ភ្នំពេញ៖ ​ការ​ប្រកួត​បិទ​ទ្វារ​ជា​លើក​ដំបូង​នៅ​សង្វៀន​បាយ័ន CNC, PNN និង អាស៊ីអាគ្នេយ៍ កាល​ពី​ចុង​សប្តាហ៍​នេះ បាន​ក្លាយជា​ការ​ប្រកួត​ចុង​ក្រោយ មុន​ពេល​សង្វៀន​ប្រដាល់​ទាំង​អស់​ត្រូវ​បាន​ពន្យារ ឬ​ផ្អាក​ការ​ប្រកួត​ជា​បណ្តោះ​អាសន្ន​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល និង​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា ដើម្បី​ចូលរួម​ទប់ស្កាត់ និង​បង្ហារ​ជំងឺ​ឆ្លង​កូវីដ ​១៩។

នៅ​ក្នុង​វិបត្តិ​ជា​លក្ខណៈ​សកល លោក​ និង​ឈាន​ដល់​ផ្អាក​​ការ​ប្រកួត​នេះ​បាន​ធ្វើ​ឲ្យ​​មាន​ផល​ប៉ះពាល់​ច្រើន​ដល់​​ជីវភាព​ អ្នក​ដែល​​ផ្ញើ​ខ្លួន​លើ​ប្រដាល់ ​ប៉ុន្តែ​គ្រប់​ភាគី​សុទ្ធ​តែ​បង្ហាញ​នូវ​អារម្មណ៍​ពេញ​ចិត្ត ​ចំពោះ​ក្រសួង​ជំនាញ​ និង​ស្ថាប័នជា​អាណាព្យាបាល ​ដែល​សម្រេច​ដាក់​បម្រាម​ពន្យារ​ការ​ប្រកួត​ជា​បណ្តោះអាសន្ន​នេះ​។​

លោក ​ញាន ​សុធី​ នាយក​គ្រប់គ្រង​ការ​ប្រកួត ​និង​ជា​អ្នក​ស្វែងរក​​ទីផ្សារ​ប្រចាំ​សង្វៀន​អាស៊ី​អាគ្នេយ៍​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ ​«​​នេះ​ជា​រឿង​ដែល​ប៉ះពាល់​សុខភាព​ជា​សាធារណៈ​របស់​ប្រជាពល​រដ្ឋ​ ​ព្រោះ​ភាព​ឆ្លង​កាច​សាហាវ​របស់​វីរុស​កូរ៉ូណា​នេះ ​យើង​ដឹង​ទាំង​អស់​គ្នា​ហើយ គឺ​ឆ្លង​លឿន​​គួរ​ឲ្យ​ភ័យ​ខ្លាច»​។​

លោក​​បាន​បន្ថែម​​ថា៖ «​ពួក​យើង​បាត់​ចំណូល​ដែល​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ ​ទាំង​កីឡាករ​ គ្រូ​បង្វឹក ​គណៈកម្មការ​ ចៅក្រម​អាជ្ញា​កណ្តាល​ ព្រម​ទាំង​បុគ្គលិក​បម្រើ​ការងារ​ផ្សេងៗ​ផង​ដែរ ​ប៉ុន្តែ​យើង​បាន​ចំណេញ​មក​វិញ​នូវ​ការ​ការពារ​​មេរោគ​ មិន​ឲ្យ​ចម្លង​ពី​ម្នាក់​ទៅ​ម្នាក់​បាន​ ព្រោះ​យើង​មើល​នឹង​ភ្នែក​ធម្មតា​មិន​ឃើញ​ថា​ នរណា​ខ្លះ​ដែល​ផ្ទុក​មេរោគ​នោះ​ទេ​។​ ហេតុ​នេះ​យើង​គួរ​តែ​អត់​ធ្មត់​ទាំង​អស់​គ្នា​ ដោយ​រង់ចាំ​ស្ថាប័ន​ជំនាញ​ខាង​សុខភាព​គ្រប់គ្រង​វីរុស​នេះ​បាន ​ឬ​គ្រប់គ្រង​វា​មិន​ឲ្យ​​រាលដាល​ ហើយ​ពេល​នោះ​យើង​នឹង​ទទួល​បាន​ប្រាក់​ចំណូល​មក​វិញ ​តាមរយៈ​ការងារ​នេះ​»។​

