ភ្នំពេញ៖ អ្នក​ប្រដាល់​គុន​ខ្មែរ​ចាស់​វស្សា​ ពុទ្ធ ឆាយ​រិទ្ធី និង ឆៃ សារ៉ា​ ព្រមទាំង​ជើង​ថ្មី កែវ សំរិទ្ធ និង គីម វាសនា ​ត្រូវ​​បាន​ដាក់​ឲ្យ​ប្រ​កួត​​ម៉ារ៉ាតុងដណ្តើម​ប្រាក់​លាន ក្នុង​ប្រភេទ​​ទម្ងន់​ ៦៧ គីឡូក្រាម ដើម្បី​រក​អ្នក​ឈ្នះ​ទឹក​ប្រាក់​រង្វាន់​ចំនួន ​៣,​៤ ​លាន​រៀន នៅ​លើ​សង្វៀន​ថោននាយប់​ថ្ងៃ​អាទិត្យ​នេះ។

តាម​ការ​វាយ​តម្លៃ​ពី​គណៈកម្មការ​ផ្គូ​ផ្គងបាន​ឲ្យ​ដឹង​ថា​ អ្នក​ប្រដាល់​​ជើង​ចាស់​មាន​បទ​ពិសោធ​​ល្អ ​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​ ​ពុទ្ធ​ ឆាយរិន្ទី ​និង ​ឆៃ ​សារ៉ា​ បច្ចុប្បន្ន​មាន​កម្រិត​បច្ចេកទេស​ធ្លាក់​ចុះ​ជាង​មុន ​ដោយ​សារ​វ័យ​កាន់​តែ​ចាស់ ​និង​ការ​ប្រ​កួត​មិន​បាន​ល្អ​ដូច​មុនៗ​នោះ​ឡើយ​ ហេតុ​នេះ​យើង​ដាក់​កីឡាករ​ជើង​ថ្មី​ចំនួន​ពីរ​នាក់​ទៀត ​មាន ​គីម​ វាសនា​ និង ​កែវ ​សំរិទ្ធ​ ដើម្បី​ប្រ​កួត​ប្រជែង​ក្នុង​លក្ខណៈ​ល្អ​មើល​។​

លោក​ ជួប ​វុត្ថា​ អ្នក​គ្រប់​គ្រង​កីឡាករ​ប្រចាំ​សង្វៀន​ថោន​បាន​ប្រាប់​ថា​៖ ​«ជើង​ថ្មី​ៗ​មួយ​ចំនួននាពេល​​បច្ចុបប្បន្នប្រ​កួតបាន​​ល្អ​ ចំណែក​​ជើង​ចាស់​មួយ​ចំនួន​នៅ​​ល្អ​តែ​ឈ្មោះ​ ប៉ុន្តែ​ការ​ប្រកួត​ធ្លាក់​ចុះ​ជាង​មុន ​ហេតុនេះ​ការ​ផ្គូ​ផ្គង​គិត​តាម​ហ្នឹង ​គឺ​ល្អ​មើល​»។

លោក​បន្ត​ថា ​​តាម​ការ​ជួប​ជំ​រឿន​ស្ថិតិ​ប្រ​កួត ​ដែល​ក្រុម​ការ​ងារ​យើង​ទទួល​បាន​ កីឡាករ​ ឆៃ​ សារ៉ា​ និង ​ពុទ្ធ ​ឆាយរិទ្ធី​ ឆ្លង​កាត់​ការ​ប្រកួត​សុទ្ធ​តែ​ជាង ​១០០​ ដង ​និង​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​ផង​ដែរ ខណៈ​ ​គីម​ វាសនា​ និង កែវ សំរិទ្ធ ប្រ​កួត​បាន​ត្រឹម​ពាក់​កណ្តាល​ប៉ុណ្ណោះ​ ប៉ុន្តែ​ជើង​ថ្មី​ទាំង​ ២ នេះ កំពុង​តែ​ប្រ​កួត​ឈ្នះ​ជា​បន្ត​បន្ទាប់ ​ក្នុង​មួយ​រយៈ​ចុង​ក្រោយ​នេះ​ ហេតុ​នេះ​ការ​ប្រ​កួត​ពិត​ជា​ស្វិត​ស្វាញ​មិន​ខាន​។​

ចំណែកលោក​ ធន់ ​សុភា​ គ្រូ​បង្វឹក ឆៃ សារ៉ា បាន​​និយាយ​ថា​៖ «​ឆៃ​ សារ៉ា​ មាន​សមត្ថភាព​ល្អ​ជាង​គេ ​អាច​មាន​លទ្ធភាព​ឈ្នះ​បាន​ ​ព្រោះ​វា​មាន​ក្បាច់​កែង​រូស​ ជង្គង់​ ទាត់​ និង​វាយ​ចេញ​មិន​ប្រចាំ​ ​គឺ​វាយ​ស៊ូ​បំផុត​ មិន​ងាយ​នឹង​ចុះ​ចាញ់​ងាយៗ​នោះ​​ឡើយ​។​ ​បើ​ ​សារ៉ា​ បាន​ហ្វឹក​ហាត់​គ្រប់​គ្រាន់ ​គឺ​សង្ឃឹម​ច្រើន​ក្នុង​ការ​ឈ្នះ​ប្រាក់​រង្វាន់​នេះ ​ប៉ុន្តែ​ពេល​នេះ​ វាបាន​សុំ​ផ្លាស់​ចេញ​ទៅ​នៅ​ក្លិប​នាគ​រាជ​ចតុមុខ​ ប៉ុន្មាន​សប្តាហ៍​ហើយ​ អ៊ីចឹង​មិន​ដឹង​ថា​ វា​ហាត់​បាន​កម្រិត​ណា​?​»។​

