ភ្នំពេញ៖ កីឡាករ ឈុតសេរី វ៉ាន់ថង បាន​ធ្វើ​ឲ្យ​ការ​វិល​មក​កាន់​សង្វៀន​ប្រដាល់​របស់​គេ​ពោរ​ពេញ​ទៅ​ដោយ​សំឡេង​គាំទ្រ​ពី​មហាជន ខណៈ​កីឡាករ​ទើប​ប្រឡង​បាក់ឌុប​រូប​នេះ បាន​យក​ឈ្នះ​ជើង​ខ្លាំង​របស់​ថៃ Tuon Pe ដ៏​មិន​គួរ​ឲ្យ​ចង់​ជឿ​នោះ។ ចំណែក ធឿន ធារ៉ា ក៏​រក​ឃើញ​ការ​ឈ្នះ​របស់​ខ្លួន​ផង​ដែរ ប៉ុន្តែ លន បញ្ញា បាន​បាត់បង់​ឱកាស​មាស​ក្រោម​ស្នាដៃ​ថៃ Link Loom ដ៏​គួរ​ឲ្យ​សោក​ស្តាយ​បំផុត។

សម្រាប់​ការ​​ប្រកួត​ដណ្តើម​ប្រាក់​លាន នៅ​លើ​សង្វៀន CNC កាល​ពី​ថ្ងៃ​សៅរ៍ កន្លង​មក​នេះ ឈុតសេរី វ៉ាន់ថង ដែល​បាន​ឃ្លាត​ឆ្ងាយ​ពី​សង្វៀន​ប្រដាល់​ជិត ​៣ ​ខែ​មក​ហើយ​នោះ បាន​បង្ហាញ​ការ​ប្រកួត​យ៉ាង​វៃ​ឆ្លាត​បំផុត គឺ​ការ​វ៉ៃ​ជា​ប្រយោល ដោយ​ការ​ម៉ាត់ ទាត់ និង​វាយកែង​ឆ្វេង​ស្តាំ ដើម្បី​យក​ឈ្នះ​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​លើ​ម្ចាស់​ខ្សែ​ក្រវាត់ Tuon Pe យ៉ាង​ស្វិតស្វាញ​បំផុត ប៉ុន្តែ វ៉ាន់ថង ក៏​ត្រូវ​បាន Tuon Pe តាម​វាយ​លុក ព្រម​ទាំង​ទាត់​ក្រោម និង​ចាប់​បោក​ផ្តួល ជា​ច្រើន​លើក ឡើង​ចង់​ទ្រោម​ខ្លួន​ផង​ដែរ។

ជាមួយ​នឹង​ជ័យ​ជម្នះ លោក ឈុត សេរី ដែល​ជា​គ្រូ​បង្វឹក និង​ជា​ឪពុក​បង្កើត​របស់ ឈុតសេរី វ៉ាន់ថង បាន​ប្រាប់​ភ្នំពេញ ​ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា៖ ​«បើ​ទោះបី​ជា​ វ៉ាន់ថង បាន​យក​ឈ្នះ​ជើង​ខ្លាំង Tuon Pe ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ធ្វើ​បាន​ល្អ​ប៉ុន្មាន​ទេ គឺ​គេ​នៅ​មាន​ចំណុច​ខ្វះខាត​ច្រើន ហើយ​អ្វី​ដែល​ពិសេស ខ្ញុំ​មិន​ឃើញ​ វ៉ាន់ថង បញ្ចេញ​ស្នៀត​ទាត់​កាត់​នោះ​ទេ»។

លោក ឈុត សេរី ដែល​ជា​អ្នក​ឈរ​ស្រែក​បញ្ជា​ការ​​ប្រកួត​របស់ វ៉ាន់ថង ​ដោយ​ផ្ទាល់​បាន​បន្ថែម​ថា៖ ​«បើ​សិន​ជា វ៉ាន់ថង ទាត់​កាត់​បាន​ល្អ​ដូច​មុនៗ​គឺ Tuon Pe អាច​ចាញ់​គ្រាំគ្រា​ជាង​នេះ ព្រោះ​កន្លង​មក កីឡាករ​ដែល​ដើរ​ចូល​ឲ្យ​យើង​វ៉ៃ​បែប​នេះ ភាគ​ច្រើន​តែងតែ​ត្រូវ​បាន វ៉ាន់ថង ទាត់​ឲ្យ​ខូច​ជើង​ក្រោម ប៉ុន្តែ​ការ​ប្រកួត​លើក​នេះ វា​មិន​ឃើញ​បញ្ចេញ​ស្នៀត​នេះ​​នោះ​ទេ»។

ជាមួយ​គ្នា​នេះ លោក ឈុត សេរី ក៏​បាន​ទទួល​ស្គាល់​ថា លោក​មាន​ការ​ភ័យ នៅ​ពេល​ឃើញ Tuon Pe ​ចាប់​បោក​ វ៉ាន់ថង ឲ្យ​ដួល​ជា​ច្រើន​លើក​ផង​ដែរ។

