ក្រុង​មែលប៊ន: អត្តពលិក​វាយ​កូន​បាល់ (តិន្នីស) ២​ នាក់​បន្ថែម​ទៀត ដែល​ចូល​រួម​ប្រកួត ក្នុង​កម្មវិធី Australian Open នា​ប្រទេស​អូស្ត្រាលី ទទួល​បាន​លទ្ធផល​វិជ្ជមាន​វីរុស​កូរ៉ូណា​។ នេះ​បើ​តាមការ​ឱ្យ​ដឹង​ពី​មន្ត្រី​ការ​ប្រកួតកាល​ពី​ថ្ងៃ​ពុធ ដោយ​នាំ​ឱ្យ​ចំនួន​​វិជ្ជមានសម្រាប់​អ្នក​ដែល​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​នេះ ​កើន​ឡើង​ដល់ ១០​ ករណី​។

វា​គឺ​ជា​ផល​ប៉ះ​ពាល់​ថ្មី​ចុង​ក្រោយ​ សម្រាប់​​ការ​ត្រៀម​រៀប​ចំ​ការ​ប្រកួត​ប្រជែង​ដណ្ដើម​ពាន​រង្វាន់​ Grand Slam ដំបូង​គេ​ប្រចាំ​ឆ្នាំ នាក្រុង​មែលប៊ន ដែល​ត្រូវ​បាន​ពន្យារ​ពេល​រួច​ម្ដង​ទៅ​ហើយ រយៈ​ពេល ៣ ​សប្ដាហ៍ ដោយសារ​តែ​ការ​រាត​ត្បាត​នៃ​ជំងឺ​ឆ្លង​នេះ​។

ករណី​ឆ្លង​ហូរ​ហែ ដែល​ត្រូវ​បាន​រក​ឃើញ​ដោយ​មន្រ្តី​អូស្ត្រាលី បាន​ធ្វើ​ឱ្យ​កីឡាករ​កីឡាការិនី ៧២ ​នាក់​ ត្រូវ​នៅ​តែ​ក្នុង​បន្ទប់​សណ្ឋាគារ​របស់​ពួក​គេ​ រយៈ​ពេល ២ ​សប្ដាហ៍​។

រដ្ឋ​មន្រ្តី​ប៉ូលិសរបស់​រដ្ឋ Victoria អ្នក​ស្រី Lisa Neville បាន​ឱ្យ​ដឹង​ថា កីឡាករ​អាជីព ២ រូប និង​មិន​មែន​ជា​កីឡាករ ២​ រូប ដែល​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​នេះ បាន​ធ្វើ​តេស្ត​វិជមាន នៅ​​ ២៤ ម៉ោង​ចុង​ក្រោយ​នេះ​។

អ្នក​ស្រីបាន​ប្រាប់​អ្នក​សារព័ត៌​មាន​ថា អត្ត​ពលិក​ម្នាក់នឹង​ត្រូវ​ដាក់​ឱ្យ​នៅ​ដាច់​ឡែកពី​គេ​ទាំង​ស្រុង ព្រោះ​គាត់​បាន​ធ្វើ​ដំណើរ​មក​តាម​ជើង​ហោះ​ហើរ​មួយ ដែល​យើង​រក​ឃើញ​មាន​ករណី​វិជ្ជាមាន​។​

ករណី​ជា​ច្រើន​ ដែល​ត្រូវ​បាន​ប្រកាស​នៅ​មុន​ហ្នឹងថា វិជ្ជមានត្រូវ​បាន​​បញ្ចេញ​ជា​សាធរណៈ​វិញ​ថា​ អត់​មាន​ជំងឺ​ឆ្លង​នេះនោះ​ទេ ដោយ​មាន​ន័យ​ថា ចំនួនដែល​ត្រូវ​បាន​អះអាងនៃ​ករ​ណី​នេះ ក្នុង​ចំណោមក្រុម​អ្នក​ចូលរួម​ប្រកួត​ប្រជែង ឥឡូវ​នេះ មាន​ចំនួន ១០​ ករណី​។​

