ភ្នំពេញ៖ អ្នក​ឧបត្ថម្ភ​ថ្មី​របស់​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា ដែល​គេ​ស្គាល់​ថា ជា​អ្នក​លក់​តាម​អនឡាញ​ដ៏​ល្បី ​ឈ្មោះ​ថា ស្រីអូន នោះ បាន​បង្ហាញ​ពី​ឆន្ទៈ​ខ្ពស់ ក្នុង​ការ​ជំរុញ ​និង​ជួយ​ឧបត្ថម្ភ​គាំទ្រ គឺ​ធ្វើ​យ៉ាង​ណា​​ឲ្យ​ក្បាច់​គុន​មរតក​ដូនតា​ខ្មែរ​មួយ​នេះ កាន់​តែ​មាន​ភាព​ល្បីល្បាញ​នៅ​លើ​សកល​លោក ស្រប​ទៅ​តាម​ការ​ចង់​បាន​របស់​ថ្នាក់​ដឹកនាំ​សហព័ន្ធ និង​ប្រជាជន​កម្ពុជា។

លោកស្រី នួន ស៊ុន្ទរី ហៅ ស្រីអូន ជា​អគ្គនាយិកា​ក្រុមហ៊ុន​សម្រស់​ធម្មជាតិ​បាន​និយាយ​ថា៖ ​«នាង​ខ្ញុំ​ពិត​ជា​ស្រឡាញ់​កីឡា​គុន​ល្បុក្កតោ​នេះ​ខ្លាំង​មែនទែន និង​ចង់​ចូលរួម​ជួយ​​ដល់​កីឡា​នេះ អ៊ីចឹង​​ការ​​បាន​ចូលរួម​ឧបត្ថម្ភ​ដល់​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា​នៅ​ពេល​នេះ គឺ​មាន​ន័យ​ថា នាង​ខ្ញុំ​បាន​សម្រេច​បំណង​ប្រាថ្នា​របស់​ខ្លួន​ហើយ»។

អគ្គនាយិកា​ក្រុមហ៊ុន​សម្រស់​ធម្មជាតិ ដែល​មាន​ជំនាញ​ខ្លាំង​លើ​ការ​លក់​ផលិតផល Coosea នៅ​តាម​អនឡាញ​រូប​នេះ បាន​បន្ត​ថា៖​ «នាង​ខ្ញុំ​មាន​ក្ដី​សង្ឃឹម​យ៉ាង​មុត​មាំ​ថា ក្បាច់​គុន​ល្បុក្កតោ​របស់​ប្រទេស​កម្ពុជា ដែល​ជា​កេរ​ដំណែល​ពី​ដូនតា​ និង​បុព្វបុរស​ខ្មែរ​យើង ​នឹង​កាន់​តែ​រីក​មុខ​រីក​មាត់ ព្រម​ទាំង​មាន​ភាព​ល្បីល្បាញ​នៅ​លើ​សកល​លោក ហើយ​ក្រុមហ៊ុន​សម្រស់​ធម្មជាតិ​នឹង​នៅ​តែ​មាន​វត្តមាន​ជួយ​ដល់​​​ក្បាច់​គុន​ល្បុក្កតោ​​ជា​រៀង​រហូត»។

