The Phnom Penh Post Search

Search form

អ៊ីរ៉ាក់ ផ្តល់​ការខកចិត្ត​ដល់​វៀតណាម​ក្នុង Asian Cup

Content image - Phnom Penh Post
Ali Adnan (​ស្តាំ​) របស់​អ៊ីរ៉ាក់ ស៊ុត​បាល់​ពិន័យ Free-kick លើ​ក្រុម​វៀតណាម​។ AFP

អ៊ីរ៉ាក់ ផ្តល់​ការខកចិត្ត​ដល់​វៀតណាម​ក្នុង Asian Cup

ក្រុងអាប៊ុយដាប៊ី: ខ្សែបម្រើ Ali Adnan បាន​ស៊ុត​បាល់​ពិន័យ Free-kick ពី​ចម្ងាយ​ចូល​ទី​យ៉ាង​ល្អ ខណៈ​ដែល​អតីត​ក្រុម​ម្ចាស់​ជើងឯក​អ៊ីរ៉ាក់​បាន​វាយបក​តាម​ពី​ក្រោយ​ ២ ​លើក ដើម្បី​ផ្តួល​ក្រុម​ជម្រើសជាតិ​វៀតណាម​ក្នុង​លទ្ធផល ៣-២ ក្នុង​ព្រឹត្តិការណ៍ Asian Cup កាលពី​ថ្ងៃ​អង្គារ​។ វា​បាន​ក្លាយ​ជា​ថ្ងៃ​ដ៏ខកចិត្ត​មួយ​សម្រាប់​វៀតណាម​ក្នុង​រង​បរាជ័យ​នៅ​ទីក្រុង​អាប៊ុយដាប៊ី ប៉ុន្តែ មិន​មាន​លទ្ធផល​ផ្សេង​ដែល​អ៊ីរ៉ាក់​ស័ក្តិសម​ក្នុង​ការទទួល​បាន​ឡើយ​សម្រាប់​ការប្រកួត​ដ៏ស្វិតស្វាញ​នេះ​ក្រោយពី​កីឡាករ Humam Tareq បាន​ជួយ​ឲ្យ​ពួកគេ​រក​បាន​គ្រាប់​បាល់​តាម​ស្មើ​នៅ​នាទី​ទី​ ៦០​។

លោក Srecko Katanec បាន​ឲ្យ​ដឹង​ថា​៖ «​ការបង្ហាញ​ពី​ទម្រង់​លេង​ក្នុង​តង់​ទី​ ១ ពិតជា​មិន​ល្អ​ឡើយ​។ យើង​មិន​បាន​បង្ហាញ​ពី​អ្វី​ដែល​យើង​បាន​ធ្វើ​ក្នុង​ពេល​ហ្វឹកហាត់​ឡើយ​ពោល​គឺ​គ្មាន​ថាមពល គ្មាន​ការលេង​ជា​បុគ្គល​។ វា​ប្រហែល​ជា​ការ​រំជួលចិត្ត​ក្នុង​ការ​ប្រកួត​ទី​ ១ ខណៈ​ដែល​កីឡាករ​បាន​ធ្លាក់​ចូល​ក្នុង​សម្ពាធ​បន្តិច​»​។ គ្រូបង្វឹក​សញ្ជាតិ​ស្លូវេនី​រូប​នេះ​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​បាន​ដឹង​ថា​វា​នឹង​ក្លាយ​ជា​ការប្រកួត​ដ៏តានតឹង​។ ប៉ុន្តែ​រឿង​ដ៏សំខាន់​បំផុត​នោះ​គឺ​ការរក​បាន​ ៣ ​ពិន្ទុ​»​។

ក្រុម​ជំនាន់​មាស​របស់​វៀតណាម​បាន​រក​គ្រាប់​បាល់​នាំ​មុខ​មុន ក្រោយពី​លេង​បាន​ ២៤ ​នាទី​ក្នុង​ការប្រកួត​ពូល D នៅ​ទីក្រុង​អាប៊ុយដាប៊ី ក្រោយពី​ខ្សែ​ការពារ Ali Faez ហាក់​ស្ថិត​ភិតភ័យ​ក្រោម​សម្ពាធ​ពី Nguyen Cong Phuong និង​បាន​បញ្ជូន​បាល់​ថយ​ផុត​ជើង​អ្នកចាំទី Jalal Hassan Hachim ចូល​ទី​ខ្លួនឯង​។

