ភ្នំពេញ៖ ​ប្រដាល់​គុន​ខ្មែរ​ខ្សែ​ក្រវាត់​គោ​ជល់​ រដូវកាល​ទី ​២ ​ឆ្នាំ ​២០២០​ បាន​បន្ត​​ចាប់​​ផ្តើម​ប្រកួត​ជម្រុះ​​​តាម​ខេត្ត-រាជធានី ​ចំនួន ​៥​ រវាង​កីឡាករ​លំដាប់​ខ្លាំង​ៗ​ ទម្ងន់ ​៥៧ ​គីឡូក្រាម​ សរុប ​១៦ ​នាក់​ ដើម្បី​ប្រជែង​យក​ខ្សែ​ក្រវាត់​ដែល​មាន​ទំហំ​ទឹក​ប្រាក់​​ ​៥ ​០០០ ​ដុល្លារ ​ខណៈ​ដែល​ការ​ប្រកួត​នា​រដូវកាល​ទី​នេះ​ គ្រោង​នឹង​ចាប់​ផ្តើម​ពី​ខេត្ត​កំពង់ចាម ​និង​បញ្ចប់​នៅ​រាជធានី​ភ្នំពេញ​លើ​សង្វៀន ​​CNC​។​

លោក​ កៅ​ សីហា​ ប្រធាន​ផ្សព្វផ្សាយ​ព័ត៌មាន​នៃ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គោ​ជល់​ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​ថា​ ​កីឡាករ​ចំនួន ​១៦ ​នាក់​ តំណាង​ឲ្យ​ខេត្ត​ចំនួន ​៥​ មាន​​កំពង់ចាម​ បាត់ដំបង​ ភ្នំពេញ​ សៀមរាប​ និងខេត្ត​​កំពង់ធំ ​ប៉ុន្តែ​ការ​ប្រកួត​ជាក់​ស្តែង ​នៅ​ក្នុង​ខេត្ត​ចំនួន ​២ ​ប៉ុណ្ណោះ​ គឺ​នៅ​ខេត្ត​កំពង់ចាម ​និង​បាត់ដំបង​ ចំណែក​ សៀមរាប ​និង​ខេត្ត​កំពង់ធំ ​ត្រូវ​យក​មក​ប្រកួត​នៅ​សង្វៀន​ CNC ​ឫស្សី​កែវ ​រាជធានី​ភ្នំពេញ​ សម្រាប់​វគ្គ ​៨ ​នាក់​ចុង​ក្រោយ​ ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ និង​វគ្គ​ផ្តាច់​ព្រ័ត្រ​តែ​ម្តង​។​

តាម​លោក ​កៅ ​សីហា បាន​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​នេះ នឹង​​ចាប់​ផ្តើម​ដំបូង​នៅ​ខេត្ត​កំពង់ចាម នា​​ថ្ងៃទី ​១៨ ​ខែ​មករា​ ​បន្ទាប់​មក​ខេត្ត​បាត់ដំបង នៅ​​ថ្ងៃទី ​១៥ ​ខែ​កុម្ភៈ ​និង​ត្រឡប់​មក​រាជធានី​ភ្នំពេញ​តែ​ម្តង គឺ​នៅ​​ថ្ងៃទី ​១៤​ ខែ​មីនា ​ប្រកួត​ជម្រុះ​តំណាង​ខេត្ត​សៀមរាប ​ហើយ​ថ្ងៃទី ​១៤ ​ខែ​មេសា​ ជា​ការ​ប្រកួត​តំណាង​ឲ្យ​ខេត្ត​កំពង់ធំ​។​

