The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ឥណ្ឌូនេស៊ី​រង​ការ​ពិន័យ​ពី​ FIFA អស់​ជាង ​៤ ​ម៉ឺន​ដុល្លារ​

ឥណ្ឌូនេស៊ី​រង​ការ​ពិន័យ​ពី​ FIFA អស់​ជាង ​៤ ​ម៉ឺន​ដុល្លារ​

Content image - Phnom Penh Post
ប៉ូលិស​ចាប់​ខ្លួន​អ្នក​គាំទ្រ​​បង្ក​បញ្ហា​ក្នុង​​ប្រកួត​រវាងឥណ្ឌូនេស៊ី​ និង​ម៉ាឡេស៊ី​​​ពី​ខែ​កញ្ញា​។ AFP

ឥណ្ឌូនេស៊ី​រង​ការ​ពិន័យ​ពី​ FIFA អស់​ជាង ​៤ ​ម៉ឺន​ដុល្លារ​

ក្រុង​ហ្សាការតា៖ សមាគម​បាល់​ទាត់​ជាតិ​ប្រទេស ​ឥណ្ឌូនេស៊ី​ (PSSI) បាន​រង​ការ​ពិន័យ​ពី​សហព័ន្ធ​បាល់​ទាត់​ពិភព​លោក (FIFA)​ ដោយសារ​បញ្ហា​ហ្វូង​អ្នក​គាំទ្រ​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ World Cup ជា​មួយ​ជម្រើស​ជាតិ​ម៉ាឡេស៊ី​។​ នេះ​បើ​យោង​តាម​សហព័ន្ធ​បាល់​ទាត់​ FIFA បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​។​

សមាគម​បាល់​ទាត់​ឥណ្ឌូនេស៊ី​ត្រូវ​បាន​ពិន័យ​ជា​ប្រាក់​ចំនួន ​៤៥.០០០ ​ដុល្លារ​អាមេរិក ​ដោយសារ​ការ​បង្ក​ឲ្យ​មាន​ភាព​ចលាចល​នៅ​ក្នុង​ទីក្រុង​ហ្សាការតា ​ប្រទេស ​ឥណ្ឌូនេស៊ី ​កាល​ពី​ខែ​មុន​នៅ​ពេល​ក្រុម​​អ្នក​គាំទ្រ​ជម្រើស​ជាតិ​ម៉ាឡេស៊ី​បាន​រង​ការ​គំរាម​កំហែង​ និង​រង​របួស​ដោយ​វត្ថុ​រឹង​ដែល​ត្រូវ​បាន​គេ​ចោល​​ទៅ​លើ​ពួក​គេ​នៅ​ក្នុង​ការ​ប្រកួត​ដែល​ក្រុម​ជា​ភ្ញៀវ​បាន​ទទួល​ជ័យ​ជម្នះ​ក្នុង​លទ្ធផល ​៣-២ នៅ​ពេល​នោះ​។​​

លោក Syed Saddiq ​រដ្ឋមន្ត្រី​យុវជន ​និង​កីឡា ​នៅ​ប្រទេស ​ម៉ាឡេស៊ី ​ត្រូវ​បាន​​ជម្លៀស​ចេញ​ពី​ការ​ប្រកួត​​នោះ ​ខណៈ​​អំពើ​ហិង្សា​បាន​កើត​ឡើង​ដែល​បណ្ដាល​ឲ្យ​មាន​ការ​សុំទោស​ពី​សមភាគី​នៃ​ប្រទេស ​ឥណ្ឌូនេស៊ី ​ផង​ដែរ​។​​

លោកស្រី Ratu Tisha Destria អគ្គ​លេខាធិការ​សមាគម​បាល់​ទាត់​​បាន​និយាយ​ក្នុង​របាយការណ៍​កាល​ពី​ថ្ងៃ​ពុធ​ថា៖ «សមាគម​បាល់​ទាត់​ឥណ្ឌូនេស៊ី​ (PSSI) គោរព​តាម​នីតិវិធី​ស្រប​ច្បាប់​ និង​សេចក្ដី​សម្រេច​ចិត្ត​របស់​សហព័ន្ធ​បាល់​ទាត់​ FIFA»​ ហើយ​លោកស្រី​បាន​បន្ថែម​ថា គេ​នឹង​ធ្វើ​ការ​កែប្រែ ​ដើម្បី​កុំ​ឲ្យ​អំពើ​ហិង្សា​បែប​នេះ​នឹង​កើត​ឡើង​ជា​ថ្មី​ទៀត​នៅ​ពេល​អនាគត​»។​

ការ​ប្រកួត​ជម្រុះ​ជាមួយ​ជម្រើស​ជាតិ​វៀតណាម​ដែល​គេ​​គ្រោង​នឹង​ធ្វើ​នៅ​សប្ដាហ៍​ក្រោយ​នោះ​ នឹង​ត្រូវ​ប្ដូរ​ចេញ​ពី​ទីក្រុង​ហ្សាការតា​ទៅ​ធ្វើ​នៅ​លើ​កោះ​បាលី​វិញ ​ដើម្បី​ចៀស​វាង​បញ្ហា​ដែល​បង្ក​ឡើង​ដោយ​ហ្វូង​អ្នក​គាំទ្រ​កើត​ឡើង​បែប​នេះ​ម្ដង​ទៀត​។​​

ឧប្បត្តិហេតុ​នេះ​បាន​កើត​ឡើង​ក្រោយ​ពី​សមាគម​ PSSI បាន​និយាយ​នៅ​ដើម​ឆ្នាំ​នេះ​ថា ប្រទេស ​ឥណ្ឌូនេស៊ី​ និង​អូស្ត្រាលី ​កំពុង​ជជែក​គ្នា​អំពី​ការ​ដេញ​ថ្លៃ​រួម​គ្នា​ទទួល​រៀប​ចំព្រឹត្តិ​ការណ៍​បាល់​ទាត់​​ពិភព​លោក​ឆ្នាំ ​២០៣៤​។​

ឧប្បត្តិហេតុ​នេះ​បាន​បង្ក​ឲ្យ​មាន​បញ្ហា​សម្រាប់​វិស័យ​បាល់ទាត់​នៅ​ប្រទេស ​ឥណ្ឌូនេស៊ី​ ជា​ទី​ដែល​ការ​ប្រកួត​លីក ​វិជ្ជាជីវៈ​ត្រូវ​បាន​ល្អក់​កករ​ដោយសារ​បញ្ហា​ជា​ច្រើន​រួម​ទាំង​រឿង​អាស្រូវ​កំណត់​លទ្ធផល​ប្រកួត​ជា​មុន​​ និង​ការ​បង្ក​ហិង្សា​ដែល​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​​​នេះ​ផង​ដែរ​៕ AFP/SN

អត្ថបទគួរចាប់អារម្មណ៍