ភ្នំពេញៈ ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​កីឡា​កាយ​វប្បកម្ម​អាស៊ី​អាគ្នេយ៍ លើក​ទី ១៥ ឆ្នាំ ២០១៨ (15th South East Asian Bodybuilding & Physique Sports Championships and Congress) នឹង​ត្រូវ​បើក​ការ​ប្រកួត​ជា​លើក​ដំបូង នៅ​កម្ពុជា​គឺ​ខេត្ត​សៀមរាប នា​ថ្ងៃ​ពុធ​នេះ និង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃសុក្រ ខាងមុខ​នេះ។

អត្ត​ព​លិ​ក​ចំនួន ១២០ នាក់ តំណាង​ឲ្យ​ប្រទេស​ចំនួន ៨ រួម មាន​ម្ចាស់ផ្ទះ​កម្ពុជា វៀតណាម ថៃ សិង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី មីយ៉ាន់ម៉ា និង​ឡាវ បាន​ថ្លឹង​ទម្ងន់​រួច​រាល់ កាល​ពី​ថ្ងៃ​អង្គារ​ហើយ​នៅ​ថ្ងៃនេះ​ពួកគេ នឹង​ចាប់ផ្តើម​ប្រកួត​លើ​ប្រភេទ​វិញ្ញាសា​ចំនួន ២០ នៅ​សណ្ឋាគារ​សុខាល័យ ហើយ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ កម្ពុជា ក៏មាន​កីឡាការិនី​លេង​សាច់ដុំ ៤ នាក់ ចូលរួម​ក្នុង​ការ​ប្រកួត​នេះ​ដែរ។

លោក Datuk Paul Chua អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​ពិភពលោក និង​ថ្នាក់​ដឹកនាំ​កីឡា​កាយ​វប្បកម្ម តំណាង​ឲ្យ​ប្រទេស​ផ្សេង​ទៀត បាន​សម្តែង​ការ​ស្វាគមន៍​យ៉ាង​ពេញ​ទំហឹង ចំពោះ​ការ​នាំ​យក​ការ​ប្រកួត​កីឡា​កាយ​វប្បកម្ម​អាស៊ី​អាគ្នេយ៍ មក​កាន់​ប្រទេស​កម្ពុជា ជា​លើក​ដំបូង​នេះ។

លោក Datuk Paul Chua ពេល​ថ្លែង​ក្នុង​សន្និសីទ​កាសែត កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ។រូបភាព សហការី

លោក Datuk Paul Chua បាន​ថ្លែង​ក្នុង​សន្និសីទកាសែត នៅ​សណ្ឋាគារ​សុខា​ល័យ ក្នុង​ខេត្ត​សៀមរាប កាល​ពី​ល្ងាច​ម្សិលមិញ​ថា៖ «ការ​នាំ​យក​ការ​ប្រកួត​នេះ មក​កាន់​ទីនេះ ព្រោះ​ខ្ញុំ​ជឿថា កម្ពុជា អាច​ធ្វើ​បាន ហើយ​តាមរយៈ​ការ​រៀបចំ​មក​ដល់​ពេល​នេះ ខ្ញុំ​ឃើញ​ថា គ្រប់​យ៉ាង​បាន​ល្អ​ប្រសើរ ខណៈ​ការ​ស្នាក់​នៅ និង​ការ​ហូប​ចុក អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា គឺ​ភាគី​ពាក់ព័ន្ធ​បាន​ប្រឹង​ប្រែង​រៀបចំ​ការ​ប្រកួត​នេះ អ៊ីចឹង​ហើយ​ខ្ញុំ​សង្ឃឹម​ថា ការ​ប្រកួត​នេះ នឹង​ទទួល​បាន​ជោគជ័យ»។

ចំណែក​លោក រស្មី សុខ​មង្គល ប្រធាន​សហព័ន្ធ​កីឡា​កាយវប្បកម្ម​កម្ពុជា បាន​ចាត់ទុក​ការ​ធ្វើ​ម្ចាស់​ផ្ទះ​ការ​ប្រកួត​កីឡា​កាយវប្បកម្ម​កម្រិត​អាស៊ាន​នេះ ថា​ជា​ពេលវេលា​ដ៏​សំខាន់ ដែល​កម្ពុជា ត្រូវ​បង្ហាញ​ពី​សក្តានុពល​របស់​ខ្លួន​ឲ្យ​ប្រទេស​ក្នុង​តំបន់​បាន​ឃើញ ខណៈ​ការ​ប្រកួត​នេះ​មាន​ប្រតិភូ​សរុប ២២៥ នាក់ ក្នុង​នោះ​មាន​អត្តពលិក ១២០ នាក់ មក​ពី ៨ ប្រទេស​បាន​ចូលរួម ដោយ​អ្នក​ទាំង​នោះ ភាគ​ច្រើន សុទ្ធ​តែ​ចង់​មក​ឃើញ​កម្ពុជា។

