ភ្នំពេញ៖ ​ជើង​ខ្លាំង​បាត់​មុខ​ពី​សង្វៀន អ៊ុង វិរៈ និង ធឿន ធារ៉ា ​ត្រូវ​បាន​គេ​ផ្គូផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ និង​អ៊ូសបេគីស្ថាន ក្នុង​ព្រឹត្តិការណ៍ Mas​ Fight ​Cambodia​ នៅ​សង្វៀន​ ​Town ​នាល្ងាច​ថ្ងៃ​អាទិត្យ​ ខណៈ​នាយក​គ្រប់គ្រង​កម្មវិធី​នេះ បាន​​អះអាង​ថា​ ការ​ប្រកួត​ដែល​សហការ​ជាមួយ​ប្រដាល់​សេរី​អន្តរជាតិ MAS Fight ​Kunkhmer មួយ​នេះ​ទទួល​បាន​ការ​ទាក់ទាញ​ និង​និយម​គាំទ្រ​ពី​អ្នក​ទស្សនា​​ដល់​ទៅ ​៨០ ​ភាគរយ។​

លោក ​ស្រុន​ គឹមកុសល​ ហៅ Tommy នាយក​គ្រប់គ្រង​កម្មវិធី​ទូរទស្សន៍​ថោន ​និង​ជា​ប្រធាន​ចាត់​ការ​ទូទៅ​របស់ MAS Fight ​បាន​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ម្សិលមិញ​ថា​៖ «​គិត​មក​ដល់​សប្តាហ៍​ទី ​៤ ​នេះ ​កម្មវិធី​របស់​យើង ​ទទួល​បាន​ការ​គាំទ្រ​គួរ​ឲ្យ​កត់​សម្គាល់​ ហើយ​យើង​បាន​​រៀបចំ​កីឡាករ​ប្រកួត​កាន់​តែ​មាន​សមត្ថភាព​ល្អ​ជា​លំដាប់​ ​យើង​ឈាន​ឡើង​ជា​បន្ត​បន្ទាប់។ ​គិត​មក​ដល់​ពេល​នេះ​ ក្នុង​មួយ​កម្មវិធី​ យើង​មាន​គូ​ប្រកួត​ចំនួន ​៨ ​គូ ​ក្នុង​នោះ​គូ​ថ្នាក់​ជាតិ​​ខ្មែរ​ប៉ះ​ខ្មែរ​ប្រកួត​តាម​របៀប​ MAS Fight ​ចំនួន ​៥ ​គូ​ និង​គូ​មិត្តភាព​ខ្មែរ​ និង​កីឡាករ​បរទេស​ចំនួន ​៣ ​គូ ​ខណៈ​ដែល​អ្នក​​ទស្សនា​ផ្ទាល់​ នៅ​ក្នុង​ទីលាន​ប្រកួត​មាន​​ចំនួន​ច្រើន​ជាង ​៤០០ ​នាក់​»។

លោក​បន្ត​ថា ​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​សប្តាហ៍​នេះ​ យើង​មាន​គូ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ចំនួន ​២ គឺ​កីឡាករ​ អ៊ុង​ វិរៈ ​មក​ពី​កងទ័ព​ឆត្រយោង ​៩១១​ ប៉ះ​ជាមួយ​កីឡាករ​ថៃ ​Nattapon ក្នុង​ទម្ងន់​ដល់​ទៅ ​៨៥ ​គីឡូក្រាម​។​ ចំណែក​​ជើង​ខ្លាំង​កម្ពុជា​ ​ធឿន ​ធារ៉ា​ មក​ពី​សមាគម​ប្រដាល់​ក្រសួង​កសិកម្ម​ ត្រូវ​ជួប​ជាមួយ​កីឡាករ​មក​ពី​អ៊ូសបេគីស្ថាន Sanjar Saidmuradov ក្នុង​ទម្ងន់ ​៧០ ​គីឡូក្រាម​។​

កីឡាករ​កម្ពស់ ​១,៧៥ អ៊ុង វិរៈ ធ្លាប់​ប្រកួត​បាន​ ​៩៥ ​ដង ​ឈ្នះ​ ៨៦ ​​ចាញ់​ ​៧​ ​ស្មើ ​២​ ​ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​បាន​ ​២០ ​លើក​ ​ចំណែក​កីឡាករ​កម្ពស់ ​១,៨០ ម៉ែត្រ Nattapon ​ធ្លាប់​​ឆ្លង​កាត់​ការ​ប្រកួត​បាន​ ​៩៦​ ​ឈ្នះ ​៧០​ ចាញ់ ​២១​ ​ស្មើ ​៥ ​ដង ​ក្នុង​នោះ​ធ្លាប់​ផ្តួល​​គូ​ប្រកួត​​ឲ្យ​សន្លប់​បាន ​១០ ​ដង។​

