ភ្នំពេញៈ សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា​ដែល​បាន​បែក​ចេញ​ពី​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​តាំងពី​ខែ​កុម្ភៈ ឆ្នាំ​ ២០១៧ និង​បាន​បង្កើត​ជា​សហព័ន្ធ​កីឡា​ជាតិ​ស្របច្បាប់​ដោយ​ទទួលស្គាល់​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ជិត​មួយ​អាណត្តិ​ហើយ​នោះ ប៉ុន្តែ​សកម្មភាព​ដឹកនាំ​គ្រប់គ្រង​ការប្រកួត​មិនទាន់​បាន​ផ្តាច់​ចេញ​ពី​គ្នា​នៅ​ឡើយ​។

ជាមួយ​គ្នា​នេះ​សមាសភាព​មន្ត្រី​ថ្នាក់ដឹកនាំ​រវាង​សហព័ន្ធ​កីឡាប្រដាល់​ទាំង​ ២ ​នេះ​គឺ​ ៩៩ ​ភាគរយ​ជា​មនុស្ស​តែមួយ ក្រុម​មុខ​ដដែល តែ​ឈរ​ឈ្មោះ​ជា​គណៈកម្មាធិការ​ប្រតិបត្តិ​ទាំង​ ២ ​សហព័ន្ធ ហើយ​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ មន្ត្រី​ជំនាញ​កីឡា​បាន​ជំរុញ​ឲ្យ​ប្រដាល់​សកល​ជា​ប្រភេទ​កីឡា​អូឡាំពិក គប្បី​បែក​ចេញ​ឲ្យ​ដាច់​ពី​ប្រដាល់​គុន​ខ្មែរ ដើម្បី​ពង្រឹង​សមត្ថភាព​កីឡាករ​ឆ្ពោះ​ទៅ​ស្វែងរក​មេដាយ​ពី​ការប្រកួត​ថា្នក់​តំបន់ ទ្វីប និង​កម្រិត​ពិភពលោក​។

លោក ប៊ុយ សោភ័ណ្ឌ មន្ត្រី​ជំនាញ​កីឡា និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា​និយាយ​ថា​៖ «​តាម​គោលការណ៍​សហព័ន្ធ​ផ្សេង​គ្នា​គឺ​ត្រូវតែ​មាន​សកម្មភាព​ដាច់​ដោយ​ឡែក​ពី​គ្នា​តែ​ប្រភព​ដើម​នៃ​សហព័ន្ធ​ទាំង​ ២ នៅ​ជាមួយ​គ្នា ហើយ​បច្ចុប្បន្ន​បែក​ចេញ​ពី​គ្នា​មាន​ថវិកា​ទ្រទ្រង់​ផ្សេង​គ្នា​គឺ​គប្បី​ចេញ​ពី​គ្នា ប៉ុន្តែ​រឿង​នេះ​នៅលើ​ថ្នាក់ដឹកនាំ​មាន​ប្រធាន​សហព័ន្ធ​ជាដើម ទើប​សម្រេច​បាន​»​។

លោក សោភ័ណ្ឌ ទទួល​ស្គាល់​ថា​ពី​ដំបូង​យើង​ត្រូវការ​សហការ​គ្នា​ដើម្បី​ជួយ​ឲ្យ​ដំណើរការ​បាន ព្រោះ​យើង​ខ្វះ​ធនធាន​មនុស្ស ប៉ុន្តែ​បច្ចុប្បន្ន​យើង​អាច​ផ្តាច់ចេញ​ពី​គ្នា​បាន​ហើយ ដោយសារ​យើង​ដំណើរការ​បាន​ ៣ ​ឆ្នាំ​គឺ​មាន​សមត្ថភាព​ដោយ​ខ្លួនឯង​បាន​។

