ភ្នំពេញ៖ ​បន្ទាប់​ពី​ការ​ប្រកួត​ប្រចាំ​សប្តាហ៍ ​នៅ​សង្វៀន​ទូរទស្សន៍​ភ្នំពេញ​ ត្រូវ​បាន​ផ្អាក​ដោយ​គ្មាន​កាល​កំណត់​នោះ​ ​កីឡាករ​ និង​គ្រូ​បង្វឹក​មួយ​ចំនួន​ធំ ​ដែល​ធ្លាប់​ទទួល​បាន​ប្រាក់​ទ្រទ្រង់​ជីវភាព ​ពី​ការ​ចូលរួម​ប្រកួត​នោះ​ ត្រូវ​បង្ខំ​ចិត្ត​ទៅ​ស្រុក​កំណើត​ភាគ​ច្រើន គឺ​​មាន​កីឡាករ​តិចតួច​ណាស់​ស្វែង​រក​ការងារ​លក់​កម្លាំង​ពលកម្ម​បាន​នៅ​ភ្នំពេញ​។

ជាមួយ​គ្នា​នេះ ​មាន​កីឡាករ​​ខ្លះ ​កម្សត់​រហូត​ដល់​គ្មាន​លុយ​ហូប​បាយ​ ស្រប​ពេល​ដែល​ក្លិប​​របស់​ពួក​គេ ត្រូវ​បាន​​រំសាយ​ ឬ​​បិទ​ជា​ស្ថាពរ ​​មិន​អាច​ផ្ញើ​ខ្លួន​បាន​ទៀត​នោះ​​ ព្រោះ​​ជា​ទូទៅ​ក្លិប​ប្រដាល់​នីមួយៗ ​ដែល​មាន​ទីតាំង​ហ្វឹកហាត់​ប្រមូល​ផ្តុំ​កីឡាករ​ភាគ​ច្រើន​បាន​​ជួល​ទីតាំង​គេ ហើយ​កីឡាករ​ល្បីៗ​ភាគ​ច្រើន​មក​ពី​ខេត្ត​ សុំ​ស្នាក់​នៅ​ហ្វឹកហាត់​ជា​បណ្តោះអាសន្ន ​ដើម្បី​ទទួល​បាន​ប្រាក់​ក្រោយ​ពី​ការ​ប្រកួត​រួច​ទើប​ជួយ​បង់​សេវា​​តាម​នោះ។​

ជុំវិញ​បញ្ហា​នេះ លោក​ គង់​ ចាន់ធីណា​ ប្រធាន​​​គ្រប់គ្រង​ក្លិប​ចំនួន ​២ ​គឺ​មកុដ​រាជសីហ៍​ និង​ក្លិប​មិត្ត​ប៉ូលិស ​បាន​សម្រេច​បិទ​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ​ដោយសារ​អត់​មាន​ការ​ប្រកួត ​ហើយ​ការ​ហ្វឹកហាត់​ត្រូវ​បាន​បញ្ចប់​ដូច​គ្នា​ ដោយ​ឲ្យ​កីឡាករ​ដោះស្រាយ​ជីវភាព​ ឬ​រក​ការងារ​ធ្វើ​ផ្សេងៗ​ទៅ​តាម​លទ្ធភាព។​