អ៊ីរ៉ាក់​ដែល​បាន​បង្កើត​ការភ្ញាក់ផ្អើល​ដើម្បី​ឈ្នះ​ពាន Asian Cup ក្នុង​ឆ្នាំ​ ២០០៧ ​នោះ​បាន​តាម​ស្មើ​វិញ​ក្នុង​រយៈពេល​ ១០ ​នាទី​ក្រោយ​តាមរយៈ​កីឡាករ Mohanad Ali មុន​នឹង Cong Phuong បាន​រក្សា​ការនាំ​មុខ​របស់​ក្រុម​វៀតណាម នៅ​រយៈពេល​ ៣ ​នាទី​ចុងក្រោយ​នៃ​តង់​ទី​ ១​។

ទោះបី​ជា​យ៉ាងណា​កីឡាករ Tareq បា​នរក​គ្រាប់​បាល់​តាម​ស្មើ​វិញ​ជា​លើក​ទី​ ២ ក្រោយពី​ការធ្វេស​ប្រហែស​នៅ​តំបន់​ការពារ​របស់​ក្រុម​ជម្រើសជាតិ​វៀតណាម​ដែល​ក្នុង​ពេល​នោះ​ហាក់​ដូចជា​ស្រុតចុះ​កម្លាំង​គួរ​ឲ្យ​កត់សម្គាល់ មុន​នឹង​អ៊ីរាក់​រក​បាន​គ្រាប់​បាល់​ឈ្នះ​ដោយ​ការ​ស៊ុត​បាល់​ពិន័យ Free-kick​។

ស្របពេល​ជាមួយ​គ្នា​នេះ​ក្រុម​ម្ចាស់​ជើងឯក​ ៣ ​សម័យកាល​អារ៉ាប៊ីសាអ៊ូឌីត បាន​បង្ហាញ​ការភ្ញាក់ផ្អើល​មួយ ខណៈ​ដែល​ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម​កូរ៉េ​ខាង​ជើង​ដែល​នៅ​សល់​ត្រឹម​សមាជិក​ ១០ ​នាក់ យ៉ាង​ងាយ​ក្នុង​យុទ្ធនាការ Asian Cup កាលពី​ថ្ងៃ​អង្គារ​។

ក្រុម​ជម្រើសជាតិ​អារ៉ាប៊ីសាអ៊ូឌីត ដែល​មិន​បាន​បង្ហាញ​ពី​ទម្រង់​លេង​ដ៏រឹងមាំ​ក្នុង World Cup នៅ​រុស្ស៊ី​កាលពី​ឆ្នាំ​មុន​នោះ​ហាក់​ស្ថិត​ក្នុង​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុង​ការ​ប្រកួត​លើ​ទឹកដី​នៃ​ប្រទេស​ជិត​ខាង​ខ្លួន​គឺ​អេមីរ៉ាតអារ៉ាប់រួម ខណៈ​ដែល​ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​កូរ៉េ​ខាង​ជើង​ក្នុង​លទ្ធផល ៤-០ ក្នុង​ការ​ប្រកួត​បើកឆាក​ក្នុង​ពូល E របស់​ពួកគេ​។ លទ្ធផល​នេះ​មាន​ន័យ​ថា អារ៉ាប៊ីសាអ៊ូឌីត ស្ថិត​ក្នុង​ចំណោម​ក្រុម​ដែល​អាច​ប្រជែង​ពាន​នេះ​៕ IS

កម្មវិធី​ប្រកួត​នៅ​ថ្ងៃ​នេះ

បារ៉ែន v ថៃ - ៦ ល្ងាច

ហ្ស៊កដានី v ស៊ីរី - ៨:៣០ យប់

ឥណ្ឌា v អេមីរ៉ាតអារ៉ាប់រួម - ១១ ​យប់

អត្ថបទគួរចាប់អារម្មណ៍