លោក​ ហង្ស ​ស៊ឺន ​គ្រូ​បង្វឹក​ អ៊ុង​ វិរៈ បាន​ប្រាប់​ថា​៖ «​យើង​មិន​ដឹង​ពី​សមត្ថភាព​ក្បាច់​គុន​កីឡាករ​ថៃ​រូប​នោះ​ទេ​ ប៉ុន្តែ​គូ​ដែល​ប្រកួត​គ្នា​ក្នុង​ទម្ងន់​ធ្ងន់​បែប​នេះ​ ពួក​គេ​សុទ្ធ​តែ​ជា​កីឡាករ​ជើង​ចាស់ ​និង​មាន​បច្ចេកទេស​ ​បទ​ពិសោធ​​ច្រើន​ក្នុង​ការ​ប្រកួត ​ហើយ​បញ្ហា​កម្លាំង​ជា​ចំណុច​មួយ​ដែល​មិន​អាច​សម្រុក​តាម​ចិត្ត​បាន​ទេ​ ​ព្រោះ​ពេល​ចូល​កណ្តាប់​ដៃ​ ឬ​ស្នៀត​អ្វី​មួយ ​គឺ​ធ្ងន់ៗ​ដូច​គ្នា​។ ​​ទោះ​យ៉ាង​ណា អ្នក​ប្រដាល់​ក្នុង​ក្លិប​របស់​ខ្ញុំ​ធានា​វ៉ៃ​អស់​ពី​សមត្ថភាព​ ប៉ុន្តែ​បញ្ហា​ឈ្នះ​ ឬ​ចាញ់​មិន​ទាន់​ហ៊ាន​និយាយ​មុន​ឡើយ»​។​

ចំណែក លោក​ ស្រុន​ គឹមកុសល​ ដែល​ត្រួត​ពិនិត្យ​លើ​ការ​ផ្គូផ្គង​ផង​នោះ​ បាន​និយាយ​ថា​៖ ​«កីឡាករ​ថៃ​ Nattapon ​នេះ​ជា​ជើង​ចាស់​មួយ​រូប​របស់​ថៃ​ ហើយ​ការ​ប្រកួត​គ្នា​តែ​មួយ​ទឹក​មាន​រយៈពេល ​៩ ​នាទី​នោះ​ ពួក​គេ​អាច​នឹង​ចាញ់​ឈ្នះ​គ្នា ​មិន​អាច​ឈាន​ដល់​ចប់​ទឹក​នោះ​ឡើយ»​។

ចំណែក​ការ​ជួប​គ្នា​រវាង ​ធឿន​ ធារ៉ា​ និង Sanjar Saidmuradov ត្រូវ​បាន​គេ​រំពឹង​ថា​ អាច​យក​ឈ្នះ​បាន​ដោយ​ទំនង​ស៊ី​ផុយ​ ព្រោះ​តាមរយៈ​បទពិសោធ​ប្រកួត​របស់​អ្នក​ទាំង ​២ នេះ ​​មាន​គម្លាត​ឆ្ងាយ​ពី​គ្នា​ គឺ ​ធឿន ​ធារ៉ា ​ប្រកួត​បាន ​៦០ ​ដង ​ឈ្នះ ​៤៥​ ​ចាញ់​ ​១០ ​​ស្មើ​ ​៥ ​ដង ​ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​បាន ​១៥ ​លើក​ ប៉ុន្តែ​ ​Sanjar Saidmuradov​ មាន​ប្រវត្តិ​ប្រកួត​​ត្រឹម​ ​១៦ ​ដង ​ឈ្នះ ​១៤​ ​ចាញ់​តែ ​២ ​ដង​ប៉ុណ្ណោះ​ ហើយ​ក្នុង​នោះ​ធ្លាប់​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​បាន​​ ៣ ​ដង។​

លោក អេ​ ភូថង ​គ្រូ​បង្វឹក​ ធឿន​ ធារ៉ា​ បាន​ប្រាប់​ថា​៖ ​«ធឿន​ ធារ៉ា​ អាច​ឈ្នះ​ ​ព្រោះ​ក្បាច់​ប្រកួត​មាន​កែង​ និង​ជង្គង់​ល្អ ​ប៉ុន្តែ​ការ​បារម្ភ​ គឺ​ផ្នែក​កម្លាំង​​ព្រោះ​កីឡាករ​មក​ពី​បរទេស​ភាគ​ច្រើន​កម្លាំង​ស៊ូ​ជាង​យើង​បាន​ល្អ​។ ​ទោះ​បីជា​យ៉ាង​ណា ​Sanjar Saidmuradov ពិត​ជា​លំបាក​ទប់ទល់​នឹង​ក្បាច់​កែង​បុក ​និង​ស្នៀត​ជង្គង់​របស់​ ធារ៉ា​ ណាស់​ គឺ​ខ្ញុំ​សង្ឃឹម​ឈ្នះ ​៨០ ​ភាគរយ»​។​

ជាមួយ​គ្នា​នោះ​កីឡាករ​កូរ៉េ​ខាង​ត្បូង​ Kim Jonghee ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ Loy Phitmay ក្នុង​ទម្ងន់ ​៧៤ ​គីឡូក្រាម​ ខណៈ​ដែល​កីឡាករ​ខ្មែរ​ប្រកួត​ជាមួយ​ខ្មែរ​ចំនួន ​៥ ​គូ​ទៀត ​វ៉ៃ​តាម​ច្បាប់​​ MAS Fight ​តែ​មួយ​ទឹក ​មាន​រយៈពេល ​៩ ​នាទី​ បើ​ភាគី​ណា​មិន​សន្លប់​ចាត់​ទុក​​ថា ស្មើ​គ្នា​៕​