លោក​ គង់​ ចាន់ធីណា​ បាន​និយាយ​ថា​៖​ «ខ្ញុំ​ពុំ​មាន​លទ្ធភាព​​ផ្តល់​ការ​ហូប​ចុក​ស្នាក់​នៅ​ទៀត​បាន​ ​ព្រោះ​គ្មាន​ប្រាក់​ចំណូល​ពី​ការ​ប្រកួត​ទេ​ ដោយសារ​​​អាហារ​ និង​ការ​ហូប​ចុក​ទាំង​នេះ​ កន្លង​មក​បាន​ពី​ការ​ជួយ​​របស់​​កីឡាករ​ខ្លះៗ​ គឺ​កាត់​​ប្រហែល ​៥ ​ភាគរយ​ ក្នុង​ការ​ប្រកួត ១ ​លើក​របស់​កីឡាករ។ ​បន្ថែម​ពី​​នេះ យើង​​មាន​តម្លៃ​ក្លិប​ ដោយ ​១ ប្រកួត​​របស់​កីឡាករ​ម្នាក់​បាន​ ​១៥ ​ដុល្លារ​ ចំណែក​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ គឺ​ក្លិប​ទទួល​បាន ​៣០ ​ដុល្លារ​ ដែល​ធ្វើ​ឲ្យ​ការ​​ទ្រទ្រង់​លើ​ការ​ចំណាយ​​បាន​ក្នុង​លក្ខណៈ​ជីវភាព​សន្សំ​សំចៃ​»។

លោក​បាន​បន្ថែម​ថា៖ ​«ប៉ុន្តែ​ក្រោយ​​​ផ្អាក​ការ​ប្រកួត​ចំណូល​ទាំង​នោះ ត្រូវ​បាត់​ គឺ​ប្រាក់​ឧបត្ថម្ភ​គ្រូ​បង្វឹក​ក៏​គ្មាន​ អ៊ីចឹង​យើង​ត្រូវ​បង្ខំ​ចិត្ត​បិទ​តែ​ម្តង​ទៅ​ ដើម្បី​ចូលរួម​​កាត់​បន្ថយ​បញ្ហា​ជំងឺ​ផង​។​ ទោះ​យ៉ាង​ណា ​កីឡាករ​លំដាប់​ជួរ​មុខ​​របស់​យើង​មួយ​ចំនួន ​ដែល​មាន​ក្របខ័ណ្ឌ​ជា​មន្ត្រី​នគរបាល​រួច​ហើយ​ ឬ​មាន​មុខ​របរ​ការងារ​នោះ ​​ជួប​ការ​លំបាក​តិច​តួច​ទេ ​ប៉ុន្តែ​កីឡាករ​ណា​មាន​កម្រិត​មធ្យម​ ឬ​ក្រោម​មធ្យម ​ដែល​មិន​សូវ​ល្បី ​គឺ​ប្រឈម​លំបាក​ខ្លាំង​ទៅ​នឹង​ជីវភាព​»។​

លោក ធន់ សុភា ពេល​ឡើង​ឲ្យ​ទឹក​ដល់​កីឡាកររបស់ខ្លួន ក្នុងការ​ប្រកួត​នៅ​សង្វៀន PNN។ រូប ឈន ណន

ចំណែក​លោក​ ម៉ៃ​ សុភា​ ប្រធាន​ក្លិប​យុវ​ច្បារ​អំពៅ​បាន​​ប្រាប់​​ថា​៖ ​«ការ​បិទ​ការ​ប្រកួត​នេះ​នាំ​ឲ្យ​ខ្ញុំ​បិទ​ក្លិប​ដែរ ​ប៉ុន្តែ​វា​គ្មាន​ប៉ះ​ពាល់​អ្វី​ធំ​ដុំ​នោះ​ទេ​ ​ព្រោះ​ក្លិប​របស់​ខ្ញុំ​នេះ​ ក្នុង ​១ ​សប្តាហ៍​ចាប់​គូ​បាន​ត្រឹម​ម្នាក់​ ឬ ​២ ​នាក់​ប៉ុណ្ណោះ​ ហើយ​ប្រាក់​​ចំណូល​​សម្រាប់​​តម្លៃ​ក្លិប​​បាន​ត្រឹម ​១៥​ ទៅ ​៣០ ​ដុល្លារ ​​ក្នុង ​១ សប្តាហ៍​ គឺ​គ្រាន់​តែ​ទិញ​តែ​ម្ហូប​ឲ្យ​កីឡាករ​ហូប​មិន​គ្រាន់​ផង​ អ៊ីចឹង​អ្វី​ដែល​សំខាន់​ ខ្ញុំ​ចង់​ឲ្យ​មាន​ការ​ផ្អាក​ជា​បណ្តោះអាសន្ន​ ដើម្បី​ការពារ​ជំងឺ​ឆ្លង​កូវីដ ​១៩ ​ព្រោះ​ការ​ប្រកួត ​មិន​ដឹង​ថា កីឡាករ​ណា​មាន​ផ្ទុក​មេរោគ​នោះ​ទេ​»​។

