ក្រុង​ប៉េកាំង៖ ក្រុម​ជម្រើស​ជាតិ​បាល់​បោះ​​អេស្ប៉ាញ​​បាន​ទទួល​ជ័យជម្នះ​ទៅ​លើ​​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ក្នុង​លទ្ធផល​ ៩៥-៧៥​ ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ World Cup កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​ទី​ក្រុង​ប៉េកាំង ​ប្រទេស ​ចិន​។​

ក្រុម​អេស្ប៉ាញ​មាន​កីឡាករ​ Ricky Rubio ដែល​លេង​នៅ​ក្រុម​បាល់​បោះ​ Phoenix Suns នោះ​គឺ​ជា​កីឡាករ​ជើង​ចាស់​មាន​បទពិសោធ​ច្រើន​ក្នុង​ការ​បង្ហាញ​ខ្លួន​អន្តរជាតិ ​និង​ក្នុង​លីក​​ផង​ដែរ​ ហើយ​កីឡាករ​នេះ​បាន​ចាត់​ទុក​ជម្រើស​ជាតិ​អេស្ប៉ាញ​ថា​ជា «​គ្រួសារ​មួយ​»។​

លោក Sergio Scariolo ​ជា​គ្រូ​បង្វឹក​អេស្ប៉ាញ​ និង​ជា​ជំនួយ​ការ​របស់​ម្ចាស់​ជើង​ឯក​ពាន​រង្វន់​សមាគម​បាល់​បោះ​ជាតិ​ (NBA) គឺ​​ក្រុម​បាល់​បោះ​កាណាដា​ Toronto Raptors នោះ​បាន​និយាយ​ថា៖ «​យើង​មិន​មែន​ជា​ក្រុម​ដែល​​មាន​កីឡាករ​​ខ្ពស់ ​និង​មាន​ទេព​កោសល្យ​ពេក​នោះ​ទេ​ ​ប៉ុន្តែ​យើង​បាន​ប្រឹងប្រែង​ហ្វឹកហាត់​ខ្លាំង​បំផុត​»។​​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «​ពួក​គេ​មិន​បាន​បាត់​បង់​ជំនឿ​ចិត្ត​ក្នុង​ខ្លួន​នោះ​ទេ ​ដូច្នេះ​ហើយ​បាល់​បោះ​នេះ​បាន​ផ្ដល់​រង្វាន់​ដល់​ពួក​គេ​»។​ 

ទន្ទឹម​នេះ​ដែរ​ ​ជម្រើស​ជាតិ​អាមេរិក​​មិន​អាច​បន្ត​ការ​រក្សា​ការ​គ្រង​តំណែង​​ជា​ម្ចាស់​ជើង​ឯក​​នៃ​ព្រឹត្តិការណ៍​នេះ​ទេ ​ដោយសារ​ពួក​គេ​បាន​ធ្លាក់​តាំង​ពី​វគ្គ ​៨ ​ក្រុម​ចុង​ក្រោយ​ ខណៈ​ក្រុម​មួយ​ចំនួន​រួម​ទាំង​សហរដ្ឋ​អាមេរិក​ដែល​​មិន​បាន​សម្រេច​បំណង​នៃ​ការ​ទទួល​បាន​ពាន​រង្វាន់​ពិភព​លោក​នេះ​កំពុង​សម្លឹង​មើល​ការ​ប្រកួត​អូឡាំពិក​ក្រុង​តូក្យូ​ឆ្នាំ ​២០២០​។​​

ម្ចាស់​មេដាយ​សំរឹទ្ធ​នៃ​ព្រឹត្តិការណ៍​ World Cup គឺ​ជម្រើស​ជាតិ​បារាំង​ និង​អូស្ត្រាលី ​ដែល​ស្ទើរ​តែ​មិន​បាន​មេដាយ​ក្នុង​ការ​ប្រកួត​នេះ​​ក៏​​នឹង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដ៏​សំខាន់​នៅ​ប្រទេស ​ជប៉ុន ​នេះ​ផង​ដែរ​៕ AFP/SN