ភ្នំពេញៈ ដោយ​មាន​ការជំរុញ និង​លើក​ទឹកចិត្ត​ពី​ឪពុក​ដែល​ជា​អ្នកចេះ និង​ស្រឡាញ់​ខ្លាំង​ទៅ​លើ​ការអភិរក្ស​ក្បាច់គុន​បុរាណ​ខ្មែរ​នោះ​បាន​ធ្វើឲ្យ​បងប្អូន​ស្រី​ ២ ​នាក់​មាន​ឈាមជ័រ​ជា​ខ្មែរ​កម្ពុជា​ក្រោម​បាន​និង​កំពុង​ដក់ចិត្ត​កាន់តែ​ជ្រៅ​ទៅលើ​ការខិតខំ​ហ្វឹកហាត់​កីឡា​ចំបាប់ ដើម្បី​ឆ្ពោះ​ទៅ​សម្រេច​បំណង និង​មហិច្ឆតា​ដ៏ធំ​របស់​ពួកគេ​គឺ​ការប្រជែង​រក​មេដាយ​ឲ្យ​បាន​ពី​ការប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​ជូន​ជាតិ​មាតុភូមិ​។

«​ទុក​តែ​ភ្នែក​ទាំង​ ២ ​ឲ្យ​ខ្ញុំ​បាន​ហើយ​» នេះ​ជា​បណ្តាំ​របស់​ព្រះតេជគុណ ឡឹម ជា នៅ​ពេល​ព្រះអង្គ​បាន​នាំ​យក​កូនស្រី​ទាំង​ ២ ​នាក់​គឺ ឡឹម គីមលៀង និង ឡឹម គីមឡៃ មក​ផ្ញើ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​ឲ្យ​ជួយ​មើលថែ និង​ជួយ​បង្ហាត់​លើ​ជំនាញ​ចំបាប់​ដោយ​ព្រះអង្គ​មាន​ការរំពឹង​ថា កូនស្រី​ទាំង​ ២ ​នាក់​ដែល​ចូលចិត្ត​ការវ៉ៃតប់​ដូច​ប្រុសៗ​នោះ​នឹង​អាច​ស្វែងរក​អនាគត​ដ៏ប្រសើរ​មួយ​នៅ​ខ្មែរ​កណ្តាល ជាពិសេស​អាច​សាង​ភាព​ល្បីល្បាញ​ដើម្បី​ចូលរួម​អភិរក្ស​ចំបាប់​របស់​ខ្មែរ​។

នៅក្នុង​បទសម្ភាស​ជាមួយ​ភ្នំពេញ ប៉ុស្តិ៍ កីឡាការិនី​វ័យ​ ១៨ ​ឆ្នាំ ឡឹម គីមលៀង ដែល​ជា​បងស្រី និង ឡឹម គីមឡៃ ជា​ប្អូនស្រី និង​មាន​អាយុ​ ១៤ ​ឆ្នាំ​សុទ្ធតែ​បាន​បង្ហាញ​អារម្មណ៍​ភ័យខ្លាច​មុន​ពេល​ពួកគេ​បាន​ចូល​មក​ហ្វឹកហាត់​ចំបាប់​នៅ​សាល​ដំបូលទូក​នៃ​ពហុកីឡដ្ឋាន​ជាតិ ប៉ុន្តែ​ពេល​នេះ​ក្មេងស្រី​ដែល​មាន​កាយសម្បទា​ដ៏អំណោយផល​ទាំង​ ២ ​នេះ​សុទ្ធតែ​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការសាង​ភាពល្បីល្បាញ​គឺ​ត្រូវ​ប្រជែង​រក​មេដាយ​នៅលើ​ឆាក​អន្តរជាតិ​។