លោក​បន្ថែម​ថា៖ ​«​អ្វី​​គួរ​ឲ្យ​ស្តាយ​ គឺ​សម្រាប់​ក្លិប​ធំៗ​ មាន​កីឡាករ​ល្អៗ ​ប្រកួត​អន្តរជាតិ​ក្នុង​ ១​ សប្តាហ៍ ​ពី​ ៥​ នាក់​ ទៅ​១០ ​នាក់​ឯ​នោះ​ទេ ​​ដែល​បាត់​ផល​ប្រយោជន៍​ធំ​ ​ព្រោះ​ពួក​គាត់​បាន​លុយ​ពី​ដាក់​ឈ្មោះ​ធ្វើ​ជា​គណៈកម្មការ​រៀបចំ​ប្រកួត​ផង​បាន​លុយ​ពី​ជាប់​គូ​ (​ផ្គូផ្គង) ​ផង​ ដែល​អ្នក​ធំ​ខ្លះ​ និង​​អ្នក​មាន​ខ្សែ​ គឺ​មាន​ឈ្មោះ​សឹង​គ្រប់​សង្វៀន​ ​ក្នុង ​១ ​សប្តាហ៍ ដោយ​​បាន​ខ្ទង់​ពី ​២០០ ​ដល់ ​៣០០ ​ដុល្លារ​។​ ចំណែក​​ខ្ញុំ​ មាន​កីឡាករ​ខ្ទង់ ​១០ ​នាក់​ គឺ​បាន​រំសាយ​ឲ្យ​ពួក​គេ​ ទៅ​រក​ការងារ​ធ្វើ​ ឬ​ទៅ​ស្រុក​កំណើត​អស់​ហើយ​ ដោយ​រំពឹង​ថា ​ស្ងប់ស្ងាត់​ការ​ឆ្លង​ជំងឺ​នេះ​ នឹង​បាន​ត្រឡប់​មក​ហ្វឹកហាត់​វិញ​»​។​

ជាមួយ​គ្នា​នេះ​ដែរ លោកស្រី​ សុខា​ អ្នក​គ្រប់គ្រង​កីឡាករ​នៅ​ក្នុង​ក្លិប​ឃ្លាំង​មឿង បាន​​និយាយ​ថា៖ ​«​ខ្ញុំ​ជួល​ទីតាំង​ហ្វឹកហាត់​ក្នុង​ ១ ​ខែ​ជាង​ ២០០ ​ដុល្លារ ​ហើយ​ការ​ប្រកួត​កន្លង​មក ​បាន​ឲ្យ​កីឡាករ​ហូប​ចុក​ស្នាក់នៅ​ ទឹក​ភ្លើង​សម​ល្មម​ ប៉ុន្តែ​នៅ​ពេល​គេ​បិទ​ការ​ប្រកួត​អ៊ីចឹង​ ខ្ញុំ​ជំរុញ​​ឲ្យ​ពួក​គេ​ទៅ​​រក​ការងារ​ធ្វើ​ ​ព្រោះ​ពួក​គេ​ភាគ​ច្រើន ​គ្មាន​ផ្ទះ ​និង​ជា​កូន​កំព្រា​ ហេតុ​នេះ​នៅ​តែ​បន្ត​រស់នៅ​ក្នុង​ក្លិប​ជា​ធម្មតា​សិន​។ ខ្ញុំ​មាន​កីឡាករ​ប្រហែល ​១០ ​នាក់​ ប៉ុន្តែ​ឥឡូវ​ពួក​គេ​ ​រក​បាន​​ការងារ​សំណង់​ខ្លះ ​និង​ការងារ​ជា​ពលកម្ម​ជា​ជាង​ដំឡើង​សូឡា​បាន​ខ្លះ​ហើយ ​ដូច្នោះ​​ទំនង​អាច​បន្ត​ការ​ស្នាក់នៅ​ ​ជា​បណ្តោះអាសន្ន​បាន​»។​

