ភ្នំពេញ៖ ​​កីឡាករ​ជើង​ចាស់ ​៤​រូប ​​មាន​ ​ឯម ​សុធី​, ​អេលីត ​សាន់, ​បាង ​កាយ៉ាក ​និង ​ថា​ សារុន ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​របស់​សង្វៀន​ថោន ដាក់​ឱ្យ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន​នៅ​ថ្ងៃ​អាទិត្យ​នេះ ​ខណៈ​​សមត្ថភាព​របស់​អ្នក​ទាំង ​៤ នេះ ​ត្រូវ​បាន​គេ​ស្គាល់​ថា​ មាន​កម្រិត​ប្រកួត​ទាក់ទាញ​ជួរ​មុខ ​ក្នុង​ប្រភេទ​ទម្ងន់ ​៦០ ​គីឡូក្រាម​។ ប៉ុន្តែ​​គ្រូ​បង្វឹក​របស់ អេលីត​ សាន់​ និង ឯម ​សុធី​ បាន​អះអាង​ពី​ការ​រំពឹង​​ឈ្នះ​ខ្ពស់​ដូច​គ្នា ថា​សិស្ស​របស់​ខ្លួន ​នឹង​ឈាន​​ទៅ​ដណ្តើម​ប្រាក់​ចំនួន ​៣,​៤ លាន​រៀល។

លោក ​ឯម ​វុត្ថា ​គ្រូ​បង្វឹក​ ​ឯម ​សុធី​ បាន​និយាយ​ថា​៖ «នៅ​ក្នុង​ចំណោម​កីឡាករ​ទាំង ​៣ ​រូប​​នេះ ​គឺ​ ឯម​ សុធី​ មាន​ការ​​បារម្ភ​តិច​តួច​ប៉ុណ្ណោះ​ បើ​សិន​ចាប់​ឆ្នោត​ប៉ះ​ ​បាង ​កាយ៉ាក​ ​ព្រោះ​គេ​ជា​កីឡាករ​ជើង​ចាស់​ កម្ពស់​ខ្ពស់​ជាង​ និង​មាន​​ក្បាច់​ជង្គង់​ល្អ ​ធ្លាប់​មាន​បទពិសោធ​ប្រកួត​នៅ​ប្រទេស​ថៃ ​ល្បីល្បាញ​ ប៉ុន្តែ​បើ​គិត​ពី​សមត្ថភាព​បច្ចុប្បន្ន​ គឺ​សមត្ថភាព​ប្រកួត​ធ្លាក់​ចុះ​ជាង​មុន ​ដែល​ខ្ញុំ​គិត​ថា ​​ភាគរយ​ឈ្នះ​ខ្ពស់»​។​

គ្រូ​បង្វឹក​វ័យ​ក្មេង​រូប​នេះ​បាន​បន្ថែម​ថា​៖ «​ចំណែក ​ថា ​សារុន ​មិន​បញ្ហា ​ប៉ុន្តែ​កណ្តាប់​ដៃ​អេលីត ​សាន់ ​​ក៏​ជា​ឧបសគ្គ​ធំ​ ១ ដែរ ​គឺ​មិន​មែន​ស៊ី​ផុយ​នោះ​ឡើយ ​គឺ​អាច​នឹង​ឈ្នះ​ ដោយ​តឹងតែង​។ ​យ៉ាង​ណា​ក៏​ដោយ ​តាមរយៈ​ការ​ហ្វឹកហាត់​ត្រៀម​សុខភាព​ល្អ ​ដើម្បី​ប្រកួត ​គឺ​សង្ឃឹម​ឈ្នះ ​៧០ ​ភាគរយ ​បាន​ប្រាក់​លាន​ ក្នុង​នោះ​បារម្ភ​តែ​ក្នុង​ករណី​ប៉ះ​ជាមួយ​ អេលីត​ សាន់​ គឺ​អាច​ភ្លាត់​ក្នុង​ក្បាច់​កណ្តាប់​ដៃ​ក៏​ថា​បាន​ដែរ​ ​ព្រោះ​ប្រកួត​គ្នា​ ក្នុង​លក្ខណៈ​សម្រុក​ខ្លាំងៗ ​មិន​អាច​ទស្សន៍​ទាយ​បាន​នោះ​ទេ»​។