ឡឹម គីមលៀង ដែល​មាន​កម្ពស់​ ១,៦៨ ​ម៉ែត្រ និង​មាន​ទម្ងន់​ ៥៧,៥ ​គីឡូក្រាម​បាន​និយាយ​ថា​៖ «​ដំបូង​ឡើយ ខ្ញុំ​មាន​អារម្មណ៍​ភ័យ និង​មិន​ចង់​មក​ហាត់​ចំបាប់​ទេ​ដោយសារ​ខ្ញុំ​មិន​ធ្លាប់​ហាត់​ចំបាប់​ពី​មុន​មក​នោះទេ ប៉ុន្តែ​ដោយសារ​ប៉ា​ជំរុញ និង​លើក​ទឹកចិត្ត​បាន​ធ្វើឲ្យ​ខ្ញុំ​សម្រេច​មក​ហាត់​ចំបាប់ ហើយ​ពេលនេះ​ខ្ញុំ​បែរ​ជា​ស្រឡាញ់ និង​ចូលចិត្ត​ហ្វឹកហាត់​ចំបាប់​ខ្លាំង​មែនទែន​»​។

យ៉ាងណា​ក៏ដោយ គីមលៀង ដែល​កំពុង​រៀន​ថ្នាក់​ទី​ ១១ ​ផង​នោះ​បាន​ទទួល​ស្គាល់​ថា តាមរយៈ​ការ​ចូលមក​ហ្វឹកហាត់​បាន​ជាង​ ៤ ​ខែ​នេះ​គឺ​នាង​នៅ​ខ្សោយ​កម្លាំង​។ «​បច្ចុប្បន្ន​ខ្ញុំ​រាង​ខ្សោយកម្លាំង ប៉ុន្តែ​ទឹកចិត្ត​របស់​ខ្ញុំ​មុតមាំ​ខ្លាំងណាស់​។ ខ្ញុំ​នឹង​ពុះពារ​ជម្នះ​ការលំបាក ដើម្បី​សម្រេច​ក្តី​បំណង​របស់​ខ្ញុំ​គឺ​ការស្វែងរក​មេដាយ​នៅ​លើ​ឆាក​អន្តរជាតិ ហើយ​ខ្ញុំ​នឹង​មិន​បោះបង់​ចោល​ចំបាប់​នោះ​ទេ គឺ​ខ្ញុំ​នឹង​ខំ​ហ្វឹកហាត់​ឲ្យ​បាន​ខ្លាំង​»​។

ចំណែក​កីឡាការិនី​វ័យក្មេង​កម្ពស់​ ១,៦២ ​ម៉ែត្រ ទម្ងន់​ ៥១ ​គីឡូក្រាម ឡឹម គីមឡៃ ដែល​បាន​មក​ចូល​ហាត់​ចំបាប់​មុន​បងស្រី​របស់​គេ ហើយ​បាន​ជាប់​ក្នុង​ក្រុម​ថ្នាល​ចំបាប់​ជម្រើស​ជាតិ​នោះ​គឺ​មាន​មហិច្ឆតា​ខ្ពស់ជាង គីមលៀង ទៅ​ទៀត​។ គីមឡៃ មាន​ចរិត​ដូច​មនុស្ស​ប្រុស និង​មាន​ភាពជឿជាក់​ខ្លាំង​លើ​ខ្លួនឯង ហើយ​តាំងពី​កុមារភាព​ក្មេងស្រី​ម្នាក់​នេះ​មិន​ដែល​ខ្លាច​លើ​ការវ៉ៃតប់​ជាមួយ​ក្មេងប្រុសៗ​នោះ​ទេ​។

ជាមួយ​សម្តី​ធ្ងន់ៗ គីមឡៃ ដែល​កំពុង​រៀន​ថ្នាក់​ទី​ ៧ បាន​និយាយ​ថា​៖ «​ដំបូង​ឡើយ​ប៉ា​ឲ្យ​ខ្ញុំ​មក​ហាត់​ចំបាប់​ត្រឹម​ការពារ​ខ្លួន ប៉ុន្តែ​ខ្ញុំ​នឹង​ខំប្រឹង​ហ្វឹកហាត់​ឲ្យ​បាន​ខ្លាំង និង​ប្រកួត​ឲ្យ​បាន​មេដាយ ព្រោះ​ខ្ញុំ​ចង់​មាន​ឈ្មោះ​ល្បី នៅពេល​អនាគត និង​ចង់​ជួយ​ឲ្យ​ចំបាប់​ខ្មែរ​កាន់តែ​មាន​ឈ្មោះ​ល្បីល្បាញ​នៅ​លើ​ឆាក​អន្តរជាតិ​»​។

