
កីឡាករកម្ពុជាលាភ រដ្ឋា (ឆ្វេង) ព្យាយាមទាត់ទៅលើកីឡាករថៃ Phat Ngeng Thong ក្នុងការប្រកួតកាលពីថ្ងៃអាទិត្យ។ យឺន ពន្លក
ភ្នំពេញ: កីឡាករប្រដាល់ចិត្តធំ អេ រដ្ឋា មកពីក្លិបអេភូថង បានឱកាសឡើងប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិឈ្នះកីឡាករថៃ Meung Phich ដោយប្រើស្នៀតទាត់ជើងក្រោម និងចេញស្នៀតកណ្តាប់ដៃ ដើម្បីបង្ខំឲ្យអាជ្ញាកណ្តាលរាប់ទៅលើដៃគូចំនួន ៣ លើក មុននឹងឈានទៅបញ្ឈប់ត្រឹមទឹកទី ៣ តែម្តង។
ឯកីឡាករលាភ រដ្ឋា មកពីក្លិបដីឡូត៍មានរិទ្ធខេត្តបន្ទាយមានជ័យ បានចាញ់ពិន្ទុកីឡាករជើងខ្លាំងថៃ Phat Ngeng Thong ដោយពិន្ទុដាច់ ក្រោយការប្រកួត ៥ ទឹកពេញកាលពីល្ងាចថ្ងៃអាទិត្យ នៅសង្វៀនអាស៊ីអាគ្នេយ៍។ តាមកំណត់សម្គាល់ កីឡាករអេ រដ្ឋា ពីមុនប្រើឈ្មោះម៉ន រដ្ឋា និងបានឡើងប្រកួតក្នុងទម្ងន់ ៥៤ ទៅ ៥៧ គីឡូក្រាមនៅក្លិបព្រែកឯងកីឡា ប៉ុន្តែ ដោយសារតែមានសមត្ថភាពខ្ពស់លំបាករកគូប្រកួតបាន រូបគេបានប្តូរឈ្មោះជា ថៃ រដ្ឋា និងផ្លាស់ទៅនៅក្លិបបន្ទាយមានជ័យជាមួយលោកថៃ អ៊ូ ដើម្បីស្វែងរកការប្រកួតជាមួយកីឡាករបរទេស។
ក្រោយមក គោលបំណងនេះត្រូវបរាជ័យដោយសារចាប់គូប្រកួតមិនបាន រូបគេក៏បានប្តូរទៅនៅក្លិបអេ ភូថង ដោយប្រើឈ្មោះ អេ រដ្ឋា ដើម្បីងាយស្វែងរកការប្រកួតអន្តរជាតិ។
កាលពីថ្ងៃអាទិត្យ អេ រដ្ឋា បានបង្ហាញនូវសមត្ថភាពល្អដោយចំណាយពេលតែ ៣ ទឹក ដើម្បីយកឈ្នះជើងខ្លាំងថៃ Meung Phich ដែលធ្លាប់ទប់ទល់ជាមួយ ពេជ្រ ម្ទេសខ្មាំង របស់កម្ពុជាបាន ៤ ទឹកដែរ។
លោកម៉ាង ម៉ន ដែលជាគ្រូដើម និងជាឱពុករបស់អេ រដ្ឋា បានទទួលស្គាល់ថា៖ «កាលនៅជាមួយខ្ញុំ មិនងាយចាប់គូបានប្រកួតទេ គឺលំបាក តែពេលនេះវាទៅនៅក្លិបគេ ស្រួលបន្តិចអាចមានឱកាសឡើងប្រកួតច្រើន»។
ចំណែកកីឡាករលាភ រដ្ឋា មកពីក្លិបដីឡូត៍មានរិទ្ធខេត្តបន្ទាយមានជ័យ ជាជើងខ្លាំងម្នាក់ដែរក្នុងទម្ងន់ ៥៧ គីឡូក្រាម ដោយធ្លាប់ឈ្នះជើងឯកពីសង្វៀនប៉ុស្តិ៍លេខ ៥ ក្នុងពានទីហ្វីកន្លងមក ប៉ុន្តែ ត្រូវបានជើងខ្លាំងរបស់ថៃ Phat Ngeng Thong វាយឡើងទ្រោមខ្លួន។
តាមសមត្ថភាពរបស់កីឡាករថៃ Phat Ngeng Thong មានតែម៉ន សាមេត,ពេជ្រ ម្ទេសខ្លាំង ឬសែន រ៉ាឌី ប៉ុណ្ណោះដែលមានសមត្ថភាពទប់ទល់ និងមានចាញ់មានឈ្នះខ្លះ ប៉ុន្តែក្រៅពីនេះគឺមិនមែនដៃគូរបស់គេ ដែលមានកម្រិតក្បាច់គុនប្រហាក់ប្រហែលគ្នានោះឡើយ។
ស្ថានភាពប្រកួតចំនួន ៥ ទឹក លាភ រដ្ឋា បានប្រឹងអស់ពីសមត្ថភាពដោយចេញកណ្តាប់ដៃច្រើន ប៉ុន្តែគ្មានប្រសិទ្ធភាពឲ្យ Phat Ngeng Thong ទ្រុឌទ្រោមកម្លាំងឡើយ ពីព្រោះក្បាច់ជង្គង់របស់កីឡាករថៃ រូបនេះល្អ ដោយបានបោះចូល គោលដៅចំល្អជាង។
ទោះបីជាយ៉ាងណា សម្រាប់ការប្រកួត៥ទឹកពេញ លាភ រដ្ឋា ត្រូវបានអាជ្ញាកណ្តាលរាប់ ៨ ចំនួន ២ លើក មុននឹងចាញ់យ៉ាងគ្រាំគ្រាខ្លួន។
លទ្ធផលគូជក់ចិត្តទម្ងន់ ៦៩ គីឡូក្រាម ១ គូទៀត កីឡាករចៅ ក្របី ដែលមកពីក្លិបព្រែកឯងកីឡា ដែលបានបាត់មុខយូរពីសង្វៀន ត្រូវទទួលរងក្បាច់ជង្គង់ពីកីឡាករជើងចាស់ធី តុងហ៊ី មកពីវិបុលពោធិ៍សែនជ័យ។ កីឡាករចៅ ក្របី បន្ទាប់ពីទទួលរងក្បាច់ជង្គង់ធ្ងន់ៗជាច្រើន ក៏បានសុំចុះចាញ់ត្រឹមទឹកទី ៤ ហើយជ័យជម្នះបានទៅកីឡាករធី តុងហ៊ី តែម្តង៕