ភ្នំពេញ៖ ​អ្នក​លេង​កណ្តាប់ ​អ៊ូច ​ធារិទ្ធ​ របស់​ក្លិប​អា​ណា​ចក្រ​កម្ពុជា​ទទួល​បាន​លទ្ធផល​យ៉ាង​ត្រចះត្រចង់​ ដោយ​​បាន​​ឈ្នះ​ជយ​លាភី​ធំ​ចំនួន​ ២ ព្រឹត្តការណ៍​ គឺ​ឈ្នះ​មេដាយ​មាស​ពី​ការ​​ប្រកួត​ប្រដាល់​សកល​ជើង​ឯក​ថ្នាក់​ជាតិ​ក្នុង​ទម្ងន់ ​៥៧ ​​គីឡូក្រាម កាល​ពី​ថ្ងៃ​សុក្រ​ និង​បាន​ក្លាយ​ជា​ជើង​ឯក​ពី​ការ​ប្រកួត​ដណ្តើម​ប្រាក់​លាន​នៅ​លើ​​សង្វៀន​ថោន ​ក្រោយ​​ឈ្នះ​ជើង​ខ្លាំង​ ​លាភ ​រដ្ឋា​ និង​ វ៉ាន់​ វឿន​ កាល​ពី​ថ្ងៃ​អាទិត្យ ដើម្បី​ទទួល​បាន​ប្រាក់​រង្វាន់​សរុប​ជាង ​១ ពាន់​ដុល្លារ​។​

នៅ​​ក្រោយ​ការ​រក​បាន​ជ័យជម្នះ​ធំ​ផ្ទួនៗ​ ក្នុង​រយៈពេល ​១ ​សប្តាហ៍​នេះ ​អ៊ូច ​ធារិទ្ធ ​ប្រាប់​​ថា​៖ «​ខ្ញុំ​មិន​នឹក​ស្មាន​ដល់​ថា ​ខ្ញុំ​ទទួល​បាន​ជ័យជម្នះ​ល្អ​បែប​ទេ​។ ​មុន​ប្រកួត​ខ្ញុំ​រំពឹង​​​ឈ្នះ​តិច​តួច​ណាស់​ ​ព្រោះ​ជួប​​​ជើង​ចាស់​មាន​បទពិសោធ​​ច្រើន​ជាង​ខ្ញុំ ​គឺ​កំពូល​កីឡាករ​ដែល​លំបាក​ប្រកួត​មាន​ លាភ ​រដ្ឋា ​និង ​វ៉ាន់​ វឿន​ នេះ​ឯង»​។

អ៊ូច​ ធារិទ្ធ បាន​​បន្ត​ថា​៖ «​ពេល​ចាប់​ប៉ះ លាភ ​រដ្ឋា​ នៅ​វគ្គ​ជម្រុះ ខ្ញុំ​កាន់​តែ​អស់​សង្ឃឹម​ ​ពី​ព្រោះ​កណ្តាប់​​ដៃ​គេ​ល្អ ​និង​ធ្ងន់ ​ព្រម​ទាំង​ជា​សិស្ស​ច្បង​ មាន​បទពិសោធ​​ល្អ​ជាង​ខ្ញុំ​ទៀត ​ប៉ុន្តែ​ខ្ញុំ​ប្រមូល​កម្លាំង​កាយ​ កម្លាំង​ចិត្ក​ ទប់​ទល់ ​និង​វាយ​បក​បាន​ឈ្នះ​ គឺ​ជា​សំណាង​របស់​ខ្ញុំ​ដែរ​ ហើយ​​ក្រោយ​ឈ្នះ​ លាភ​ រដ្ឋា​ ដោយ​ពិន្ទុ ​ខ្ញុំ​ត្រូវ​តតាំង​ជាមួយ​ជើង​ខ្លាំង​ម្នាក់​ទៀត ​គឺ ​វ៉ាន់ ​វឿន នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ដែល​​ខ្ញុំ​មាន​ទំនុក​ចិត្ត​ត្រឹម​តែ ​៤០ ​ភាគរយ​ប៉ុណ្ណោះ​»។​