លោកគ្រូ ចាប លឿន កំពុង​បង្ហាត់​ពី​របៀប​ចាប់ជើង​ក្រោម​ដល់​បងប្អូន​ស្រី​កម្ពុជា​ក្រោម​ទាំង​ ២ ​នាក់​ក្នុង​ពេល​ហ្វឹកហាត់​កាលពី​ថ្ងៃ​អង្គារ​។ រូប ណន

ឡឹម គីមឡៃ បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​ជឿជាក់​ថា​ខ្ញុំ​នឹង​សម្រេច​ក្តីបំណង​នេះ​បាន ព្រោះ​ខ្ញុំ​មាន​ទឹកចិត្ត និង​ឆន្ទៈ​មុតមាំ​។ ខ្ញុំ​នឹង​ខំ​ពុះពារ​ហ្វឹកហាត់​ឲ្យ​បាន​ខ្លាំង ខណៈ​ពេល​នេះ​ចិត្ត​របស់​ខ្ញុំ​ស្រឡាញ់​ចំបាប់​មែនទែន ហើយ​ខ្ញុំ​ជឿ​ថា សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា និង​ថ្នាក់ដឹកនាំ​នឹង​ជួយ​ជ្រោមជ្រែង​ដល់​រូបខ្ញុំ ដើម្បី​ខ្ញុំ​អាច​មាន​សមត្ថភាព​ឈាន​ទៅ​ដល់​កម្រិត​មួយ​ដែល​អាច​ដណ្តើម​មេដាយ​ពី​ការប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​ជូន​ជាតិ​»​។

ចំណែក​លោក ធិន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា និង​ជា​អ្នក​ជួយ​រ៉ាប់រង​ឲ្យ ឡឹម គីមលៀង និង ឡឹម គីមឡៃ បាន​បន្ត​ការសិក្សា​រៀនសូត្រ​នៅ​សាលា​បាក់ទូក​នោះ​មាន​ការពេញចិត្ត​ខ្លាំង​ទៅ​លើ​ឆន្ទៈ​របស់​បង​ប្អូនស្រី​មកពី​កម្ពុជា​ក្រោម​ទាំង​ ២ ​នេះ​ហើយ​លោក​រំពឹង​ថា​អ្នក​ទាំង​ ២ ​នឹង​ក្លាយ​ជា​បេក្ខភាព​ក្នុង​ចំណោម​បេក្ខភាព​កីឡាការិនី​កម្ពុជា​ផ្សេងៗ​ទៀត​ដែល​អាចជួយ​សម្រេច​ទិសដៅ​ក្នុង​ការឈ្នះ​មេដាយមាស​នៅក្នុង​ការប្រកួត ស៊ីហ្គេម ឆ្នាំ​ ២០២៣ នៅ​ប្រទេស​កម្ពុជា​។

លោក​បាន​និយាយ​ថា​៖ «​ខ្ញុំ ឃើញ​បងប្អូន​ភ្លោះ​ជនជាតិ​រុស្ស៊ី​ ២ ​នាក់​មាន​សមត្ថភាព​ខ្លាំង​ដោយ​បាន​ឈ្នះ​មេដាយ​អូឡាំពិក និង​មេដាយ​ពិភពលោក​ច្រើន​ជំនាន់​គួរសម អ៊ីចឹង​ហើយ​ការ​ចូល​មក​ហ្វឹកហាត់​ចំបាប់​របស់​បង​ប្អូនស្រីៗ​ ២ ​នាក់​នេះ​គឺ​ក្តី​ស្រមៃ​របស់​ខ្ញុំ ទោះ​មិន​ដល់​មេដាយ​អូឡាំពិក និង​កម្រិត​អាស៊ី​ក្តី ប៉ុន្តែ​បំណង​របស់​យើង​គឺ​ចង់​ឲ្យ​ពួកគេ​បាន​មេដាយមាស​ការប្រកួត​ស៊ីហ្គេម​ដែរ​»​។

