ភ្នំពេញ៖ ​វីរកីឡាករ​ម៉ូតូ​ទឹក សាលី អ៊ូមើត បាន​​បង្ហើប​ឲ្យ​ដឹង​ថា រូប​គេ​ពិត​ជា​បាន​ជួប​ការ​លំបាក​ច្រើន​ក្នុង​​ការ​បន្ត​ឈ្នះ​តំណែង​ជើងឯក នៅ​ក្នុង​ការ​ប្រកួត​កីឡា​ម៉ូតូ​ទឹក​ជើង​ឯក​​ពិភព​លោក Thai Airways International Jet Ski World Cup 2019 នៅ​ប្រទេស ​ថៃ កាល​ពី​ពេល​ថ្មីៗ​នេះ ព្រោះ​មាន​​កីឡាករ​ជើង​ខ្លាំង​​ជា​ច្រើន​ប្រទេស​បាន​ព្យាយាម​ផ្តួល​គេ ដើម្បី​ប្រជែង​យក​តំណែង​ជើងឯក លើ​វិញ្ញាសា Pro-Am Ski Superstock ដ៏​ពេញ​និយម​នេះ។

សាលី អ៊ូមើត បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​​ថា៖​ «​ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​រំភើប​សប្បាយ​រីករាយ ដែល​បាន​រក្សា​ការ​ឈ្នះ​មេដាយ​មាស ឬ​តំណែង​ជើងឯក​ក្នុង​ការ​ប្រកួត​ជើង​ឯក​ពិភព​លោក នៅ​ប្រទេស ​ថៃ ​នេះ ប៉ុន្តែ​ប្រភេទ​កីឡា​ណា​ក៏​ដោយ គឺ​ការ​រក្សា​តំណែង​ជើងឯក ជា​លើក​ទី ​២ វា​ពិត​ជា​មាន​ការ​លំបាក​ខ្លាំង»។

កីឡាករ សាលី អ៊ូមើត ដែល​ធ្លាប់​ឈ្នះ​​ទាំង​មេដាយ​មាស និង​មេដាយ​សំរឹទ្ធ ពី​ការ​ប្រកួត​កីឡា​អាស៊ី ឆ្នាំ ​២០១៨ នៅ​ប្រទេស ​ឥណ្ឌូនេស៊ី នោះ ​បាន​បន្ថែម​ថា៖ ​«ការ​ឈ្នះ​បាន​មេដាយ​មាស ​​នៅ​ឆ្នាំ​​ដំបូង វា​មិន​សូវ​ពិបាក​ទេ ប៉ុន្តែ​ចូល​ឆ្នាំ​ទី ​២ វា​​ពិត​ជា​មាន​ការ​លំបាក​ខ្លាំង​ ព្រោះ​មាន​​កីឡាករ​ខ្លាំងៗ ​មក​ពី​តាម​បណ្តា​ប្រទេស​ផ្សេងៗ ចង់​មក​​ផ្តួល​ខ្ញុំ ដើម្បី​ដណ្តើម​យក​តំណែង​នេះ»។

សម្រាប់​ការ​ប្រកួត ដែល​ត្រូវ​បាន​ធ្វើ​ឡើង កាល​ពី​ថ្ងៃទី ​៥ និង​បញ្ចប់​នៅ​ថ្ងៃទី ​៨ ខែធ្នូ កន្លង​មក​នេះ សាលី អ៊ូមើត ធ្វើ​បាន​យ៉ាង​ល្អ​សម្រាប់​ការ​ប្រកួត​ទាំង ​៤ ​ជុំ ដោយ​រក​បាន​ពិន្ទុ​សរុប​ចំនួន ​២៣៣ ដើម្បី​ទទួល​បាន​លេខ ​១ ខណៈ​កីឡាករ​អារ៉ាប់រួម Sultan Eisa Alhammadi ដែល​បាន​លេខ ​២ មាន​ពិន្ទុ​សរុប​ត្រឹម ​២០៤ ​ប៉ុណ្ណោះ ហើយកីឡាករ​បាន​លេខ ​៣ មក​ពី​កាណាដា ធ្វើ​បាន​ត្រឹម ​១៦១ ពិន្ទុ​ទេ។ ប៉ុន្តែ​កីឡាករ​កម្ពុជា ម៉ឺន មូសស្តាន បាន​បញ្ចប់​ការ​ប្រកួត​ត្រឹម​ជុំ​ទី ​២ ខណៈ​រូប​គេ​មាន​របួស ដោយសារ​គូ​ប្រជែង​បាន​បើកបុក រីឯ​កីឡាករ​កម្ពុជា ​៣ ​នាក់​ទៀត​បាន​ធ្លាក់​ត្រឹម​វគ្គ​ ១/២ ​ផ្តាច់​ព្រ័ត្រ។

