ក្រុងវេសប្រោមវិច​: អ្នក​ចាំទី​ Alisson Becker របស់​ក្រុម Liverpool តែតបាល់​​បញ្ចូល​ទី​ នូវ​គ្រាប់​បាល់​​ជ័យជម្នះ​ នៅ​នាទីទី​៩០+៥ ខណៈ​ក្រុម​ហង្សក្រហម​ វាយ​បក​យក​ឈ្នះ ២-១ លើ​ក្រុម West Brom កាល​ពី​ថ្ងៃ​អាទិត្យ ដើម្បី​ជួយ​ឱ្យ​ក្ដី​សង្ឃឹម ក្នុង​ការ​ប្រជែង​យក​កៅអី សម្រាប់​ទៅ​លេង នៅ​ក្រប​ខ័ណ្ឌ Champions League រដូវកាល​ក្រោយ នៅ​មិន​ទាន់​រលាយ​បាត់​ពី​ដៃ​របស់​ខ្លួន​នោះ​ទេ​។​

ក្រុម​របស់​លោក Jurgen Klopp នឹង​ត្រូវ​ការ​ការ​អនុគ្រោះ​ពី​ក្រុម Leicester និង Chelsea ក្នុង​ការ​ប្រកួត ២ ​លើក​ចុង​ក្រោយ​នៃ​រដូវ​កាល បើ​ពួក​គេ​មិន​អាច​ឈ្នះ​ក្រុម West Brom ដែល​ធ្លាក់​ទៅ​លេងនៅ​លីគ​ទី២ រួច​ហើយទេ​​នោះ តែ​កីឡាករ​អន្តជាតិ​ប្រេស៊ីល Alisson បាន​ឡើង​ទៅ​ធ្វើ​​ជាខ្សែ​ប្រយុទ្ធ ពេល​ Liverpool ទាត់​​បាល់​ជ្រុង ក្នុង​ម៉ោង​បន្ថែម​បង្រ្គប់​មាន​របួស​ ហើយ​តែត​ទម្លុះ​សំណាញ់ទី​របស់​ក្រុម​ម្ចាស់​ផ្ទះ​ ជាមួយ​នឹង​ការ​បញ្ជូន​របស់ Trent Alexander-Arnold​។

ការ​ដណ្ដើម​បាន ៣ ពិន្ទុ​នេះ ឃើញ​ថា​ Liverpool តាម ១ ពិន្ទុ​ពី​ក្រោយ​ក្រុម​លេខ ៤ Chelsea និង ៣ ពិន្ទុ​ ពី​ក្រោយ​ក្រុម​លេខ ៣ Leicester ហើយ​ដោយ​ក្រុម​នៅ​ពីលើ​ទាំង ២ នេះ ត្រូវ​ប្រឈម​ជាមួយ​គ្នាថ្មី​ម្ដង​ទៀត ក្រោយ​ជួប​គ្នា​នៅ FA Cup ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ កាល​ពី​ថ្ងៃ​សៅរ៍​ នោះ​ ការ​ឈ្នះ​លើ​ក្រុម Burnley និង Crystal Palace នឹង​នាំ​ឱ្យ Liverpool ឈរ​ក្នុង​ចំណោម​ក្រុមនៅ​ទី​កំពូល​ទាំង ៤ (Top4) ក្នុង​តារាង​ក្រប​ខ័ណ្ឌ Premier League មិន​ខាន​ឡើយ​។

ឪពុក​របស់​កីឡាករ Alisson បាន​លា​ចាក​លោក កាល​ពី​ខែ​កុម្ភៈ ដោយ​សារ​លង់​ទឹកក្នុង​ប្រទេស​កំណើត​ប្រេស៊ីល ដូច្នេះ​អ្នក​ចាំទី​វ័យ ២៨ ​ឆ្នាំ Alisson បាន​ឧទ្ទិស​គ្រាប់​បាល់​នេះ​ដល់​ព្រលឹង​​ឪពុក​របស់​ខ្លួន​។

Alisson បាន​ប្រាប់​ទូរទស្សន៍ Sky Sports ថា​៖ «​វា​ជា​រឿង​រំជួល​ចិត្ត​ខ្លាំង​ណាស់​។ រយៈ​ពេល​ប៉ុន្មាន​ខែ​នេះ សម្រាប់​គ្រប់​យ៉ាង ដែល​បាន​កើត​ឡើង​ចំពោះ​ខ្ញុំ​ តែ​បាល់​ទាត់​ គឺ​ជា​ជីវិត​របស់​ខ្ញុំ​។ ខ្ញុំ​លេង​បាល់​តាំង​ពី​ខ្ញុំ​ដឹង​ក្ដី​ជាមួយ​ឪពុក​របស់​ខ្ញុំ​។ ខ្ញុំ​សង្ឃឹមថា គាត់​នៅ​ទី​នេះ មើល​ឃើញ​គ្រាប់​បាល់​នេះ តែ​ខ្ញុំ​ជឿថា​ គាត់​បាន​ឃើញ​ ដោយ​មាន​ព្រះ​ជា​ម្ចាស់ នៅ​ក្បែរ​គាត់ ហើយ​គាត់​កំពុង​ធ្វើ​ការ​អបអរ​»​។​

យ៉ាង​ណាខ្សែ​ប្រយុទ្ធ Hal Robson-Kanu ស៊ុត​ឱ្យ​ក្រុម West Brom នាំ​មុខ នៅ​នាទីទី​ ១៥ តែ​​ក្រុម Liverpool តាម​ស្មើ​ដោយ​គ្រាប់​បាល់​របស់​ខ្សែ​ប្រយុទ្ធ​ដ៏​គ្រោះ​ថ្នាក់​ Mohamed Salah នៅ​នាទីទី​៣៣ ហើយ Alisson តែត​ឱ្យ​ក្រុម​ជើង​ឯកចាស់​របស់​លីគ​កំពូល​​ឈ្នះ​នៅ​វិនាទី​ចុង​ក្រោយ​នៃ​ការ​ប្រកួត​នេះ​៕ AFP/VN