ការ​លើក​ឡើង​របស់​អ្នក​លក់​តាម​អនឡាញ​ដ៏​មាន​ប្រជាប្រិយភាព​​រូប​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​សុក្រ ​គឺ​នៅ​ពេល​ដែល​​ក្រុមហ៊ុន​សម្រស់​ធម្មជាតិ​របស់​លោកស្រី​បាន​នាំ​យក​ទឹក​ប្រាក់​ចំនួន​ចំនួន ១៦ ៨៥០ ដុល្លារ មក​ឧបត្ថម្ភ​​ដល់​ការ​ប្រកួត​កីឡា​គុន​ល្បុក្កតោ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ​ប្រចាំ​ឆ្នាំ ​២០២០ ដែល​នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃទី ​២២ ដល់​ទី ​២៤ ខែ ​មករា ឆ្នាំ ​២០២១ ខណៈ​ការ​ប្រកួត​ដែល​ធ្វើ​នៅ​អគារ​ដំបូល​ទូក ក្នុង​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​មួយ​នេះ មាន​អត្តពលិក​ចូល​រួម​ចំនួន ​១៩០ ​នាក់ មក​ពី ​២៤ ក្លិប-សមាគម នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោកស្រី នួន ស៊ុន្ទរី បាន​បន្ត​ថា៖ ​«នេះ​ជា​លើក​ដំបូង ដែល​ក្រុមហ៊ុន​សម្រស់​ធម្មជាតិ​បាន​ឧបត្ថម្ភ​ផ្តាច់​មុខ​ដល់​ក្បាច់​គុន​ល្បុក្កតោ ហើយ​ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​នឹង​ប្រធាន​សហព័ន្ធ​ថា ខ្ញុំ​ចង់​ឧបត្ថម្ភ​ឲ្យ​បាន​សស្រោកសស្រាំ ដើម្បី​ធ្វើ​ឲ្យ​គុន​ល្បុក្កតោ​កាន់​តែ​មាន​សក្តានុពល​ខ្លាំង និង​មាន​ភាព​ល្បីល្បាញ​នៅ​លើ​សកល​លោក​តែ​ម្តង។ ការ​ឧបត្ថម្ភ​នេះ អាច​ទុក​ជា​គំរូ​មួយ ដើម្បី​ឲ្យ​បងប្អូន​ និង​ប្រជាពលរដ្ឋ​ខ្មែរ​គាត់​ឃើញ​ហើយ ចូលរួម​ជាមួយ​នាង​ខ្ញុំ​ដែរ ក្នុង​ការ​ជួយ​ឲ្យ​ល្បុក្កតោ​មាន​ការ​រីក​ចម្រើន​កាន់​តែ​ខ្លាំង​ទៅ​តាម​បំណង​ប្រាថ្នា​របស់​ថ្នាក់​ដឹកនាំ​សហព័ន្ធ​ និង​ប្រជាជន​កម្ពុជា​យើង»។

លោក ច័ន្ទ សារុន ប្រធាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា និង​លោក វ៉ាត់ ចំរើន ជា​អនុប្រធាន សុទ្ធ​តែ​បាន​បង្ហាញ​អារម្មណ៍​រំភើប​រីករាយ និង​ចាត់​ទុក​ការ​​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​សម្រស់​ធម្មជាតិ​នេះ ជា​ការ​រួម​ចំណែក​​មួយ​ដ៏​ធំធេង និង​ជា​ចំណុច​ចាប់​ផ្តើម​ក្នុង​ការ​ជំរុញ​ឲ្យ​វិស័យ​កីឡា​គុន​ល្បុក្កតោ​កាន់​តែ​មាន​ភាព​រីក​ចម្រើន​បន្ថែម​ទៀត។

ចំណែក​លោក អ៊ូ តារា ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​បាន​និយាយ​ថា៖​ «​ការ​ចូលរួម​ជួយ​ឧបត្ថម្ភ​របស់​ក្រុមហ៊ុន​សម្រស់​ធម្មជាតិ​នេះ ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ជួយ​លើក​កម្ពស់​ល្បុក្កតោ និង​ផ្តល់​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង​ដល់​អត្តពលិក​យើង​ក្នុង​ការ​ប្រកួត​ប្រជែង​គ្នា ស្រប​ពេល​ដែល សហព័ន្ធ​យើង​មិន​ចេះ​​ឆ្អែតឆ្អន់​​ក្នុង​ការ​ស្វែងរក​អ្នក​មាន​សមត្ថភាព​មក​​ចូលរួម​​ជាមួយ​ក្រុម​ជម្រើសជាតិ គឺ​ជា​រៀង​រាល់​ឆ្នាំ​ទាំង​មន្ត្រី និង​មន្ត្រី​បច្ចេកទេស​របស់​យើង​តែងតែ​តាម​មើល​ពី​ទេពកោសល្យ​របស់​កីឡាករ​កីឡាការិនី​យើង ព្រោះ​មនុស្ស​ថ្មីៗ និង​អ្នក​មាន​ទេពកោសល្យ​គាត់​លេច​ឡើង​រាល់ៗ​ឆ្នាំ»៕