ភ្នំពេញ៖ ​បុរស​វ័យ ​៣២ ​ឆ្នាំ លោក ​លួត សុផល ដែល​ត្រូវ​បាន​គេ​​ស្គាល់ និង​ល្បីល្បាញ​​តាម​បណ្តាញ​​សង្គម​ថា ជា​បុរស​ខ្លាំង​ខាង​ទាត់​គល់​ដូង ​ដោយ​គ្មាន​ការ​ឈឺ​ចាប់​នោះ មាន​ការ​​ជឿជាក់​ខ្លាំង និង​សង្ឃឹម​ដល់ ​១០០ ​ភាគរយ ក្នុង​ការ​យក​ឈ្នះ​លើ​​​កីឡាករ​ ពេជ្រ បណ្ឌិត សម្រាប់​ការ​​បង្ហាញ​ខ្លួន ​នៅ​លើ​សង្វៀន​ថោន​ជា​ផ្លូវការ​លើក​ដំបូង នា​ថ្ងៃ​អាទិត្យ​នេះ ប៉ុន្តែ​ភាគី ពេជ្រ បណ្ឌិត ក៏​ចង់​វ៉ៃ លួត សុផល ឱ្យ​សន្លប់​ដូច​គ្នា។

តាមរយៈ​កិច្ច​សម្ភាស លួត សុផល ​ប្រាប់​ថា រូប​គេ​មាន​មុខ​របរ​ជា​អ្នក​​រត់​តាក់ស៊ី​ និង​​ដឹក​ឥវ៉ាន់​ទៅ​មក​ពី​​អូរស្មាច់​ ខេត្ត​ឧត្តរមានជ័យ មក​ភ្នំពេញ។ សុផល ​​ចាប់​អារម្មណ៍​​ប្រដាល់​គុន​ខ្មែរ​ខ្លាំង ​ដោយ​​បាន​​ចិញ្ចឹម​ចិត្ត​ចង់​ឡើង​ប្រកួត​លើ​សង្វៀន​ នៅ​​​ភ្នំពេញ​ ដែល​មាន​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​យូរ​មក​ហើយ ប៉ុន្តែ​បំណង​នេះ ត្រូវ​ខកខាន​ដោយសារ​តែ សុផល ​គ្មាន​ពេល​វេលា​គ្រប់គ្រាន់​សម្រាប់​ហ្វឹកហាត់ គឺ​រូប​គេ​បាន​ត្រឹម​ហ្វឹក​ក្រៅ​ផ្លូវ​ការ​​ទាត់​ធាក់​គ្មាន​គ្រូបង្វឹក និង​​គ្មាន​​ក្លិប ​​មិន​ទាន់​មាន​ឱកាស​ឡើង​ប្រកួត។

យ៉ាង​ណាក៏​ដោយ មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ លួត សុផល ទទួល​បាន​ការ​ហ្វឹកហាត់​ត្រឹមត្រូវ​នៅ​ក្លិប​ប៉ែន​កាក់​គុនខ្មែរ​។ អតីត​អ្នក​ប្រដាល់ សេន ប៊ុនថេន បាន​ប្រាប់​​ថា​៖ «​ខ្ញុំ​ស្គាល់​ លួត សុផល ​គឺ​រាង​កាយ​គាត់​ល្អ ​និង​មាន​ចិត្ត​ចង់​ឡើង​ប្រកួត​ណាស់​ ឥឡូវ​ខ្ញុំ​យក​គាត់​ទៅ​ឱ្យ​ហាត់​ជាមួយ​គ្រូ បឺត សំខាន់ មួយ​រយៈ​មក​ហើយ ​ដោយ​រំពឹង​ថា ​ចាប់​គូ​បាន​ឡើង​ប្រកួត ​ហើយ​សប្តាហ៍​នេះ គឺ​បាន​ឡើង​ប្រកួត​ហើយ»។

ចំណែក បឺត ​សំខាន់ បាន​ប្រាប់​បន្ថែម​ថា​៖ ​«សុផល ហាត់​បាន ​១ ​ខែ​​ហើយ ​ហើយ​ឃើញ​ថា កម្លាំង​គាត់​ល្អ​ណាស់ និង​មាន​ចង់​ឡើង​ប្រកួត​យ៉ាង​ពុះ​កញ្ជ្រោល ខណៈ​កន្លង​មក​គាត់​មិន​ធ្លាប់​បាន​ប្រកួត​នៅ​ភ្នំពេញ​នោះ​ទេ ប៉ុន្តែ​គាត់​ធ្លាប់​​ប្រកួត ​តាម​ភូមិ​ជនបទ​បាន​ចំនួន ​៥ ​ដង និង​ឈ្នះ​ទាំង ​៥​ ​តែ​ខ្ញុំ​មិន​ច្បាស់​ថា ពេល​ប្រកួត​នោះ គាត់​ប៉ះ​ជើង​អន់ៗ​ ឬជើង​ខ្លាំង​នោះ​ឡើយ»។