កីឡាករ​រូប​នេះ បាន​បន្ថែម​ថា៖ ​«​ក្រោយ​ពេល​ឈ្នះ​ លាភ​ រដ្ឋា​ ខ្ញុំ​អស់​កម្លាំង​រលីង​ ប៉ុន្តែ​កណ្តាប់​ដៃ​ និង​ជង្គង់​របស់​ខ្ញុំ ​នៅ​អាច​ទប់ទល់​វ៉ៃ​ចូល​វិញ ​បាន​ចំ​គោល​ដៅ​ល្អ ​ខណៈ​​ដែល ​វ៉ាន់ ​វឿន​ ទំនង​អស់​ថាមពល​ ដូច​ខ្ញុំ​ដែរ ​ហេតុ​នេះ​ខ្ញុំ​កាន់​តែ​វាយ​សម្រុក​អត់​ឈប់ ​ដោយ​បោះ​ជង្គង់ ​និង​វាយ​កណ្តាប់​ដៃ​ចូល​ពោះ​ទឹក​។​ ទោះ​យ៉ាង​ណា មុន​ប្រកាស​លទ្ធផល​ ខ្ញុំ​រំពឹង​​ត្រឹម ​៥០ ​ភាគរយ​ទេ ​ប៉ុន្តែ​លទ្ធផល​ជាក់​ស្តែង ខ្ញុំ​រំភើប​ខ្លាំង​ណាស់​ គឺ​ឈ្នះ​បាន​ប្រាក់​ ដោយ​ខ្ញុំ​គ្រាំគ្រា​ខ្លួន​ខ្លាំង​ណាស់​សឹង​តែ​ចូល​សម្រាក​នៅ​មន្ទីរ​ពេទ្យ​ ព្រោះ​ក្បាល​របស់​ខ្ញុំ​ ទទួល​រង​នូវ​កែង​យ៉ាង​ច្រើន​ ពី​ វ៉ាន់​ វឿន ​ធ្វើ​ឱ្យ​​ហើម​ ជា​ច្រើន​កន្លែង ​ដោយ​ខ្ញុំ​សុំ​គ្រូ​សម្រាក​មួយ​រយៈ​សិន»​។​

លោក ​ធី ​ណារិទ្ធ ​ជាគ្រូ​បង្វឹក​បាន​និយាយ​ថា​៖ ​«​អ៊ូច ​ធារិទ្ធ ​ចាប់​ផ្តើម​ល្អ​បណ្តើរៗ​ហើយ។ ទោះ​ការ​ប្រកួត​របស់​គេ​ មិន​ធ្លាប់​ឈ្នះ​បាន​ខ្សែ​ក្រវាត់​មែន​ ប៉ុន្តែ ធារិទ្ធ រក​ប្រាក់​ចំណូល​ពី​ការ​ប្រកួត​បាន​​ច្រើន ​ហើយ​មាន​ជីវភាព​ល្អ​ប្រសើរ​ ហើយ​ការ​យក​​ឈ្នះ​ជើង​ខ្លាំង ​២​ ​លាភ ​រដ្ឋា​ និង​ វ៉ាន់​ វឿន លើកនេះ ​ជា​តម្រុយ​ល្អ​មួយ​ ដែល​អាច​ជួយ​ឱ្យ ធារិទ្ធ ​បាន​​ចូលរួម​​ប្រកួត​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​ខ្សែ​ក្រវាត់​ណា​មួយ​នៅ​ពេល​ខាង​មុខ»​។​​

ចំណែក​ វ៉ាន់ ​វឿន ​ដែល​បាន​ផ្តួល​ដៃ​គូ​ ​សៅ ​ប៊ុនធឿន ​(ឡើង​ជំនួស ​ធន់ ​អៀនឡៃ ​ដោយ​បញ្ហា​សុខភាព​)​ ​ឱ្យ​សន្លប់​នៅ​វគ្គ​ជម្រុះ ដោយ​ស្នៀត​ផ្កាប់​ចាន ​ក្នុង​ទឹក​ទី​២ នោះ បាន​និយាយ​ក្រោយ​ចាញ់ ​អ៊ូច ​ធារិទ្ធ ​ថា៖​ «​​ខ្ញុំ​ចាញ់​ពិន្ទុ​ ក្នុង​លក្ខណៈ​តិចតួច​ ដោយ​ពិន្ទុ​ប្រផុតប្រផើយ​ គឺ​ ២​ ទល់​នឹង​ ៣​ ប៉ុន្តែ​​ខ្ញុំ​នៅ​តែ​មិន​អស់​ចិត្ត​។​ មុន​ប្រកាស​លទ្ធផល​ខ្ញុំ ​នៅ​តែ​រំពឹង​​ឈ្នះ​ ​ព្រោះ​ខ្ញុំ​វាយ​កែង​ចូល​ច្រើន​លើ​ដៃ​គូ​ អ៊ីចឹង​លទ្ធផល​ចាញ់​នេះ​ ធ្វើ​ឱ្យ​ខ្ញុំ​ពិត​ជា​មិន​អស់​ចិត្ត​ទេ ​ប៉ុន្តែ​យើង​ត្រូវ​ទទួល​ស្គាល់​ និង​គោរព​តាម​ចៅ​ក្រម​ ​ហើយ​នៅ​មាន​ពេល​សុំ​សងសឹក​វិញ​ទៀត​»៕