កីឡាករ អ៊ូមើត បាន​បញ្ជាក់​ថា៖ ​«​ការ​ព្យាយាម​ហ្វឹកហាត់ ក្រោម​ការ​ណែនាំ​ទាំង​គ្រូ​បរទេស និង​គ្រូ​ជំនួយ រួម​ទាំង​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្ញុំ និង​ការ​លើក​ទឹក​ចិត្ត​របស់​ពុក​ម៉ែ​បង​ប្អូន បាន​ជួយ​ឲ្យ​ខ្ញុំ ​អាច​សម្រេច​គោល​បំណង​ក្នុង​ការ​ឈ្នះ​បាន​មេដាយ​មាស​ជូន​ប្រទេស​ជាតិ​ជា​ថ្មី​ម្តង​ទៀត គឺ​ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ខ្លាំង​ណាស់ ​ហើយ​ខ្ញុំ​សូម​សន្យា​ថា សម្រាប់​ការ​ប្រកួត​ជា​បន្ត​ទៀត ​ទោះ​នៅ​ប្រទេស​ណា​ក៏​ដោយ ខ្ញុំ​នឹង​ព្យាយាម​រក​ជ័យជម្នះ​ឲ្យ​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា ក៏​ដូចជា​ប្រទេស​ជាតិ​កម្ពុជា ដើម្បី​លើក​ស្ទួយ​វិស័យ​កីឡា​ម៉ូតូ​ទឹក និង​មុខ​មាត់​ប្រទេស​របស់​យើង​ម្តង​ទៀត»។

ចំណែក​លោក ណេះ ស្លេះ ប្រធាន​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា បាន​ថ្លែង​ថា៖ ​«​ខ្ញុំ​មើល​ឃើញ​ថា ការ​ប្រកួត​​នេះ​ មាន​លក្ខណៈ​​ធំ​ជាង​គេ នៅ​លើ​ពិភព​លោក ដោយ​មាន ​៦២ ​ប្រទេស​ចូលរួម អ៊ីចឹង​ទើប​សហព័ន្ធ​​កីឡា​ម៉ូតូ​ទឹក​អន្តរជាតិ​ជ្រើសរើស​យក​ប្រទេស ​ថៃ សម្រាប់​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ»។

លោក​បាន​បន្ថែម​ថា៖ ​«​សម្ទុះ​នៃ​ការ​ប្រកួត​នេះ ​មាន​​​ភាព​ស្វិតស្វាញ​ខ្លាំង​មែន​ទែន ប៉ុន្តែ​ជា​សំណាង​ផង​ដែរ ដែល​វីរកីឡាករ​របស់​យើង​នៅ​តែ​អាច​រក្សា​ការ​ឈ្នះ​មេដាយ​មាស។ តែ​ទោះបី​ជា​យ៉ាង​ណា យើង​នឹង​នៅ​តែ​បន្ត​ខិតខំ​​ប្រឹងប្រែង​បន្ថែម​ទៀត ក្នុង​ការ​បណ្តុះបណ្តាល​កីឡាករ​ថ្នាល​របស់​យើង​បន្ថែម។ បន្ទាប់​មក​​ យើង​នឹង​ជ្រើសរើស​ថ្នាល ​ដែល​មាន​សមត្ថភាព ឲ្យ​ឈាន​ចូល​​ជម្រើស​ជាតិ ហើយ​យើង​នឹង​​ខំ​ប្រឹង​បង្វឹក​កីឡាក​ជម្រើសជាតិ​របស់​យើង​បន្ថែម​ទៀត ដើម្បី​ចូលរួម​ប្រកួត​ដណ្តើម​យក​មេដាយ​សម្រាប់​ការ​ប្រកួត​នៅ​ឆ្នាំ​ក្រោយៗ​ទៀត»៕