គ្រូ​បង្វឹក​វ័យ​ក្មេង​រូប​នេះ បាន​បញ្ជាក់​ថា៖​ «សម្រាប់​ការ​ប្រកួត ​នៅ​សង្វៀនថោន​សប្តាហ៍​នេះ​ ខ្ញុំ​មាន​ជំនឿ​ថា គាត់​ក្លាហាន​ គឺ​មាន​ភាគរយ​ឈ្នះ ​ឬ​ចាញ់ ​​លឿន​បំផុត​ តែ​មិន​ទាន់​ដឹង​ថា ​យ៉ាង​ណា​ទេ​ ព្រោះ​ប្រកួត​នៅ​ភ្នំពេញ​មាន​ការ​ផ្សាយ​ផ្ទាល់​លើក​​ដំបូង​អ៊ីចឹង​ មិន​ដឹង​គាត់​ភ័យ​ ឬ​យ៉ាង​ណា?»។ បឺត ​សំខាន់ ​បន្ថែម​ថា៖​ «ចាំ​មើល​ការ​ប្រកួត​នៅ​សង្វៀន​ធំ​អ៊ីចឹង​​ តើ​គាត់​​មាន​ភាព​តក់ស្លុត ​ឬ​យ៉ាងណា​ ហើយ​​បើ​សិន​គេ​វ៉ៃ​ល្អ​នឹង​មាន​ទីផ្សារ​ប្រកួត​មិន​ខាន»។

ចំណែក លួត សុផល មាន​ការ​តាំង​ចិត្ត​ខ្ពស់​ក្នុង​ការ​យក​ឈ្នះ​លើ​កីឡាករ​វ័យ​ ​១៨ ​ឆ្នាំ ពេជ្រ បណ្ឌិត សម្រាប់​ការ​ប្រកួត​ក្នុង​ទម្ងន់ ​៥៧ ​គីឡូក្រាម លើ​សង្វៀន​នៅ​ភ្នំពេញ​ជា​លើក​ដំបូង​នេះ ហើយ​បើ​អាច​សម្រេច​បំណង​នេះ​មែន សុផល នឹង​ឈប់​រត់​តាក់ស៊ី​មក​ចាប់​អាជីព​ប្រដាល់​វិញ​ម្តង។ លួត សុផល បាន​បញ្ជាក់​​យ៉ាង​​ខ្លី​ថា៖​​ «ខ្ញុំ​វ៉ៃ​យក​ឈ្នះ​ ១០០ ​ភាគរយ ហើយ​បើ​ខ្ញុំ​វ៉ៃ​ឈ្នះ​ ខ្ញុំ​នឹង​ហ្វឹកហាត់​ប្រកួត​ជាប់​តែ​ម្តង ដោយ​ឈប់​រត់​តាក់​ស៊ី​ទៀត​ហើយ»។

យ៉ាង​ណា​ក៏​ដោយ លោក ពេជ្រ សុផាន់ ជា​គ្រូបង្វឹក​ ពេជ្រ បណ្ឌិត បាន​ចាត់​ទុក​​ភាព​ល្បីល្បាញ​ខាង​ទាត់​គល់​ដូង​របស់ លួត សុផល គ្រាន់​តែ​ជា​ការ​សម្តែង ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​នៅ​លើ​សង្វៀន​ជាក់​ស្តែង លើក​នេះ គឺ​សិស្ស​របស់​លោក អាច​នឹង​វ៉ៃ​ឱ្យ សុផល សន្លប់ ទោះបី​ជា​ បណ្ឌិត ​ទើប​​​ប្រកួត​បាន ​១០ដង ​ឈ្នះ ៨​ និង​​ចាញ់​ ២ ​​ដង​ក៏​ដោយ។​

ពេជ្រ សុផាន់ បាន​និយាយ​ថា៖​ «ខ្ញុំ​គិត​ថា ​ប្រកួត​លក្ខណៈ​សម្តែង​ខ្ញុំ​មិន​ដឹង​ទេ​ ប៉ុន្តែ​​បើ​ឡើង​សង្វៀន​នៅ​ភ្នំពេញ​ វ៉ៃ​គ្នា​សម្រុក​ខ្លាំង​នោះ​ គឺ​កូន​សិស្ស​ខ្ញុំ​ អាច​វ៉ៃ​ឱ្យ​គាត់​​សន្លប់​បាន​ ព្រោះ​ លួត ​សុផល ​មាន​​អាយុ​ជាង ៣០ ​ឆ្នាំ​ហើយ ចំណែក​​កូន​សិស្ស​ខ្ញុំ ​នៅ​ក្មេង​កំពុង​ពេញ​កម្លាំង​ គឺ​​មាន​ប្រៀប​ផ្នែក​កម្លាំង។ ខ្ញុំ​មាន​ទំនុក​ចិត្ត​ឈ្នះ​ ដល់​ទៅ​ ៧០ ​​ភាគរយ និង​មាន​អារម្មណ៍​ថា គូ​នេះ​កូន​សិស្ស​ខ្ញុំ​នឹង​​វ៉ៃ​ឱ្យ​​សន្លប់​មិន​ខាន»៕