ចំណែក​លោក ​ជឹម​ ផល្លា​ គ្រូពេទ្យ​ប្រចាំ​កីឡា​ជម្រើស​ជាតិ​ និង​ជា​ប្រធាន​គ្រូ​ពេទ្យ​ប្រចាំ​សង្វៀន​ប្រដាល់​ទាំង ​៦ ​ស្ថានីយ​បាន​និយាយ​ថា​៖ ​«ការ​ផ្អាក ​ឬ​ពន្យារពេល​ប្រកួត​មួយ​រយ​នេះ ​វា​ជា​ការ​ល្អ​ប្រសើរ​បំផុត​ ​ព្រោះ​ផល​ប៉ះពាល់​នៃ​ការ​ឆ្លង​នេះ​ គឺ​លឿន​ណាស់​ តាមរយៈ​ការ​ជួបជុំ​គ្នា​ ហេតុ​នេះ​គួរ​តែ​​ផ្អាក​ទៅ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល​ ក៏​ដូច​រាជ​រដ្ឋាភិបាល​ ដែល​បាន​ហាម​ឃាត់​មិន​ឲ្យ​ជួប​ជុំ​គ្នា​ច្រើន​ ដើម្បី​កាត់​បន្ថយ​ឲ្យ​តិច​បំផុត ​ឬ​ចៀសវាង​ឲ្យ​បាន​នូវ​ការ​ឆ្លង​វីរុស​នេះ​។

លោក​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​គាំទ្រ​ទាំង​ស្រុង​ចំពោះ​ការ​ផ្អាក​ការ​ប្រកួត ​ទោះបី​បាត់​ប្រាក់​ចំណូល​គ្រប់ៗ​គ្នា​ក៏​ដោយ​ ប៉ុន្តែ​វា​ចំណេញ​នូវ​សុខភាព​ទាំង​អស់​គ្នា ​ហើយ​ការ​ប្រកួត​​ថ្ងៃ​ចុង​ក្រោយ​នេះ​ បាន​ដាក់​ពេទ្យ​ប្រចាំ​ការ​ពិនិត្យ​ មុន​ប្រកួត​យ៉ាង​ហ្មត់​ចត់​​»​។​

ជាមួយ​គ្នា​នេះ ភ្នំពេញ​ប៉ុស្តិ៍ បាន​សម្ភាស​ជា​មួយ​គ្រូ​ប្រដាល់​ចំនួន ​៨ ​នាក់ ហើយ​ពួក​គាត់​​សុទ្ធ​តែ​ត្អូញត្អែរ ពី​ជីវភាព​លំបាក​បំផុត​ ក្រោយ​ពេល​បិទ​ការ​ប្រកួត។ ទោះ​បីជា​យ៉ាង​ណា គ្រូ​បង្វឹក​ទាំង​នោះ​បាន​អះអាង​ថា មាន​ការ​​​ពេញ​ចិត្ត​នឹង​ការ​បិទ​នេះ​ ដើម្បី​ការពារ ​ហើយ​ភាគ​ច្រើន​សុំ​ឲ្យ​មាន​សប្បុរសជន​ជួយ​ជា​អង្ករ​ខ្លះ ​ដល់​កីឡាករ​ ឬ​គ្រូ​បង្វឹក ​ដែល​ក្រីក្រ​បំផុត​ គឺ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ ដើម្បី​រស់​ប៉ុណ្ណោះ​។​​

លោក​ ឡុង ​វិបុល ​ជា​គ្រូ​បង្វឹក​ប្រដាល់​ម្នាក់​បាន​និយាយ​ថា៖ ​«គ្រូ​ប្រដាល់​ចូល​ ​៩០ ​ភាគរយ ​មិន​មាន​មុខ​របរ​ផ្សេង​នោះ​ទេ ​ប៉ុន្តែ​អ្នក​ខ្លះ ​គេ​មាន​ក្របខ័ណ្ឌ​កង​ទ័ព ​និង​នគរបាល ​​មាន​ប្រាក់​ខែ​ជួយ​ទប់​ ចំណែក​ខ្ញុំ​មាន​ការងារ​សំណង់​ជួយ​ខ្លះ ​ប៉ុន្តែ​នៅ​តែ​បារម្ភ​មួយ​ទៀត​ខ្លាច​សំណង់​បិទ​ទៀត​ចប់​តែ​ម្តង»។​

លោក​បន្ត​​ថា៖ ​«​ពេល​ពន្យារពេល ​ឬ​ផ្អាក​អ៊ីចឹង​ គឺ​ជួប​បញ្ហា​ជីវភាព​ខ្លាំង​មែនទែន​ព្រោះ​អ្នក​ធ្លាប់​រត់​ម៉ូតូ​កង់​បី ​ឬ​ម៉ូតូ​ឌុប​ បន្ថែម​លើ​ការ​​ធ្វើ​ជា​គណៈកម្មការ​ក៏​រក​មិន​បាន​ដែរ ​ដោយ​ពួក​គាត់​ត្អូញត្អែរ​ដូចៗ​គ្នា»​៕