ភ្នំពេញ: អ្នកសរសេរ​ព័ត៌មាន​កីឡា​របស់​ភ្នំពេញ ប៉ុស្តិ៍ លោក Hirisave Srikantaiah “HS” Manjunath បាន​ស្លាប់​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ទី ១០ ខែ​ធ្នូ ឆ្នាំ ២០១៨ ក្រោយ​ពី​ជួប​បញ្ហា​សុខភាព​ដ៏​ស្មុគ​ស្មាញ​ជាច្រើន ពិសេស​បន្ទាប់​ពី​បាន​ដួល​ក្នុង​ពេល​ព្យាយាម​សរសេរ​អត្ថបទ​មួយ។ លោក​មាន​អាយុ ៦៤ ឆ្នាំ។

ស្រប​ពេលដែល​ទៅយក​ព័​ត៌មាន​ក្នុង​ព្រឹត្តិការណ៍​រត់​ពាក់កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ​អង្គរ នៅ​ខេត្ត​សៀមរាប លោក Manjunath បាន​រអិល​ដួល​នៅ​ឯ​បន្ទប់​សណ្ឋាគារ​របស់​លោក ដោយ​បាន​រង​របួស​បាក់​ឆ្អឹង​កជើង។

ក្រោយពី​មាន​ប្រវត្តិ​មាន​បញ្ហា​បេះដូង និង​ទឹកនោមផ្អែម ការបាក់​ឆ្អឹង​កជើង បាន​បង្កើន​សម្ពាធ​កាន់​តែ​ខ្លាំង​ទៅ​លើ​ប្រព័ន្ធ​រាង​កាយ​ដែល​ទន់​ខ្សោយ​របស់​លោក ហើយ​ក្រោយ​មក លោក​បាន​ជួប​បញ្ហា​ធ្ងន់ធ្ងរ​ដោយសារ​តែ​របួស​នេះ។

មូលហេតុ​ជា​ផ្លូវការ​នៃ​ការស្លាប់​របស់លោក មិនទាន់​ចេញ​ឲ្យ​ដឹង​នៅ​ឡើយ​ទេ។ ក្នុង​នាម​ជា​កូន​ទី ៣ របស់​ឪពុក​ឈ្មោះ HS Srikantaiah និង​ម្តាយ​ឈ្មោះ S Jayamma លោក​បាន​កើត​ក្នុង​ទីក្រុង Bangalore ប្រទេស​ឥណ្ឌា កាល​ពី​ខែ​កុម្ភៈ ឆ្នាំ ១៩៥៤។

លោក​មាន​ភាពល្បីល្បាញ​ទៅលើ​ការអធិប្បាយ​ទាក់ទង​នឹង​កីឡា​គ្រីឃីត ហើយ​ក្រោយ​មក លោក​មាន​ភាព​ល្បីល្បាញ​ទៅ​លើ​ការ​យក​ព័ត៌មាន​របស់​កីឡា​មួយ​នេះ។

លោក​ក៏​ជា​អ្នកលេង​កីឡា​អុក​ប្រកបដោយ​ភាពជោគជ័យ​ម្នាក់​ផងដែរ ក្រោយពី​បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ ២ ក្នុង​ការ​ប្រកួត​ជើង​ឯក​ជាតិ​ផ្នែក​យុវជន ក្នុង​យុវវ័យ​របស់​លោក។

ក្នុងនាម​ជា​អ្នក​ចូលចិត្ត​លេង​កីឡា​វាយ​កូន​បាល់​ម្នាក់ លោក Manjunath នឹង​ត្រូវគេ​ចងចាំ​ទៅ​លើ​ការ​ព្យាយាម​របស់​លោក​ក្នុង​ការ​ជួយ​ផ្សព្វផ្សាយ​អត្តពលិក​ក្នុង​ស្រុក និង​សហព័ន្ធ​កីឡា​ផ្សេងៗ​ទាំង​ក្នុង​ប្រទេស​ឥណ្ឌា និង​ផ្ទះ​ទី ២ របស់​លោក​នៅ​កម្ពុជា។

ពាក្យ​មួយ​ឃ្លា​ដែល​លោក​ចូលចិត្ត​និយាយ​គឺ​ថា៖ «អ្នក​ត្រូវ​តែ​ក្លាយជា​អ្នក​កីឡា​ដ៏​ឆ្នើម​ម្នាក់​ក្នុង​ជីវិត​របស់​អ្នក។ បើ​ទោះបី​អ្នក​ចាញ់​ក៏ដោយ ប៉ុន្តែ ជីវិត​គឺ​ដូចជា​កីឡា​អ៊ីចឹង ការ​ដោះ​ស្រាយ​ការ​បរាជ័យ​ក្នុង​ជីវិត គឺ​ដូចជា​អ្នក​កីឡា​ដ៏​ជោគ​ជ័យ​ម្នាក់​អ៊ីចឹង ហើយ​បើ​ទោះបី​ឈ្នះ មិន​ត្រូវ​មាន​អារម្មណ៍​រីករាយ​ហួស​ហេតុ​ឡើយ។ ទទួល​យក​រាល់​អ្វីៗ​ទាំង​អស់​ក្នុង​ដំណើរ​ជីវិត​របស់​អ្នក»។

ក្រោយពី​បានបញ្ចប់​អាជីព​ជា​អ្នក​អធិប្បាយ​កីឡា​ប្រណាំងសេះ លោក Manjunath បាន​មក​នៅ​កម្ពុជា ក្នុង​ឆ្នាំ ២០០៨ និង​បាន​ធ្វើការ​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍។

លោក​បានធ្វើ​ឲ្យ​គ្រប់គ្នា​ស្គាល់​លោក​យ៉ាង​ឆាប់រហ័ស​ទាក់ទង​នឹង​ការយក​ព័ត៌មាន និង​គាំទ្រ​កីឡា​ក្នុង​ស្រុក​របស់​កម្ពុជា។

រយៈពេល​ជាច្រើន​ឆ្នាំ​ក្រោយមក លោក​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា៕