ផល សោភ័ណ្ឌ (​ឆ្វេង​) ដែល​ធ្លាប់​ប្រដាល់​សកល​បាន​ប្តូរ​មក​វ៉ៃ​គុន​ខ្មែរ​វិញ​។ ស្រេង ម៉េងស្រ៊ុន

តាមរយៈ​ការ​ទ្រទ្រង់​ថវិកា​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រចាំ​ឆ្នាំ​ក្នុង​ការអភិវឌ្ឍ​ដូចជា​ជា​បង្កើត​ឲ្យ​មាន​វគ្គបណ្តុះបណ្តាល​គ្រូបង្វឹក ជំនាញ​រដ្ឋបាល​កីឡា​ និង​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ប្រចាំ​ឆ្នាំ​ផង​នោះ សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា​មាន​ថវិកា​ខ្ទង់​ ៨០ ​លាន​រៀល ខណៈ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​មាន​ថវិកា​ទ្រទ្រង់​ចំនួន​ ១០០ ​លាន​រៀល​។ ហេតុ​នេះ​មន្ត្រី​ជំនាញ​កីឡា​បាន​ជំរុញ​ថា គួរតែ​មាន​សកម្មភាព​ផ្តាច់ចេញ​ពី​គ្នា​ដើម្បី​ស្វែងរក​ភាព​រីកចម្រើន​ដូចគ្នា ព្រោះ​សហព័ន្ធ​ខុស​គ្នា​ចាយលុយ​ផ្សេង​ពី​គ្នា ហើយ​សមាសភាព​ថ្នាក់ដឹកនាំ​គួរ​កែសម្រួល​កុំ​ឲ្យ​ត្រួត​ស៊ី​គ្នា​ច្រើន​ពេក​។

លោក តែម ម៉ឺន អគ្គលេខាធិការរង NOCC និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​ថ្លែង​ថា​៖ «​តាមពិត​គឺ​ល្មម​ដល់​ពេល​ប្រដាល់​ទាំង​ ២ មាន​សកម្មភាព​ប្រកួត​ដាច់​ចេញ​ពី​គ្នា​ហើយ ចំណែកឯ​សមាសភាព​ថ្នាក់ដឹកនាំ​ក៏​គួរតែ​សម្រួល​កុំ​ឲ្យ​មាន​តួនាទី​ត្រួត​គ្នា​ច្រើន​ពេក​។​ ​ខ្ញុំ​គាំទ្រ​ឲ្យ​ដាច់​ពី​គ្នា ព្រោះ​ថវិកា​ចំណាយ​ប្រកួត​ក្តី វគ្គ​បណ្តុះបណ្តាល​ក្តី​ក៏​ផ្សេង​គ្នា​ដែរ​»​។

យ៉ាងណា​ក៏ដោយ​នៅក្នុង​សេចក្តី​សម្រេច​របស់ NOCC ក៏ដូចជា​ក្រសួង​អប់រំ នៅ​ខែ​កុម្ភៈ​ឆ្នាំ​ ២០១៩ សមាសភាព​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​ប្រដាល់សកល និង​ប្រដាល់​គុន​ខ្មែរ ៩៩ ​ភាគរយ​គឺ​មនុស្ស​តែមួយ​។ ភ័ស្តុតាង​ដែល​នៅ​ជា​ធរមាន​បង្ហាញ​យ៉ាងច្បាស់​ថា លោក ឆឹង យ៉ៅយ៉េន ជា​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​សកល​ផង និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ផង​លោក វ៉ា ស៊ិនភិរម្យ អនុ​ទី​ ១ ប្រដាល់​សកល និង​ជា​អនុប្រធាន​ប្រដាល់​គុន​ខ្មែរ លោក ម៉ិល កាដូ ជា​អគ្គលេខាធិការ​ប្រដាល់​គុន​ខ្មែរ និង​ជា​អនុប្រធាន​ប្រដាល់​សកល ហើយ​គណៈកម្មាធិការ​ប្រតិបត្តិ​មួយ​ចំនួន​ដូចជា​លោក ប៉ឹង សំអាង លោក និន ភិរម្យ លោក រាជ សុផែន លោក ចាន់ សុទ្ធ លោក មាស សុខគ្រី លោក ទេស សូ លោក ជួន សុខវ៉ាន់ឌី និង​លោក ថុក ប៊ុនធឿន មាន​ឈ្មោះ​នៅក្នុង​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ផង និង​នៅ​សហព័ន្ធ​កីឡាប្រដាល់​សកល​ផង​គឺជា​មនុស្ស​តែ​មួយ​។

