ភ្នំពេញ៖ ​អតីត​កីឡាករ​ជើង​ខ្លាំង អេ ភូថង ដែល​​កំពុង​មាន​ជំងឺ​ជាប់​ខ្លួន ហើយ​បាន​ប្រើ​ឈើ​ច្រត់​សម្រាប់​ជំនួយ​ដល់​​ការ​ដើរ​យឺតៗ​នោះ មាន​ការ​ជឿជាក់​ថា ម៉ឺន មេឃា កូន​ប្រុស​បង្កើត​របស់​លោក​បាន​ត្រៀម​ខ្លួន​រួច​រាល់​អស់​ហើយ ដើម្បី​ឡើង​ប្រកួត​ជាមួយ​ជើង​ខ្លាំង​របស់​ថៃ Link Loom វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​​យក​ខ្សែ​ក្រវាត់ និង​ប្រាក់​រង្វាន់ ​៦ ០០០ ​ដុល្លារ នៅ​លើ​សង្វៀន CNC នា​ព្រឹក​ថ្ងៃ​សៅរ៍​នេះ។

បើទោះ​បី​ជាមួយ​រយៈពេល​នេះ​ អេ ភូថង មិន​បាន​ចូលរួម​បង្វឹក​ ម៉ឺន មេឃា ដោយ​ផ្ទាល់​ដៃ ព្រោះ​លោក​មាន​ជំងឺ​ជាប់​ខ្លួន ប៉ុន្តែ​អតីត​ជើង​ខ្លាំង​គ្មាន​គូ​ប្រៀប​ប្រចាំ​នៅ​កម្ពុជា​រូប​នេះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ថា៖ ​«បើ​ទោះបី​ជា ខ្ញុំ​មិន​បាន​ទៅ​មើល និង​បង្វឹក​ដោយ​ផ្ទាល់​ក្ដី ប៉ុន្តែ​​ មេឃា ​បាន​ហាត់​ជាមួយ​ពូ​របស់​គេ និង​សិស្ស​ច្បង​ ​២ នាក់​ទៀត អ៊ីចឹង មេឃា បាន​ត្រៀម​ខ្លួន​ល្អ​ហើយ»។

នៅ​មុន​ការ​ឡើង​មក​ជួប​គ្នា នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ដើម្បី​ដណ្តើម​យក​ខ្សែ​ក្រវាត់ អម​ជាមួយ​ប្រាក់ ​៦ ០០០ ដុល្លារ សម្រាប់​អ្នក​លេខ ​១ និង​ ៣ ០០០ ​ដុល្លារ សម្រាប់​អ្នក​ចាញ់​នេះ មេឃា និង Link Loom សុទ្ធ​តែ​បាន​បង្ហាញ​ភាព​ខ្លាំង​រៀងៗ​ខ្លួន គឺ​ការ​ឈ្នះ​ទាំង ​៣ ​ប្រកួត​ជាប់​គ្នា ដើម្បី​​ទទួល​បាន​លេខ ​១​ ប្រចាំ​ក្រុម​ទី ​១ និង​ក្រុម​ទី ​២។

ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​ប្រចាំ​ក្រុម​ទាំង ​២ ​កន្លង​មក​នេះ ជើង​ខ្លាំង​វ័យ​ក្មេង ម៉ឺន មេឃា បាន​យក​ឈ្នះ​ថៃ Phit Nam Ek ​ដោយ​ពិន្ទុ ដើម្បី​ក្លាយ​ជា​ម្ចាស់​ជើងឯក​ប្រចាំ​​ក្រុម​​ទី ​១ ចំណែក Link Loom បាន​ឈ្នះ លន បញ្ញា ដោយ​ពិន្ទុ​ដាច់ ដើម្បី​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ប្រចាំ​ក្រុម​ទី ​២ ហើយ​ជ័យជម្នះ​នោះ បាន​ជួយ​ឲ្យ​​អ្នក​ទាំង ២ ​នេះ ទទួល​បាន​​​​ប្រាក់​រង្វាន់ ​៥០០ ​ដុល្លារ និង​ម៉ូតូ Zoomer X ១ គ្រឿង ដូច​គ្នា។

នៅ​ក្នុង​ការ​ប្រកួត​នោះ​ដែរ Link Loom ក៏​បាន​វាយ​កែង​បណ្តាល​ឲ្យ លន បញ្ញា ​ស្ទើរ​តែ​សន្លប់​ធំ ដែល​ត្រូវ​លោក​អាជ្ញា​កណ្តាល​រាប់​នៅ​ទឹក​ទី​ ២ ​ផង​ដែរ ហើយ​ជើង​ខ្លាំង​ម្នាក់​នេះ បាន​និយាយ​ក្រោយ​ឈ្នះ​ពិន្ទុ លន បញ្ញា ថា៖ ​«​សម្រាប់​ការ​ត្រៀម​ទៅ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ ដណ្តើម​យក​ខ្សែ​ក្រវាត់ ខ្ញុំ​នឹង​ប្រឹងប្រែង​ហ្វឹកហាត់​ឲ្យ​បាន​ខ្លាំង​ជាង​នេះ​ទៀត និង​ប្រឹង​ប្រែង​ដណ្តើម​យក​ជើងឯក​ឲ្យ​បាន​»។

យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​រំឭក​ទៅ​ដល់​ការ​ប្រកួត​របស់ Link Loom និង លន បញ្ញា លោក អេ ភូថង បាន​ធ្វើ​ការ​ប្រៀប​ធៀប និង​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖​ «​ខ្ញុំ​ទុក​ចិត្ត​លើ​កូន​របស់​ខ្ញុំ ព្រោះ​គេ​មាន​ផ្លែ​វ៉ៃ​ច្រើន​ជាង លន បញ្ញា។ បញ្ញា មាន តែ ​១ ផ្លែ​ទេ គឺ​វ៉ៃ​ជង្គង់ ចំណែក ម៉ឺន មេឃា ​អាច​វ៉ៃ​បាន​គ្រប់ ក្បាច់ និង​ចេញ​បាន​គ្រប់​ច្រក​ទាំង​អស់ ហេតុ​នេះ​ខ្ញុំ​រំពឹង​ឈ្នះ​ដល់ ​៧០ ​ភាគរយ»។

ជាមួយ​គ្នា​នេះ អេ ភូថង ក៏​នឹង​ទៅ​មើល​ការ​ប្រកួត​នេះ​ដោយ​ផ្ទាល់​ផង​ដែរ ទោះ​ខ្លួន​មិន​ទាន់​ដើរ​រួច​ដោយ​ខ្លួន​ឯង​ក្ដី។

អេ ភូថង បាន​បញ្ជាក់​ថា៖​ «យើង​អាច​នឹង​វ៉ៃ​ជា​ប្រយោល​ច្រើន ព្រោះ ​មេឃា មិន​ចូល​ចិត្ត​វ៉ៃ​កៀក​នោះ​ទេ ខណៈ​កីឡាករ​ថៃ គេ​មាន​ជំនាញ​ជង្គង់ និង​វាយ​កែង​ខ្លី​ផង​ដែរ អ៊ីចឹង​យើង​នឹង​វ៉ៃ​ដកៗ ហើយ​នៅ​ថ្ងៃ​​ប្រកួត ខ្ញុំ​ក៏​នឹង​ទៅ​មើល​ដោយ​ផ្ទាល់​ដែរ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​កូន ព្រោះ​នេះ​ជា​លើក​ដំបូង​ដែល មេឃា បាន​ឡើង​ដណ្តើម​ខ្សែ​ក្រវាត់​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ»៕