ក្រុង​ប៉ារីស៖ Ferran Torres ធ្វើ​បាន​ហ៊ែតទ្រីក (ស៊ុត ៣ គ្រាប់) ពេល​ក្រុម​អេស្ប៉ាញ​ផ្ដល់​មេរៀន​យ៉ាង​ជូរ​ចត់​ដល់​​អាល្លឺម៉ង់​ឱ្យ​ជួប​នូវ​បរាជ័យ​ដ៏​សែន​អាម៉ាស់​លើក​ដំបូង ​ ក្នុង​រយៈពេល ៨៩ ​ឆ្នាំ ដោយ​​បំបាក់​ក្នុង​លទ្ធផល ៦-០ អំឡុង​ការ​ប្រកួត​នា​ក្រុង Seville កាល​ពី​ថ្ងៃ​អង្គារ ហើយ​លទ្ធផល​នេះ ធ្វើ​ឱ្យ​ក្រុម​របស់​លោក​ Luis Enrique ចូលរួម​ជាមួយ​ក្រុម​បារាំង​ឡើង​ទៅ​ជុំ​ចុង​ក្រោយ​នៃ​កម្ម​វិធី UEFA Nations League​។

ខ្សែ​បម្រើ​ប្រយុទ្ធ Torres របស់​ក្រុម Manchester City រូប​នេះ គឺ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជាង​គេ​សម្រាប់​ក្រុម​អេស្ប៉ាញ ដែល​លេង​បាន​យ៉ាង​ល្អ ខណៈ​អាល្លឺម៉ង់​យ៉ាប់​មែន​ទែន ហើយ​ក្រោយ​​ប្រកួត​នេះ ធ្វើ​ឱ្យ​មាន​ចម្ងល់​ជាច្រើន​ចំពោះ​អនាគត​របស់គ្រូ​បង្វឹក​អាល្លឺម៉ង់​លោក Joachim Loew ដែល​មាន​សម្ពាធ​​រួច​​ហើយ មុន​ប្រកួត​នេះ​ចាប់​ផ្ដើម​។​

«​នេះ​ជា​ថ្ងៃ​ដ៏​ខ្មៅ​ងងឹត​សម្រាប់​ពួក​យើង​»​។ នេះ​ជា​សម្ដី​​របស់​លោក Loew ក្រោយ​អាល្លឺម៉ង់​ចាញ់​យ៉ាង​ដំណំ​លើក​ទី១ គិត​តាំង​ពី​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​អូទ្រីស ក្នុង​លទ្ធផល​បែប​ហ្នឹង​កាល​ពី​ឆ្នាំ ​១៩៣១​។

អាល្លឺម៉ង់​ចាប់​ផ្ដើម​ធ្វើ​ការ​ប្រកួត​ចុង​ក្រោយ​ ដោយ​​ឈរ​ទី​កំពូល​ក្នុង​គ្រុប​ទី៤ នៃ​លីគ​ A ពោល​គឺ​នាំ​មុខ​​អេស្ប៉ាញ ១ ពិន្ទុ ដូច្នេះ ពួក​គេ​ត្រឹមតែ​​ស្មើ​សម្រាប់​ប្រកួត​នៅ​​កីឡដ្ឋាន La Cartuja នោះ​នឹង​បាន​ឆ្លង​ទៅ​ជុំ​ចុង​ក្រោយ​​នៃ​ព្រឹត្តិការណ៍​នៅ​ខែ​តុលា ឆ្នាំ​ក្រោយ​បាន​ហើយ​។

តែ​ក្ដី​សង្ឃឹម​របស់​អាល្លឺម៉ង់​ត្រូវ​បាត់​បង់​ ពេល Alvaro Morata, Torres, Rodri និង Mikel Oyarzabal រួម​គ្នា​បំប៉ោង​​សំណាញ់​ទី ទាំង​វគ្គ​ទី១ និង​ទី២ រហូត​ដល់​ទៅ ៦ គ្រាប់​ ខណៈ​ចំនួន​គ្រាប់​បាល់​ហ្នឹង បង្ហាញ​ថា តំបន់​ការពារ​នៅ​តែ​ជា​បញ្ហា​ធំ​របស់​អាល្លឺម៉ង់​។