ចំណែក​លោក​ ធន់ ​សុភា​ គ្រូ​បង្វឹក​ប្រដាល់​របស់​សមាគម​កីឡា​កង​យោធពល​ខេមរភូមិន្ទ​ និយាយ​ថា​៖ ​«​ទោះ​អត់​មាន​ការ​ប្រកួត ​ហើយ​កូន​សិស្ស​ខ្ញុំ​ខ្លះ​ទៅ​ស្រុក​ ខ្លះ​គ្មាន​លុយ​ទៅ​ស្រុក ​ខ្លះ​នៅ​ហូប​រួម ​និង​ស្នាក់នៅ​​រួម​ក្នុង​ក្លិប ​ប៉ុន្តែ​មាន​គ្នា​តិច​ គឺ​មិន​អនុញ្ញាត​ឲ្យ​ហាត់​រួម​គ្នា​ទេ​ ដោយ​ពួក​គេ​រត់​ និង​ហាត់​ខ្លះៗ​តាម​រៀងៗ​ខ្លួន ​ដើម្បី​ការពារ​រោគ​ឆ្លង​នេះ»​។

ចំណែក​ក្លិប​ប្រដាល់​ប៉ែន​កាត់​គុន​ខ្មែរ​ ដែល​គ្រប់គ្រង​មើល​ការ​ខុស​ត្រូវ ​ដោយ​ លោក​ ស៊ន ​អេលីត​ នោះ បាន​ប្រកាស​រំសាយ​អស់​ហើយ ​តាំង​ពី​មាន​សេចក្តី​ជូន​ដំណឹង​ពី​ការ​ផ្អាក​បណ្តោះ​អាសន្ន​របស់​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​រួច​មក។​ ជុំវិញ​រឿង​នេះ លោក ​ស៊ន ​អេលីត បាន​​និយាយ​​ថា៖ ​«យើង​មាន​លទ្ធភាព​ឲ្យ​ស្នាក់នៅ​ហូប​បាន​ ប៉ុន្តែ​ការ​ប្រមូល​ផ្តុំ ​យើង​ខ្លាច​ឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់​ ហេតុ​នេះ​យើង​បាន​ប្រកាស​​​រំសាយ​សិន»​។​

គួរ​បញ្ជាក់​ថា​ ​សម្រាប់​ជីវភាព​កីឡាករ​ និង​គ្រូ​បង្វឹក​កីឡា​ប្រដាល់​នេះ គឺ​​ភាគ​ច្រើន​គ្មាន​មុខ​របរ​អ្វី​ធំ​ដុំ​ ក្រៅ​ពី​ប្រដាល់​នោះ​ទេ​ ហើយ​ប្រាក់​ចំណូល​បាន​មក​ គឺ​ត្រឹម​តែ​បាន​ហូប​ចុក​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ​។ ​ក្រៅ​ពី​នេះ​ពួក​គាត់​រត់​កង់ ៣​ និង​ម៉ូតូ​ឌុប​ ប៉ុន្តែ​តាម​កំណត់ត្រា​ និង​ការ​​អង្កេត​ជាក់​ស្តែង គឺ​មាន​តែ​មន្ត្រី​ធំៗ​មួយ​ចំនួន​ទេ​ ដែល​មាន​ប្រាក់​ចំណូល​​ច្រើន ​ដោយសារ​មាន​ឈ្មោះ​ធ្វើ​គណៈកម្មការ​ប្រកួត​ផង ​និង​មាន​ឈ្មោះ​ជា​គណៈកម្មការ​​ផ្គូផ្គង​ច្រើន​នៅ​តាម​សង្វៀន​ផង​ដែរ​៕​