The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ឥណ្ឌា​ខកចិត្ត​ធំ ខណៈ​ថៃ និង​បារ៉ែន ទៅ​វគ្គ​បន្ត

ឥណ្ឌា​ខកចិត្ត​ធំ ខណៈ​ថៃ និង​បារ៉ែន ទៅ​វគ្គ​បន្ត

Content image - Phnom Penh Post
Mohammad Marhoon (​ឆ្វេង​) របស់​បារ៉ែន​ដណ្តើម​បាល់​ជាមួយ Sunil Chhetri របស់​ឥណ្ឌា​។ AFP

ឥណ្ឌា​ខកចិត្ត​ធំ ខណៈ​ថៃ និង​បារ៉ែន ទៅ​វគ្គ​បន្ត

ក្រុងស្សាចាហ៍: លោក Stephen Constantine គ្រូបង្វឹក​នៃ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ឥណ្ឌា​បាន​លាលែង​ពី​តំណែង ក្រោយពី​គ្រាប់​បាល់​ប៉េណាល់ទី​នៅ​ជិត​បញ្ចប់​ការប្រកួត​របស់​បារ៉ែន​បាន​ធ្វើឲ្យ​ក្រុម​របស់​លោក​រងបរាជ័យ​ក្នុង​លទ្ធផល ១-០ និង​រារាំង​មិន​ឲ្យ​ប្រទេស​ឆ្កួត​នឹង​កីឡា​គ្រីឃីត​មួយ​នេះ​ឈ្នះ​កៅអី​ជា​ប្រវត្តិសាស្ត្រ​ក្នុង Asian Cup វគ្គ​ ១៦ ​ក្រុម​ចុងក្រោយ​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ក្រុម​ម្ចាស់ផ្ទះ​អេមីរ៉ាតអារ៉ាប់រួម​បាន​ពង្រឹង​ចំណាត់ថ្នាក់​របស់​ពួកគេ ក្នុង​នាម​ជា​ក្រុម​ឈរ​លេខ​ ១ ​ក្នុង​ពូល A ក្រោយពី​បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ជាមួយ​នឹង​ក្រុម​ជម្រើសជាតិ​ថៃ​ក្នុង​ទីក្រុង Al Ain ខណៈ​ថៃ​ក៏​បាន​ឈាន​ទៅ​វគ្គ​បន្ត​ផង​ដែរ​។

ក្រុម​ជម្រើស​ជាតិ​ឥណ្ឌា​ត្រូវការ​ត្រឹម​តែ​ប៉ុន្មាន​វិនាទី​ទៀត​ប៉ុណ្ណោះ​ក្នុង​ការឈាន​ទៅ​វគ្គ​ចាញ់​ធ្លាក់​ជា​លើក​ទី​ ១ នៅ​មុន​ពេល​កីឡាករ Jamal Rashid បាន​ស៊ុត​បាល់ប៉េណាល់ទី​ ១ ​គ្រាប់ ដើម្បី​កម្ទេច​ក្តី​សុបិន​របស់​ពួកគេ និង​ដើម្បី​ជួយ​ឲ្យ​ក្រុម​បារ៉ែន ទៅ​វគ្គ​បន្ត​តែ​ម្តង​។

ក្រោយពី​ការរង​បរាជ័យ​នេះ​លោក Constantine បាន​ប្រកាស​ថា​លោក​នឹង​លាលែង​ពី​តំណែង​ក្រោយពី​បំពេញ​ការកាន់​តំណែង​ជា​លើក​ទី​ ២ ​របស់​លោក​ក្នុង​នាម​ជា​គ្រូបង្វឹក​។

គ្រូបង្វឹក​សញ្ជាតិ​អង់គ្លេស​រូប​នេះ​ដែល​បាន​និយាយ​ក្នុង​នាម​ជា​បុរស​ទី​ ៣ បាន​ឲ្យ​ដឹង​ថា​៖ «​លោក Stephen Constantine នឹង​លាលែង​ពី​តំណែង​ក្រោយពី​ការប្រកួត​នេះ​»​។