លោក​បញ្ជាក់​ថា៖​ «ខ្ញុំ​មាន​អារម្មណ៍​ភ័យ នៅ​ពេល​ឃើញ វ៉ាន់ថង ត្រូវ​បាន​គូ​ប្រកួត​បោក​ឲ្យ​ដួល​ជា​ច្រើន​លើក​បែប​នេះ ព្រោះ​ការ​ចាប់​បោក​ឲ្យ​ដួល​នេះ ក៏​អាច​នឹង​ធ្វើ​ឲ្យ​ឃើញ​ថ្លោះ​ចង្កេះ ឬ​ជាប់​គាំង​នៅ​ចំណុច​ណា​មួយ​បាន​ដែរ ហេតុ​នេះ​ខ្ញុំ​នឹង​ពង្រឹង​បន្ថែម​ទៅ​លើ​ការ​រក្សា​ជំហរ និង​ទប់​ខ្លួន កុំ​ឲ្យ​គេ​បោក​ដួល​ច្រើន​ដង​បែប​នេះ ហើយ​ខ្ញុំ​ក៏​នឹង​បង្វឹក​​បន្ថែម​ទៅ​លើ​ចលនា​ចេញ​ចូល គឺ​ធ្វើ​ម៉េច​ឲ្យ វ៉ាន់ថង វាយ​ចេញ​បាន​លឿន​ជាង​នេះ»។

លន បញ្ញា ព្យាយាមតាម​ទាត់​ទៅ​លើ Link Loom ប៉ុន្តែនៅតែ​គេចមិនផុតពីការ​ធ្លាក់។សហការី

ចំណែក​កីឡាករ​វាយ​មិន​​ដក​ថយ ខាំ ខ្លានាង ក៏​បាន​ឈ្នះ​ប្រាក់​លាន កាល​ពី​ថ្ងៃ​សៅរ៍​នោះ​ដែរ ព្រោះ​រូប​គេ​បាន​វ៉ៃ​កែង បណ្តាល​ឲ្យ​ថៃ Khav Krachang បែក​លើ​ចិញ្ចើម​ស្តាំ​​យ៉ាង​ធំ រហូត​គ្រូ​ពេទ្យ​សម្រេច​បញ្ឈប់​កីឡាករ​ថៃ​ម្នាក់​នេះ នៅ​ទឹក​ទី ​៤។ រីឯ​ជើង​ខ្លាំង ធឿន ធារ៉ា បាន​យក​ឈ្នះ​ម្ចាស់​ខ្សែ​ក្រវាត់​ថៃ Khun Deth ដើម្បី​ស្តារ​មុខ​មាត់​បាន​មួយ​កម្រិត​វិញ បន្ទាប់​ពី​រូប​គេ​បាន​ចាញ់​ជើង​ខ្លាំង​ថៃ Awatan ចំនួន ​២ ​លើក​ជាប់​គ្នា​ទាំង​គ្រាំគ្រា​ខ្លួន​នោះ។

ដោយ​ឡែក​កីឡាករ​ លន បញ្ញា ​មិន​អាច​ស្វែងរក​ឱកាស​ឡើង​ទៅ​ដណ្តើម​ខ្សែ​ក្រវាត់ អម​ជាមួយ​ប្រាក់​រង្វាន់ ​៦ ០០០ ​ដុល្លារ ក្នុង​កម្មវិធី «កម្ពុជា​សង្វៀន​គុន​ខ្មែរ» បាន​នោះ​ទេ ខណៈ​រូប​គេ​បាន​បន្ត​ចាញ់​គូ​សត្រូវ​ចាស់ Link Loom ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ប្រចាំ​គ្រុប​ទី ​២ កាល​ពី​ថ្ងៃ​សៅរ៍​នោះ​ ស្រប​ពេល ពុទ្ធ សំបូរ បាន​យក​​ឈ្នះ​ថៃ Dav Viseth ដើម្បី​បាន​លេខ ​៣ និង​ប្រាក់​រង្វាន់​ចំនួន ​៦ ​លាន​រៀល។

លន បញ្ញា ប៊ិះ​តែ​សន្លប់​ក្រោម​ផ្លែ​កែង​របស់ Link Loom នៅ​ក្នុង​ទឹក​ទី ​២ ​ម្តង​ទៀត​ទៅ​ហើយ ខណៈ​រូប​គេ​បាន​ភ្លាត់​ស្នៀត ដោយ​ត្រូវ​បាន Link Loom វាយ​កែង​ស្តាំ​ចូល​ថ្គាម និង​ទាត់​ថែម ១ ជើង បណ្តាល​ឲ្យ​ដួល​ទាំង​វង្វេង​វង្វាន់ និង​ត្រូវ​បាន​អាជ្ញា​កណ្តាល​រាប់​ភ្លាមៗ​នោះ។ ទោះបី​ជា​យ៉ាង​ណា​ បញ្ញា បាន​ប្រឹងប្រែង​ទប់​ស្ថានភាព​នោះ​បាន ហើយ​បាន​ខំ​ប្រឹងប្រែង​វាយ​ប្តូរ​ជង្គង់ និង​កែង​ជាមួយ Link Loom រហូត​ចប់​ ​៥ ​ទឹក​ពេញ។

ការ​ចាញ់​ដោយ​ពិន្ទុ​ដាច់​នេះ លន បញ្ញា បាន​ត្រឹម​ទទួល​ទឹក​ប្រាក់ ​៨ លាន​រៀល ចំពោះ​ការ​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​នេះ ខណៈ Link Loom ដែល​បាន​ប្រាក់​រង្វាន់ ​២ ​លាន​រៀល និង​ម៉ូតូ Zoomer X មួយ​គ្រឿង​នោះ ត្រូវ​ឡើង​ទៅ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ដណ្តើម​យក​ខ្សែ​ក្រវាត់​ទម្ងន់ ​៦០ ​គីឡូ​ក្រាម​នេះ​ជាមួយ​អ្នក​បាន​លេខ ​១ ​ប្រចាំ​គ្រុប​ទី ​១ គឺ ម៉ឺន មេឃា ដែល​ជា​កូន​បង្កើត​របស់ អេ ភូថង៕