លោក សុខ​មង្គល បាន​ថ្លែងថា៖ «ការទទួល​ធ្វើជា​ម្ចាស់ផ្ទះ ជា​លើកដំបូង​នេះ ដោយសារ​ខ្ញុំ​គិតថា ខ្មែរ​យើង​អាច​ធ្វើ​បាន។ បើ​ទោះបី​ជា​កីឡា​កាយ​វប្បកម្ម ទើប​ចាប់​ផ្តើម​នៅ​កម្ពុជា ដែល​ផ្តើម​ចេញ​ពី​កីឡាករ ៤ ទៅ ៥ នាក់ ប៉ុន្តែ​ពេល​នេះ​យើង​មាន​អត្តពលិក​ជិត ២០០ នាក់ និង​មាន​កីឡាករ​ក្មេងៗ​ជា​ច្រើន​ទៀត អ៊ីចឹង​ខ្ញុំ​សង្ឃឹម​ថា យើង​អាច​នឹង​ដាក់​ប្រភេទ​កីឡា​កាយ​វប្បកម្ម ចូល​ទៅ​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ ២០២៣ នៅ​កម្ពុជា»។

លោក​បន្ថែមថា៖ «យើង​បាន​ព្យាយាម​បណ្តុះ​កីឡាករ​ឲ្យ​បាន​កាន់តែច្រើន​ពី ១ ឆ្នាំ​ទៅ ១ ឆ្នាំ ហើយ​តាម​គំនិត​ខ្ញុំ គឺ​ក្នុង​ខែ​កញ្ញា​ឆ្នាំ​ក្រោយ យើង​អាច​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​កីឡា​កាយវប្បកម្ម​ជើងឯក​អាស៊ី នៅ​ភ្នំពេញ ដែល​អាច​មាន​ជាង ៣០ ប្រទេស ហើយ​ប្រទេស​ផ្សេងៗ​គេ​បាន​ឯកភាព​ឲ្យ​យើង​ធ្វើ​ម្ចាស់​ផ្ទះ​ចូល ៩៩ ភាគរយ​ហើយ»។

លោក រស្មី សុខមង្គល ប្រធាន​សហហព័ន្ធ​កីឡា​កាយវប្បកម្ម​កម្ពុជា។រូបភាព សហការី

គួរ​បញ្ជាក់​ថា សម្រាប់​ការ​ប្រកួត​ទាំង​ ២០ ​វិញ្ញាសា​នោះ មាន​ការ​បែង​ចែក​ជា​ ៦​ ប្រភេទ ក្នុង​នោះ​ប្រភេទ S.E Asian Men’s Bodybuilding Championships មាន ​៩ ​វិញ្ញាសា គឺ​ទម្ងន់​ ៥៥ គីឡូក្រាម ៦០, ៦៥, ៧០, ៧៥, ៨០, ទម្ងន់​ ៨០ ​ឡើង វិញ្ញាសា​យុវជន​ក្រោម​អាយុ ​២១ ​ឆ្នាំ​ វិញ្ញាសា​សម្រាប់​អាយុ​​ ៤០ ​ឆ្នាំ​ឡើង​។ រីឯ ប្រភេទ​ S.E Asian Men’s Athletic Physique Championships ​មាន ​៤ ​វិញ្ញាសា​ គឺ​​កម្ពស់​ 165cm + 2kg កម្ពស់ ​​170cm + 4kg ​កម្ពស់​ 175cm + 6kg ​កម្ពស់​ចាប់​ពី ​175cm​ ឡើង​ + 8kg។

ចំណែកប្រភេទ​ S.E Asian Men’s Sports Physique Championships មាន ​៤ ​វិញ្ញាសា​ គឺ​កម្ពស់ ​165cm – 100 = Body Weight កម្ពស់ 170cm – 100 កម្ពស់ 175 cm – 100 និង​កម្ពស់​ចាប់​ពី​ ​175cm ​ឡើង​–100=Body Weight រួមទាំងប្រភេទ​ S.E Asian Women’s Model Physique Championships (បើក​សេរី) ប្រភេទ​នារី​ S.E Asian Women’s Athletic Physique Championships (បើក​សេរី) និង​ប្រភេទ​បុរស ​២ ​នាក់​-នារី​ ២ ​នាក់​ S.E Asian Mixed Pairs Championships (បើក​សេរី)៕