ភ្នំពេញ: អ្នកស្រី ឡុង រ៉ាវី ប្រធាន​ក្លិប​ប្រដាល់​គុន​ខ្មែរ​ខ្លារខិន​មាន​រិ​ទ្ធ និង​ជា​អ្នក​គ្រប់គ្រង​កីឡាករ​ឡុង ជិន ដែល​កំពុង​ជាប់​ក្នុង​កិច្ច​សន្យា​ប្រកួត​វគ្គ​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​ខារ៉ាបាវ​ទម្ងន់ ៥៧ គីឡូក្រាម​របស់​សង្វៀន​អាស៊ី​អាគ្នេយ៍​នោះ បាន​សម្តែង​នូវ​ការ​ខកចិត្ត​ចំពោះ​ការ​អវត្តមាន​មិន​មក​ប្រកួត របស់​កីឡាករ​ថៃ ដោយ​ចាត់​ទុក​ថា វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​លទ្ធផល​សន្សំ​លក្ខណ​សម្បត្តិ ក្នុង​ការ​ឡើង​នៅ​លើ​កំពូល​តារាង។

ក្នុង​រូបមន្ត​ប្រកួត​ដែល​តម្រូវ​ឲ្យ​កីឡាករ​កម្ពុជា​ទាំង ៤ រូប ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ ៤ រូប មាន ៤ ប្រកួត​ដូចគ្នា​នោះ កីឡាករ​គ្រប់​រូប​ត្រូវ​ប្រជែង​យក​ឈ្នះ​ដៃគូ​តាមរយៈ​ការ​ផ្តួល​ឲ្យ​សន្លប់​ដោយ​ប្រើ​រយៈពេល​ខ្លី​លឿន​ជាង​គេ ដើម្បី​មាន​ប្រៀប​ជាង​គេ​សម្រាប់​ការ​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។

ប៉ុន្តែ​ការ​អវត្តមាន​របស់​កីឡាករ​ថៃ​ក្នុង​វគ្គ​នេះ ធ្វើ​ឲ្យ​កីឡាករ​កម្ពុជា​ឈ្នះ​ជា​ស្វ័យប្រវត្តិ​ដោយ​គិត​ត្រឹម​ឈ្នះ​ពិន្ទុ ហើយ​វា​បាន​ប៉ះពាល់ និង​មាន​ភាព​អយុត្តិធម៌​ក្នុង​ការ​ទទួល​បាន​ឱកាស​បាន​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ដោយ​មិន​ផ្អែក​លើ​សមត្ថភាព​ពិត​របស់​កីឡាករ​នោះ​ឡើយ ទៅ​ជា​រឿង​សំណាង។ ក្នុង​សប្តាហ៍​នេះ​ការ​ប្រកួត​វគ្គ​ជម្រុះ​ដណ្តើម​ខ្សែ​ក្រវាត់​ខារ៉ាបាវ​ទម្ងន់ ៥៧ គីឡូក្រាម​របស់​សង្វៀន​អាស៊ី​អាគ្នេយ៍ នឹង​ឈាន​ចូល​ដល់​វគ្គ​ជម្រុះ​ចុង​ក្រោយ​របស់​កីឡាករ​ឡុង ជិន មក​ពី​ក្លិប​ខ្លារខិន​ជាមួយ​កីឡាករ​ថៃ Phat Yasou ខណៈ​យុគ យក្ស​ផ្លែ ត្រូវ​ប៉ះ​ប្រកួត​ជាមួយ Theap Kav ប៉ុន្តែ​ឡុង ជិន ត្រូវ​បាន​ប្រកាស​ឲ្យ​ឈ្នះ​តាំង​ពី​មុន​ប្រកួត​ទទួល​បាន ៣ ពិន្ទុ ខណៈ​ដែល​អ្នក​ស្រី​ឡុង រ៉ាវី អ្នក​គ្រប់គ្រង​ឡុង ជិន មិន​ពេញ​ចិត្ត​លទ្ធផល​បែប​នេះ​ដោយសារ​ចង់​ឲ្យ​ប្រកួត​ជាមួយ Phat Yasou ដើម្បី​យក​ឈ្នះ​ដោយ​ផ្តួល​ឲ្យ​សន្លប់ និង​ទទួល​លេខ​ក្នុង​លំដាប់​កំពូល​តារាង​ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។

អ្នកស្រី​ឡុង រ៉ាវី ជា​ស្ត្រី​មេម៉ាយ​ម្នាក់ ដែល​បាន​បើក​ក្លិប​ប្រដាល់ និង​គ្រប់គ្រង​កីឡាករ​បានល្អ តស៊ូ​លំបាក អត់​ឃ្លាន​ក្នុង​បុព្វហេតុ​សកម្មភាព​កីឡា ប៉ុន្តែ​អ្នក​ស្រី​បាន​ហៅ​ការ​គ្រប់គ្រង​បច្ចេកទេស​របស់​មន្ត្រី​ថ្នាក់​កណ្តាល​មួយ​ចំនួន​របស់​សហព័ន្ធ​ធ្វើ​ការ​មិន​ស្មើ​ភាព និយម​បក្ខពួក និង​មាន​ភាព​អយុត្តិធម៌​ខ្លាំង​បំផុត។

អ្នកស្រី ឡុង រ៉ាវី បានផ្តល់​សម្ភាស​ឲ្យ​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ម្សិលមិញ​ថា៖ «មន្ត្រី​សហព័ន្ធ​ប្រដាល់​ខ្លះ​បិទ​ភ្នែក​ញ៉ុក​ត្រចៀក​ធ្វើ​ដេក​លក់ ធ្វើ​ឲ្យ​កីឡាករ​ខ្លះ​ទទួល​បាន​អយុត្តិធម៌​ពី​ការ​ប្រកួត ហើយ​បើ​និយាយ​ពី​ការ​ប្រកួត​ក្នុង​ខ្សែក្រវាត់​វគ្គ​ជម្រុះ​ខារ៉ាបាវ​នេះ​វិញ ការ​អវត្តមាន និង​ការ​ដោះដូរ​កីឡាករ​ថៃ ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​កីឡាករ​កម្ពុជា​យើង ដែល​អ្នក​មាន​សមត្ថភាព​ខ្លាំង​ពិត​ប្រាកដ​ទៅ​មិន​ដល់​គោលដៅ ហើយ​ការ ប្រកួត​គ្រាន់​តែ​ជា​ការ​កម្សាន្ត​សម្រាប់​ទស្សនា ខណៈ​រក​អ្នក​ខ្លាំង​ពិត​ប្រាកដ​មិន​ឃើញ៕