អគ្គលេខាធិការ​រូប​នេះ​បាន​បន្ថែម​ថា​៖ «​សព្វថ្ងៃ​ពួកគាត់​ទាំង​ ២ ​នាក់​អត់​ទាន់​ដឹងថា ខ្លួនឯង​មាន​អី និង​ខ្វះ​អី​នោះ​ទេ តែ​យើង​ជា​គ្រូ និង​ជា​អ្នក​បច្ចេកទេស​របស់​សហព័ន្ធ​ដឹង​ច្បាស់ ប៉ុន្តែ​អ្វី​ដែល​ល្អ​បំផុត​ដែល​គាត់​មក​ហាត់​ចំបាប់​នេះ​គឺ​គាត់​មាន​ឆន្ទៈ​ខ្ពស់​មាន​កាយសម្បទា​ល្អ និង​មាន​ការ​ជំរុញ​ពី​ឪពុកម្តាយ​គឺ​ឪពុក​របស់​គាត់​ផ្តាំ​ខ្ញុំ​ថា ទុក​តែ​ភ្នែក​ទាំង​ ២ ​ឲ្យ​គាត់​បាន​ហើយ ដែល​នេះ​ជា​ចំណុច​សំខាន់ រីឯ​បញ្ហា​ពាក់ព័ន្ធ​នឹង​កម្លាំង និង​បច្ចេកទេស វា​ជា​រឿង​ក្រោយ​ទេ​គឺ​ឲ្យ​តែ​គាត់​មាន​ចំណុច​សំខាន់​ទាំង​ ៣ ​នេះ​យើង​ស្រួល​អភិវឌ្ឍ​គាត់​ទេ​»​។

បើ​តាម​កាយសម្បទា កម្ពស់ អាយុ និង​ទម្ងន់​ខ្លួន​របស់​បងប្អូនស្រី​កម្ពុជា​ក្រោម​ទាំង​ ២ ​នាក់​នៅពេល​នេះ​លោក ធិន វិចិត្រ បាន​ធ្វើការ​វាយតម្លៃ​ថា​នៅ​ថ្ងៃ​អនាគត គីមលៀង និង គីមឡៃ អាច​មាន​ទម្ងន់​ចូល​ ៧០ ​គីឡូក្រាម​ដែល​ជា​ទម្ងន់​ងាយ​នឹង​ប្រជែង​រក​មេដាយ ហើយ​តាម​ផែនការ​យុទ្ធសាស្ត្រ​របស់​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​គឺ​ចង់​អភិវឌ្ឍ​ក្រុម​ចំបាប់​ជម្រើស​ជាតិ​នារី​ឲ្យ​មាន​សមត្ថភាព​ខ្លាំង​ស្មើ​ទៅ​នឹង​ក្រុម​ចំបាប់​ជម្រើស​ជាតិ​នារី​របស់​វៀតណាម​ដែល​គេ​ចាត់ទុក​ថា​ជា​បងធំ ឬ​ជើង​ខ្លាំង​ប្រចាំ​នៅ​តំបន់​អាស៊ាន​។

ចំណែក​លោក ចាប លឿន គ្រូបង្វឹក​ធំ​ក្រុម​ថ្នាល​ចំបាប់​ជម្រើសជាតិ​បាន​និយាយ​ថា​៖ «​គីមលៀង និង គីមឡៃ មាន​ការរីកចម្រើន​ជាង​មុន ព្រោះ​កាល​មក​ដំបូង​ខ្ញុំ​ឲ្យ​លើក​ដុំដែក​តែ​ ១០ ​គីឡូក្រាម​ឡើង​មិន​រួច​ផង តែ​ពេល​នេះ​មនុស្ស​ទម្ងន់​ ៥០ ​ទៅ​ ៦០ ​គីឡូ គាត់​លី​ឡើង​ផុយ អ៊ីចឹង​មាន​ន័យ​ថា​កម្លាំង​គាត់​កើន ឯ​បច្ចេកទេស​ទើប​បាន​ ៣០ ​ភាគរយ​ទេ ហេតុនេះ​យើង​ជំរុញ​បន្ថែម​ផ្នែក​បច្ចេកទេស ហើយ​តាម​ឆន្ទៈ​របស់​ពួកគាត់ ខ្ញុំ​គិត​ថា​ពួកគាត់​អាច​ឈាន​ទៅ​សម្រេច​ក្តីបំណង​របស់​ពួកគាត់​»៕