ពេល​នេះ​អាល្លឺម៉ង់ មាន​ពេល​ជា​ច្រើន​ខែ ដើម្បី​រៀន​សូត្រ​ពី​បរាជ័យ​ដ៏​ធ្ងន់​នេះ មុន​ចាប់​ផ្ដើម​យុទ្ធនាការ​វគ្គ​ជម្រុះ World Cup 2022 នៅ​ខែ​មីនា ហើយ​បន្ទាប់​មក​ព្រឹត្តិការណ៍ Euro 2020 ដែល​ត្រូវ​លើក​ទៅ​ខែ​មិថុនា និង​កក្កដា ឆ្នាំ​ក្រោយ​។

ក្នុង​ពេល​ជាមួយ​គ្នា អេស្ប៉ាញ​ក្លាយ​ជា​ក្រុម​ទី២ ដែល​បាន​ឡើង​ទៅ​ជុំ​ចុង​ក្រោយ​នៃ​កម្មវិធី Nations League បន្ទាប់​បារាំង ដណ្ដើម​បាន​កៅអី​នេះ ដោយ​ការ​យក​ឈ្នះ​ក្រុម​ជើងឯក​ចាស់​ព័រទុយហ្គាល់​កាល​ចុង​សប្ដាហ៍​កន្លង​មក​។

គ្រូបង្វឹក​អេស្ប៉ាញ លោក Enrique ​ប្រាប់​ថា​៖ «​វាជា​ការ​ប្រកួត​មួយ ក្នុង​ចំណោម​ការ​ប្រកួត​សម្បូរ​បែប និង​ល្អ​បំផុត​របស់​ក្រុម​​អេស្ប៉ាញ​»​។

សម្រាប់​ក្រុម​បារាំង​ឯ​ណោះ​វិញ ​ទោះ​ជា​បាន​ឡើង​ទៅ​ជុំ​ចុង​ក្រោយ​ហើយ​យ៉ាង​ណា​ក្ដី ក៏​មិន​បាន​បន្ធូរ​ជើង​ឱ្យ​​ស៊ុយអែត​ដែរ ដោយ​ប្រឹងប្រែង​វាយ​បក​ពី​ការ​នាំ​មុខ​របស់​ក្រុម​គូ​ប្រជែង រហូត​ដណ្ដើម​បាន​ជ័យ​ជម្នះ ៤-២ ខណៈ​កីឡាករ​ Olivier Giroud លេច​ធ្លោ​ជាមួយ​នឹង​ការ​បន្ត​ធ្វើ​កំណត់ត្រា​ស៊ុត​បញ្ចូល​ទី​ក្នុង​ក្រុម​ជម្រើស​ជាតិ​។

ទោះ​មាន​វ័យ ៣៤ ​ឆ្នាំ​ក្ដី ​ តែ​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម Chelsea នៅ​តែ​ជា​កីឡាករ​សំខាន់​របស់​បារាំង ហើយ​សម្រាប់​ប្រកួត​ចុង​ក្រោយ​នៅ​កីឡដ្ឋាន Stade de France ក្នុង​គ្រុប​ទី៣ ​លីគ A នេះ រូប​គេ​រក​បាន ២ គ្រាប់​បន្ថែម​​ពី​លើ​គ្រាប់​បាល់​របស់ Benjamin Pavard និង​ Kingsley Coman។

ឥឡូវ​នេះ Giroud មាន ៤៤ គ្រាប់ ក្នុង​កំណត់ត្រា​របស់​ក្រុម ​រហស្សនាម «Les Bleus» ដោយ​នៅ​ពី​លើ​អតីត​កីឡាករ លោក Michel Platini ដែល​មាន ៤១ ​គ្រាប់ និង​ពី​ក្រោម​កីឡាករ​ចូល​និវត្តន៍ Thierry Henry ដែល​​រក​បាន​ច្រើន​ជាង​គេ ៥១ គ្រាប់​៕ AFP/VN