សម្រាប់​សមាសភាព​កីឡាករ​ទាំង ​១៦ នាក់ ដែល​ត្រូវ​ប្រកួត​ជម្រុះ​ក្នុង​វគ្គ ​១៦ នាក់ ​​គឺ​ប្រកួត​តំណាង​ឲ្យ​​ខេត្ត​សៀមរាប ​​ជា​ការ​ជួប​គ្នា​រវាង ​សេក​ គឹមសាន្ដ​ ក្លិប​អង្គរ​មាន​ជ័យ​ ជាមួយ ​ឡុង ខេត្ត​ ​ក្លិប​ខ្លារខិន​មានរិទ្ធ ព្រម​ទាំង​ការ​ប៉ះ​គ្នា​រវាង ​លីន ​វីរៈ ​ក្លិប​បូរីរាជសីហ៍​មាន​រិទ្ធ​ និង ​អេលីត ​កែវឡុង​ ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ​។​ រីឯការ​ប្រកួត​តំណាង​ខេត្ត​កំពង់ចាម ​គឺ​ សៀវ​ ង៉ុយ​ របស់​សមាគម​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ ជាមួយ​ បឺត សង្ឃឹម​ ក្លិប​រ៉ាហាប់ស្វាយ​ប៉ាក ព្រម​ទាំង​ជំនួប​រវាង ​ឡុង រ៉ាមី​ ក្លិបខ្លារ​ខិន​មានរិទ្ធ​ និង ពុទ្ធ​ ម៉ាណូយ​ ក្លិប​ពុទ្ធ​សេរីវង្ស​។​

ចំណែក​ការ​​ប្រកួត​តំណាង​ឲ្យ​ខេត្ត​បាត់ដំបង​ គូ​ខ្សែ​ក្រវាត់​ គឺ​ ​យីប ឌុក​ ក្លិប​រស្មី​ភូមិ​គាប​ខេត្ត​បន្ទាយមានជ័យ​ និង ស៊ន រ៉ាគីម​ក្លិប​រាហូកីឡា​ខេត្ត​បាត់ដំបង ​រួម​ទាំង​ការ​តទល់​គ្នា​របស់ ហេង សុភ័ក្រ្ត​ ក្លិប​ព្រៃ​ទទឹង​កីឡា​ខេត្ត​បាត់ដំបង​ និង ​វ៉ាន់ ​វឿន ​ក្លិប​ឃ្លាំង​មឿង​កីឡា​។ ចំពោះ​កីឡាករ ​ត្រូវ​​ប្រកួត​តំណាង​នៅ​​រាជធានី​ភ្នំពេញ​ គឺ ​ពុទ្ធ ភារិន ​ក្លិប​ពុទ្ធសេរីវង្ស​ និង​សូត្រ ​វាសនា ​ក្លិប​បក្សីស្លាប​ដែក ​ហើយ​កីឡាករ ​ណង សាវ​ ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ ​ជួប​ជាមួយ ​អេណារ័ត្ន ​ក្លិប​អេ​ភូថង​កីឡា​។​

លោក​ មាន ​សំអុល ​នាយក​ចាត់​ការ​ទូទៅ​ភេសជ្ជៈ​គោជល់​បាន​ថ្លែង​ថា​ ​ក្រៅ​ពី​ការ​ប្រកួត​ដ៏​ជក់​ចិត្ត​រវាង​កីឡាករ​ប្រដាល់​វ័យ​ក្មេង​ ទម្ងន់​ស្រាល​ទាំង​ ១៦ ​នាក់ ​យើង​ក៏​បាន​ត្រៀម​ឲ្យ​មាន​ការ​ប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ដ៏​កក្រើក​ផង​ដែរ ​រវាង​ជើង​ខ្លាំង​ប្រចាំ​ប្រទេស​ កម្ពុជា​ ជាមួយ​នឹង​កីឡាករ​ជើង​ខ្លាំង​មក​ពី​អន្តរជាតិ​។

លើស​ពីនេះ​ទៅ​ទៀត​ ដើម្បី​ញ៉ាំង​បរិយាកាស​ឲ្យ​កាន់​តែ​មាន​ភាព​ទាក់ទាញ និង​រីករាយ​ជូន​មហាជន គឺ​​ព្រឹត្តិការណ៍ ​«អ្នក​តស៊ូ​គុន​ខ្មែរ​គោជល់​នេះ​» ក៏​មាន​ការ​ប្រគំ​តន្ត្រី ​ដែល​ចូលរួម​ដោយ​តារា​ល្បីៗ ប្រចាំ​ប្រទេស​ កម្ពុជា ​ផង​ដែរ ​ខណៈ​ដែល​រដូវកាល​ទី​ ១ ​ឆ្នាំ​ ២០១៩ ​យើង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​មហាជន​យ៉ាង​ច្រើន​លើស​លប់​៕