លោក​វេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា មិន​អាច​ទាក់ទង​បាន​ទេ​កាលពី​ម្សិលមិញ​។ ចំណែក​លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និង​ជា​អ្នកជំនាញ​គ្រប់គ្រង​កីឡា​បាន​ថ្លែងថា​៖ «​វា​ល្មម​ដល់​ពេល​សហព័ន្ធ​ទាំង​ ២ ​ចែក​គ្នា​ឲ្យ​ដាច់ ព្រោះ​កីឡា​មួយ​ប្រភេទ​គឺ​មាន​លក្ខខណ្ឌ និង​ច្បាប់​ខុស​ពី​គ្នា​»​។

លោក ចំរើន បន្ត​ថា​៖ «​តាម​ទស្សនៈ​របស់​ខ្ញុំ អ្នក​ប្រដាល់​សកល​ដែល​កំពុង​ហ្វឹកហាត់​ជម្រើស​ជាតិ​មិន​គប្បី​ឲ្យ​ទៅ​ប្រកួត​គុន​ខ្មែរ​នោះ​ទេ វា​មិន​ចំ​គោលដៅ ដែល​យើង​បណ្តុះបណ្តាល សម្រួច​ទៅ​រក​មេដាយ ហើយ​ការបណ្តោយ​ឲ្យ​គាត់​ទៅ​ប្រកួត​គុន​ខ្មែរ​តាម​សង្វៀន​ឯកជន ដើម្បី​រកប្រាក់ វា​ជា​រឿង​ខុស​ឆ្គង​មួយ ដែល​គួរ​តែ​ខិតខំ​ចៀសវាង​ឲ្យ​បាន​»​។

លោក វ៉ាត់ ចំរើន បាន​បន្ថែម​ថា​៖ «​ប្រដាល់​សកល បើ​សិន​ប្រឹងប្រែង​ខ្លាំង ប្រកួត​ដណ្តើម​បាន​មេដាយ​លើ​ឆាក​អន្តរជាតិ​គឺ​ទទួល​បាន​រង្វាន់​ច្រើន​ណាស់ ប៉ុន្តែ​កីឡាករ​យើង​បច្ចុប្បន្ន​មិន​សម្លឹង​ឲ្យ​ឆ្ងាយ​គឺ​គិត​តែ​ប្រកួត​ភ្លាម​បាន​លុយ​ភ្លាម​ក្នុង​គុន​ខ្មែរ​រាល់​សប្តាហ៍​។ ហេតុ​នេះ ខ្ញុំ​លើក​ទឹក​ចិត្ត​ឲ្យ​សហព័ន្ធ​ប្រដាល់​ទាំង​ ២ ខិតខំ​ធ្វើ​សកម្មភាព​ដាច់​ដោយ​ឡែក​ពី​គ្នា​ក្នុង​ការប្រកួត ហើយ​សមាសភាព​ថ្នាក់​ដឹកនាំ​គួរតែ​ពិនិត្យ​ឡើង​វិញ ព្រោះ​ក្នុង​ឋានៈ​ជា​ស្ថាប័ន​កីឡា​ NOCC មិន​អាច​លូកដៃ​ចូល​ផ្ទៃក្នុង​សហព័ន្ធ​កីឡា​ជាតិ​បាន​ទេ​»៕