កីឡាករ ​ឆៃ ​សារ៉ា បាន​​និយាយ​ថា​៖ «​ខ្ញុំ​ប្រ​កួត​ធ្លាក់​ចុះ​បន្តិច​ផ្នែក​កម្លាំង​ ព្រោះ​ការ​ហ្វឹក​ហាត់​មិន​បាន​ល្អ​ ដោយ​ជាប់​រវល់​មើល​កូន​ផង ​ប្រពន្ធ​ធ្វើ​ការ​រោង​ចក្រ​។​ ​ខ្ញុំ​ផ្លាស់​មក​ក្លិប​ថ្មី ​ដើម្បី​អនាគត​ថ្មី​ ដោយ​សង្ឃឹម​ថា​ អាច​ប្រ​សើរ​ជាង​មុន​ ​ព្រោះ​នៅ​ក្លិប​ចាស់ ​ពុំ​ទទួល​បាន​ក្រប​ខ័ណ្ឌ​ជា​មន្ត្រី​ដូច​គេ​ទេ​ ហើយ​ការ​ចេញ​មក​នេះ​ បើ​មាន​ឱកាស​ ក៏​​សុំ​បើក​ក្លិប​ខ្លួន​ឯង​ដែរ​ ​ព្រោះ​វ័យ​ចាស់​ប្រកួត​មិន​សូវ​ល្អ ​គឺ​ធ្វើ​គ្រូ​ម្តង​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ប្រ​កួត​លើក​នេះ ​ធានា​ថា ​វ៉ៃ​អស់​ពី​សមត្ថភាព​ នឹង​ចង់​​ឈ្នះ​ខ្លាំង​បំផុត​»​។​

ជាមួយ​គ្នា​នេះ លោក​ ណន​ រិទ្ធ ​គ្រូ​បង្វឹក ​ឆាយ​រិទ្ធី​ បាន​ប្រាប់​ថា​៖ «​ឆាយ​រិទ្ធី​ ហ្វឹក​ហាត់​បាន​ល្អ​ ត្រៀម​យក​ឈ្នះ​ ក្នុង​ទំនុក​ចិត្ត​ខ្ពស់​ថា ​នឹង​ឈ្នះ​ហើយ​​ក្នុង​ចំណោម​អ្នក​ប្រ​ដាល់​​ ៣ ​នាក់​ទៀត​ ដែល​នឹង​ចាប់​ឆ្នោត​ប្រ​កួត​នោះ​ បញ្ហា​លំបាក​មាន​តែ​ ឆៃ​ សារ៉ា​ ​ទេ ​ប៉ុន្តែ​ខ្ញុំ​គិត​ថា ជា​ឧបសគ្គ​តិច​តួច​ប៉ុណ្ណោះ​ ចំណែក ​គីម​ វាសនា​ និង ​កែវ ​សំរិទ្ធ​ ខ្ញុំ​គិត​ថា​អត់​អី​ទេ គឺ ​ឆាយ​រិទ្ធី​ អាច​យក​ឈ្នះ​បាន​ដោយ​មិន​ជា​បញ្ហា​ធំ​ដុំ​នោះ​ឡើយ»​។​

ចំពោះ លោក ​ហង្ស ​ស៊ឺន ​គ្រូ​បង្វឹក​របស់​ គីម​ វាសនា​ និង​លោក ​ម៉ាក់ ​សាខន​ គ្រូ​បង្វឹក​របស់​ កែវ​ សំរិទ្ធ បាន​​និយាយ​ស្រដៀងគ្នា​ថា​៖ «​កូន​សិស្ស​ខ្ញុំ​ កំពុង​តែ​ឡើង​ជើង​ កម្លាំង​ល្អ ​តែ​មិន​ទាន់​ហ៊ាន​អួត​ថា​ ឈ្នះ​ទេ​ ព្រោះ​បទ​ពិសោធ​ប្រ​កួត​ បាន​យ៉ាង​ច្រើន​ពាក់​កណ្តាល​គេ​ជើង​ចាស់»​។ ​លោក​ហង្ស ស៊ឺន ​បន្ថែម​ថា​៖ «​សព្វ​ថ្ងៃ​វា​ហាត់​ល្អ​ ប្រ​កួត​ល្អ ​តែ​បើ​មិន​ឈ្នះ​ ក៏គ្មាន​បញ្ហា​អ្វី​​ដែរ ​​ព្រោះ​​គេ​ជា​ជើង​ចាស់ ​យើង​ទើប​តែ​ឡើង​មក​ក្រោយ​»៕