ក្រុងឡុងដ៍ៈ អ្នកគាំទ្រ​ដ៏មាន​ឥទ្ធិពល​មួយ​ក្រុម​របស់​ក្លិប​កាំភ្លើង​ធំ Arsenal មាន​ដូចជា​អង្គការ ទស្សនាវដ្ដី និង​ប្លុក​ផ្សេងៗ​ទៀត​បាន​រួម​គ្នា​អំពាវនាវ​សុំ​ឲ្យ​ធ្វើការ​ផ្លាស់ប្ដូរ​ការដឹកនាំ​ក្លិប​នេះ​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន និង​បាន​រិះគន់​ចំពោះ​ការគ្រប់គ្រង​ដ៏អសកម្ម​របស់​ប្រធាន​ក្លិប​នេះ​គឺ​លោក Stan Kroenke ផង​ដែរ​។

ហត្ថលេខី​សរុប​ចំនួន ១៦ រួមទាំង​អង្គភាព Arsenal Supporters'' Trust បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​កាលពី​ថ្ងៃ​ចន្ទ​ដោយ​ទាមទារ​ឲ្យ​មាន​ការផ្លាស់ប្ដូរ ខណៈ​ក្លិប​កាំភ្លើង​ធំ​កំពុង​ត្រៀម​ខ្លួន​សម្រាប់​រដូវកាល​ដែល​មិន​បាន​លេង​នៅ​ក្របខ័ណ្ឌ Champions League ជា​បន្តបន្ទាប់​លើក​ទី​ ៣ របស់​ពួកគេ​។

ក្រុម​អ្នកគាំទ្រ​ទាំងនេះ​បាន​បង្ហាញ​បញ្ហា​មួយ​ចំនួន​រួមទាំង​បរិយាកាស​ «​គ្មាន​ព្រលឹង​ក្នុង​ខ្លួន​» ​នៅ​កីឡដ្ឋាន Emirates និង​កង្វះ​យុទ្ធសាស្ត្រ​ដោះដូរ​កីឡាករ​ផងដែរ​។

របាយការណ៍​នេះ​បាន​ចាប់ផ្ដើម​សរសេរ​ថា​៖ «​ក្នុង​នាម​ជា​អ្នកគាំទ្រ​ក្លិប Arsenal យើង​បាន​មើល​ទាំង​ការខកចិត្ត​នៅពេល​ឃើញ​ទម្រង់​លេង​របស់​ក្លិប​នេះ​បាន​ធ្លាក់​ចុះ​ក្នុង​រយៈពេល ១ ទសវត្សរ៍​មក​នេះ​»​។

របាយការណ៍​របស់​អ្នកគាំទ្រ​បាន​បន្ត​ថា​៖ «​នៅពេល​លោក Stan Kroenke បាន​ចាប់ផ្ដើម​ទិញ​ភាគហ៊ុន​ក្លិប Arsenal មក​ក្លិប​នេះ​ទើប​តែ​បាន​មាន​ឱកាស​លេង​នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្របខ័ណ្ឌ Champions League ម្ដង​គត់ ហើយ​ក្នុង​រយៈពេល​ ១២ ​ឆ្នាំ​មក​នេះ​ក្លិប Arsenal គ្រាន់តែ​ជិត​បាន​មាន​ឱកាស​លេង​នៅ​ក្របខ័ណ្ឌ Europa League រយៈពេល​ ៣ ឆ្នាំ​ជាប់ៗ​គ្នា​»​។

លោក Kroenke បាន​ចាប់ផ្ដើម​វិនិយោគ​នៅក្នុង​ក្លិប​នេះ​នៅ​ឆ្នាំ​ ២០០៧ ហើយ​តាមរយៈ​ក្រុមហ៊ុន​របស់​គាត់ Kroenke Sports Enterprises (KSE) គឺ​គាត់​បាន​បន្ត​បង្កើន​ភាគហ៊ុន​របស់​ខ្លួន​រហូត​ទាល់​តែ​រូបគាត់​បាន​គ្រប់គ្រង​ពេញលេញ​នៅ​ក្លិប​នេះ​នៅ​ក្នុង​ឆ្នាំ​ ២០១៨​។

របាយការណ៍​រួម​នេះ​បាន​បន្ត​ទៀត​ថា​៖ «​នៅ​ខាង​ក្រៅ​ទីលាន​ប្រកួត ពួកគេ​មិន​ដែល​យក​ចិត្ត​ទុកដាក់​ចំពោះ​យើង​ទេ មិន​ដែល​ស្ដាប់​យើង​ទេ ឬ​មិន​ឲ្យ​តម្លៃ​យើង​ឡើយ​»​។

របាយការណ៍​នេះ​បាន​បន្ថែម​ថា​៖ «​ក្លិប​យើង​មាន​អារម្មណ៍​ដូចជា​រថយន្ត​បណ្ដាក់ទុន​ ១ ​គ្រឿង​ក្រោម​ការបញ្ជា​របស់​ម្ចាស់​ក្លិប​នេះ​ដែល​គាត់​មិន​បាន​ជួយ​ឲ្យ​ក្លិប Arsenal ឈ្នះ​ពានរង្វាន់​នោះ​ទេ ហើយ​វា​គួរ​ឲ្យ​សោកស្ដាយ​ដែល​ថា ស្ថាប័ន​ដ៏សំខាន់​មួយ​ដូចជា​ក្លិប Arsenal នេះ​មាន​អ្នកគ្រប់គ្រង​អសកម្ម​បែប​នេះ​សោះ​»​។

ការអំពាវនាវ​នេះ​បាន​កើតឡើង​ដំណាល​គ្នា​នឹង​ក្លិប Arsenal ដែល​កំពុង​ប្រកួត​បើក​ឆាក​មិត្តភាព​ជាមួយ​ក្លិប Colorado Rapids នៅក្នុង​ការប្រកួត​មុន​រដូវកាល​លើក​ដំបូង​របស់​ខ្លួន​នៅក្នុងពេល​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ចន្ទ​។

ក្នុង​ការប្រកួត​មិត្តភាព​នេះ​ក្លិប Arsenal បាន​ឈ្នះ​ក្លិប Colorado ៣-០ ហើយ​កីឡាករ​រក​បាន​គ្រាប់​បាល់​សម្រាប់​ក្លិប​នេះ​គឺ​កីឡាករ Gabriel Martinelli, Bukayo Saka និង James Olayinka នៅក្នុង​កីឡដ្ឋាន Sporting Goods Park ក្នុង​ទីក្រុង Denver រដ្ឋ Colorado សហរដ្ឋ​-​អាមេរិក​។

ក្លិប Arsenal បាន​ចាប់ផ្ដើម​បង្កើត​ក្រុម​បម្រុង​មួយ ខណៈ​ពួកគេ​ចាប់ផ្ដើម​បង្កើន​សមត្ថភាព​ឆ្ពោះ​ទៅ​រក​រដូវកាល Premier League ក្រោយពី​បាត់បង់​ឱកាស​លេង​នៅក្នុង​ក្របខ័ណ្ឌ Champions League៕ SN