ភ្នំពេញៈ ប្រធានក្លិបបាល់ទាត់អង្គរថាយហ្គឺរ លោក Akihiro Kato និងកីឡាករជប៉ុនមួយចំនួនទៀតដែលកំពុងប្រកបអាជីពនៅលីកកំពូលកម្ពុជាបានរួមគ្នារៃអង្គាសថវិកាបាន ៤០០០ ដុល្លារយកទៅប្រគល់ជូនដល់ប្រពន្ធ និងកូន ៤ នាក់របស់ជនរងគ្រោះជាអ្នករត់តាក់ស៊ីដែលត្រូវបានជនជាតិជប៉ុន ២ នាក់ អារកសម្លាប់ប្លន់យកឡាននៅសៀមរាបកាលពីពេលថ្មីៗនេះ ហើយស្ថានទូតជប៉ុននៅកម្ពុជាក៏បានចេញសារចូលរួមរំលែកទុកដល់ជនរងគ្រោះ និងក្រុមគ្រួសារជនរងគ្រោះផងដែរ។
ហេតុការណ៍ដ៏រន្ធត់នេះត្រូវបានគេចាត់ទុកថាជាករណីកម្រលើកដំបូងដែលជនជាតិជប៉ុនបានប្លន់ និងអារកសម្លាប់អ្នករត់តាក់ស៊ីដែលជាជនជាតិកម្ពុជា ហើយលោក Akihiro Kato ដែលជាជនជាតិជប៉ុនដែរនោះមានការអាណិតជាពន់ពេកទៅដល់គ្រួសារជនរងគ្រោះ ពិសេសកូនទាំង ៤ នាក់ដែលត្រូវកំព្រាឪពុក និងគ្មានអ្នកទីពឹងដូចពេលកន្លងមក។
ជាមួយអារម្មណ៍ដ៏ក្តុកក្កួលលោក Akihiro Kato បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា៖ «ខ្ញុំបានឃើញការចុះផ្សាយរឿងនេះ ខ្ញុំពិតជាមានក្ដីរន្ធត់ និងអាណិតដល់ជនរងគ្រោះយ៉ាងខ្លាំងព្រោះគាត់ត្រូវចាកចោលប្រពន្ធ និងកូនដល់ទៅ ៤ នាក់»។
លោក Akihiro Kato បានចាត់ទុកករណីប្លន់សម្លាប់របស់ជនជាតិជប៉ុនទាំង ២ នាក់នេះថាជារឿងមិនអាចទទួលយកបាន។ លោកបញ្ជាក់ថា៖ «ប្រជាជនកម្ពុជាគួរឲ្យស្រឡាញ់ រួសរាយរាក់ទាក់ហើយជួយយកអាសាខ្លាំងណាស់ ចំណែកប្រជាជនជប៉ុនក៏មានបេះដូងបរិសុទ្ធដែរ ប៉ុន្តែនេះជារឿងមិនអាចទទួលយកបានដែលពួកគេទាំង ២ នាក់ធ្វើបែបនេះ។ ខ្ញុំសូមសម្ដែងការសុំទោសជំនួសពួកគេ»។
ជាមួយគ្នានេះលោក Akihiro Kato ក៏បាននាំយកថវិកាដែលរៃគ្នាបានចំនួន ៤០០០ ដុល្លារទៅប្រគល់ជូនដល់ប្រពន្ធគ្រួសារជនរងគ្រោះដោយផ្ទាល់កាលពីម្សិលមិញផងដែរ ហើយបានសរសេរបង្ហោះនៅលើផេកហ្វេសប៊ុកផ្លូវការរបស់លោកថា៖ «យើងបានឧបត្ថម្ភថវិកា ៤០០០ ដុល្លារសម្រាប់គ្រួសារជនរងគ្រោះ ហើយខ្ញុំសូមអរគុណដល់មិត្តភក្តិ និងកីឡាករជប៉ុនជាច្រើនទៀត ដែលលេងនៅលីកកំពូលកម្ពុជា សម្រាប់ការចូលរួមឧបត្ថម្ភជាមួយគ្នា។ ខ្ញុំសុំទោសចំពោះករណីនេះ ហើយខ្ញុំសូមបួងសួងឲ្យមានសុខសន្តិភាពសម្រាប់សង្គមមួយនេះ»។
គួរបញ្ជាក់ថាអ្នករត់តាក់ស៊ីដែលត្រូវបានជនជាតិជប៉ុនអារកសម្លាប់នៅក្នុងការករណីប្លន់កាលពីថ្ងៃទី ១៧ ខែមីនាកន្លងមកនេះមានឈ្មោះថា ហ៊ឹម ចាន់ មានអាយុប្រមាណ ៤០ ឆ្នាំរស់នៅខេត្តកំពង់ធំ រីឯជនដៃដល់ទាំង ២ នាក់មានឈ្មោះ Sihida Reimon អាយុ ២៤ ឆ្នាំ និង Naka Kuki Ryuji អាយុ ២៤ ឆ្នាំដូចគ្នា។
ជុំវិញករណីប្លន់សម្លាប់នេះលោក ដួង សុខា នាយកការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាបបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ពួកគេត្រូវបានចោទប្រកាន់ពីអំពើឃាតកម្មគិតទុកជាមុន»។
កាលពីល្ងាចថ្ងៃពុធម្សិលមិញនេះដែរឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានចេញសារចូលរួមរំលែកទុក្ខមួយដល់គ្រួសារជនរងគ្រោះដែរថា៖ «ខ្ញុំពិតជាក្រៀមក្រំនៅពេលបានឮដំណឹងថា អ្នកបើកបររថយន្តឈ្នួលលោក ហ៊ឹម ចាន់ ត្រូវជនជាតិជប៉ុន ២ រូបសម្លាប់កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០១៩។ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះក្រុមគ្រួសាររបស់លោក និងសូមវិញ្ញាណក្ខន្ធលោកទៅកាន់សុគតិភព»៕