គ្រប់​ក្រុម​ទាំង​អស់ កំពុង​នៅ​ដាច់់​ឡែក ក្នុង​រយៈ​ពេល​ ១៤​ ថ្ងៃ ដោយ​អត្ត​ពលិក ដែល​មិន​បាន​ទាក់​ទង​ជិត​ដិត​នឹង​អ្នក​វិជ្ជមាន ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញ​ក្រៅ ដើម្បី​ធ្វើ​ការ​ហ្វឹក​ហាត់​រយៈ​ពេល​រហូត​ដល់​ ៥​ ម៉ោង ក្នុង​ ១ ​ថ្ងៃ​ នៅ​ឯ​កន្លែង​ ដែល​បាន​កំណត់​ទុក។​

លក្ខខណ្ឌ​នោះ បាន​ធ្វើ​ឱ្យ​មាន​ការ​រអ៊ូរទាំ​ពី​កីឡាករ​ឆ្នើ​មៗ​ចំនួន ក្នុង​នោះ​មាន​ទាំង​កីឡាករចំណាត់​ថ្នាក់ទី ១៣ របស់​ពិភពលោក Roberto Bautista Agut ដែល​ប្រាប់​ទូរទស្សន៍​មួយ​ថា ការ​ធ្វើ​ចត្តាឡីស័ក​នោះ ដូច​នៅ​ក្នុង​ពន្ធនាគារ ដែល​មាន​ហវ៉ាយហ្វាយ​អ៊ីចឹង​។

តែ​ក្រោយ​មកកីឡាករ​អេស្ប៉ាញ​រូប​នេះ បាន​ធ្វើ​ការ​សុំ​ទោសតាម​រយៈ​គណនី Twitter ថា​៖ «​ដល់​អ្នក​គ្រប់​គ្នា ដែល​អត់​សប្បាយ​ចិត្ត​នឹង​ការ​លើក​ឡើង​របស់​ខ្ញុំ​។ ការនិយាយ​នោះ គឺ​ជា​ការ​សន្ទនា​ឯក​ជន ដែល​ធ្វើ​ឡើង​ក្រៅ​ប្រធាន​បទ​»​។​

Bautista Agut បាន​សរសេរ​រៀប​រាប់​ថា​៖ «​ខ្ញុំ​ចង់​អរគុណ​ដល់​មនុស្ស​គ្រប់​គ្នា ដែលកំពុង​ធ្វើ​ឱ្យ​ការ​ប្រកួត​តិន្នីស​អាច​កើត​ឡើង​ម្ដង​ទៀត​។ ដូច​គ្នា​ផងដែរ ដល់​អ្នក​ទាំង​អស់​គ្នា ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ ១៩ រាល់​ថ្ងៃ។ ការ​គ្រប់​គ្រង​ ដែល​ត្រូវ​បាន​ធ្វើ​ឡើង ណោ​អូស្ត្រាលី ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នូវ​វី​រុសនេះ គួរ​ឱ្យ​សរសើរ​ណាស់​»​។​

តែ​ទោះ​ជា​យ៉ាង​ណា​ គណៈ​កម្មការ​ទទួល​ខុសត្រូវ​រៀប​ចំ​ការ​ប្រកួត បាន​និយាយ​ដដែល​ៗ​ថា អត្តពលិក​ភាគ​ច្រើនបំផុត ​ទទួល​យក​ការ​នៅ​ដោយ​ឡែក​របស់​ពួកគេ ដោយ​មិន​មាន​ការ​តវ៉ា​អ្វី​ទាំងអស់​។ កម្មវិធី Australian Open គ្រោង​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​ ៨ ខែ​កុម្ភៈ​ ខាង​មុន​នេះ​៕ AFP/VN