ណាស់ ព្រោះ​វា​អាច​សម្រេច​ថា ក្រុម​ណា​បាន​ឆ្លង​ទៅ​វគ្គ ៤ ក្រុម​ចុង​ក្រោយ​។

តែ​លោក Enrique ​មិន​យល់​ស្រប​នឹង​ការ​រិះគន់​នេះ​​ ដោយ​​​និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​​ថា​៖ «អ្នក​អាច​និយាយ​អ្វី​ច្រើន​ជាង​នេះ​ក៏​បាន តែ​ការ​បន្ទោស​ De Gea ​គឺ​ជា​មារយាទ​មិន​ល្អ​ស្រេច​ទៅ​ហើយ​។ ប្រសិន​បើ De Gea ត្រូវ​បាន​ស្ដី​បន្ទោស សម្រាប់​ការ​ប្រកួត​ដូច​នេះ​ បិទ​ម៉ៃក្រូហ្វូន ហើយ​ពួក​យើង​បែក​គ្នា​តែ​ម្ដង​»​៕ AFP/VN