លោក​បាន​ប្រាប់​បន្ត​ថា​៖ «​ខ្ញុំ​បាន​ស្ថិត​ក្នុង​តួនាទី​នេះ​អស់​ ៤ ​ឆ្នាំ​ហើយ​។ គោល​បំណង​របស់​ខ្ញុំ​ពី​ថ្ងៃ​ទី​ ១ គឺ​ការ​ឈ្នះ​កៅអី​ទៅ​លេង​ក្នុង Asian Cup​។ ខ្ញុំ​បាន​សម្រេច​ក្តី​បំណង​នោះ ហើយ​យើង​បាន​បំបែក​កំណត់ត្រា​ជាច្រើន​។ ខ្ញុំ​មាន​មោទនភាព​ពិសេស​ទៅ​លើ​កីឡាករ​សម្រាប់​រាល់​អ្វីៗ​ដែល​ពួកគេ​បាន​ផ្តល់​ឲ្យ​»​។

គ្រូបង្វឹក​វ័យ​ ៥៦ ​ឆ្នាំ​រូប​នេះ​ដែល​បាន​ចូលរួម​ជាមួយ​នឹង​ក្រុម​ឥណ្ឌា​ជា​លើក​ទី​ ២ ​កាលពី​ឆ្នាំ​ ២០១៥ ​នោះ​បាន​បន្ថែម​ទៀត​ថា​៖ «​ខ្ញុំ​គិត​ថា​វដ្ត​របស់​ខ្ញុំ​បញ្ចប់​ហើយ​។ ខ្ញុំ​បាន​ធ្វើ​អ្វី​ដែល​ខ្ញុំ​ត្រូវ​បាន​ស្នើសុំ និង​ធ្វើ​បាន​លើស​ពី​គោលដៅ​បន្តិច ហើយ​វា​ដល់​ពេល​ហើយ​សម្រាប់​ខ្ញុំ​ក្នុង​ការផ្លាស់ប្តូរ​»​។

ក្រុម​ជម្រើសជាតិ​ឥណ្ឌា​បាន​យក​ឈ្នះ​ថ្ងៃ​ដ៏​មិន​គួរ​ឲ្យ​ជឿ​ក្នុង​លទ្ធផល ៤-១ ក្នុង​ការ​ប្រកួត​បើកឆាក​របស់​ពួកគេ ដើម្បី​កត់ត្រា​ជ័យជម្នះ​ជា​លើក​ទី​ ១ ​ក្នុង Asian Cup ក្នុង​រយៈពេល​ច្រើន​ជាង​ ៥០ ​ឆ្នាំ ប៉ុន្តែ​ការ​ចាញ់ ២-០ ក្រោម​ស្នាដៃ​ក្រុម​អេមីរ៉ាតអារ៉ាប់រួម​បាន​បង្កើត​ឲ្យ​មាន​ការប្រកួត​ប្រកប​ដោយ​ការភិតភ័យ​ក្នុង​ទីក្រុង Sharjah​។ អេមីរ៉ាតអារ៉ាប់រួម​បាន​បញ្ចប់​ដោយ​មាន​ ៥ ​ពិន្ទុ​នាំ​មុខ​ ១ ​ពិន្ទុ​លើ​ក្រុម​ថៃ និង​បារ៉ែន​ដែល​បាន​ឈាន​ទៅ​វគ្គ​បន្ត​ក្នុង​នាម​ជា​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ឈរ​លេខ​ ៣ ​ដែល​ពិន្ទុ​ខ្ពស់​ជាង​គេ​បំផុត​»​។

លោក Miroslav Soukup គ្រូបង្វឹក​នៃ​ក្រុម​បារ៉ែន​បាន​ឲ្យ​ដឹង​ថា​៖ «​នេះ​គឺជា​លើក​ទី​ ១ ​ហើយ​ក្នុង​យុទ្ធនាការ​នេះ​ដែល​ខ្ញុំ​បាន​ឃើញ​ក្រុម​បារ៉ែន​ពិតប្រាកដ​បង្ហាញខ្លួន​។ ឥណ្ឌា​បាន​ការពារ​យ៉ាង​រឹងមាំ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា ពួកគេ​គិត​ខ្លាំង​ពេក​ពី​ការដណ្តើម​យក​លទ្ធផល​ស្មើ​»៕ IS

កម្មវិធី​ប្រកួត​រាត្រី​នេះ

កៀហ្ស៊ីស៊ីស្ថាន v ហ្វីលីពីន -៨:៣០ ​យប់

កូរ៉េ​ខាង​ត្បូង v ចិន -៨:៣០ ​យប់

អ៊ីរ៉ង់ v អ៊ីរ៉ាក់ -១១ ​យប់

វៀតណាម v យេម៉ែន -១១ ​យប់

អត្ថបទគួរចាប់អារម្មណ៍