ចំណែក​ ​ឯម ​សុធី​ បាន​ប្រាប់​ថា៖ ​«​​ខ្ញុំ​គិត​ដូច​គ្រូ​ដែរ​ ដោយ​ពី​មុន​ខ្ញុំ​​ខ្លាច ​បាង ​កាយ៉ាក​ ព្រោះ​គាត់​ខ្ពស់​ជាង ​លំបាក​ពេល​លេង​​ក្បាច់​ជង្គង់​ ប៉ុន្តែ​តាម​គ្រូ​ប្រាប់​ គឺ​បច្ចុប្បន្ន​គាត់​ធ្លាក់​ចុះ​ទាំង​បច្ចេកទេស ​និង​កម្លាំង​ ហេតុ​នេះ​ខ្ញុំ​បារម្ភ​ទៅ​លើ​កណ្តាប់​ដៃ​​ អេលីត​ សាន់​ វិញ​ ក្នុង​​​ពេល​វាយ​លុក​ខ្លាំង ​៣ ​ទឹក ដ្បិតអី​ការ​​វ៉ៃ​ប្តូរ​គ្នា ​មិន​អាច​ទៀង​ទេ​ មិន​ដឹង​ថា ​សន្លប់​គេ ​ឬ​ខ្ញុំ ​បើ​ចូល​គោលដៅ​ពេញ​ដូច​គ្នា​នោះ​»។​

ស្រដៀង​គ្នា​នេះ​លោក​ ស៊ន​ អេលីត ​គ្រូ​បង្វឹក​ ​អេលីត​ សាន់​ បាន​និយាយ​ថា​៖ ​«កីឡាករ​ជើង​ចាស់​ ថា​ សារុន ​និង​ បាង ​កាយ៉ាក​ មិន​ជា​ឧបសគ្គ​ធំ​នោះ​ទេ​ ​ព្រោះ​សូម្បី​តែ​ អេលីត ​កែវ​ឡុង​របស់​ខ្ញុំ ​ធ្លាប់​វ៉ៃ​ឱ្យ​ទន់​ជ្រាយ​បាន​ដែរ ​ប៉ុន្តែ​ខ្ញុំ​ព្រួយ​បារម្ភ​ក្នុង​ករណី​ជួប​ ​ឯម ​សុធី ​​ព្រោះ​ចូល​វាយ​សម្រុក​ខ្លាំង ​គឺ​អាច​នឹង​សន្លប់ ​ហើយ​ ឯម ​សុធី​ ចាស់​វស្សា​ និង​ជា​សិស្ស​ច្បង​ល្បីល្បាញ​ជំនាន់​មុន ​មាន​បទ​ពិសោធ​ប្រកួត​យូរ​ឆ្នាំ​ផង»​។

លោក ​ស៊ន ​អេលីត​ បាន​បន្ថែម​ថា៖ ​«​បើ​តាម​ខ្ញុំ​មើល​ពី​សមត្ថភាព​កីឡាករ​ទាំង ​៤​ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​ ឯម ​សុធី ​និង ​អេលីត​ សាន់​ មាន​ប្រៀប​ជាង​បន្តិច​បន្តួច ​ហើយ​កម្លាំង​ក៏​ល្អ​​ជាង​ផង​ដែរ​»។ តាម​ប្រវត្តិ​ប្រកួត ឯម ​សុធី​ ប្រកួត​បាន​ច្រើន​ជាង​គេ ​គឺ ​១១៣ ​ដង ​ឈ្នះ ​៨៣​ ​ចាញ់ ​២៥​ និង​​ស្មើ ​៥ ដង រីឯ ​ថា ​សារុន ​ធ្លាប់​ប្រកួត​ ​៩៨​ ដង ឈ្នះ ​៦០​ ចាញ់ ​៣៦​ ​ស្មើ ​២ ​ដង​ ចំណែក ​បាង ​កាយ៉ាក ប្រកួត​បាន​ ​៧២ ​ដង ​ឈ្នះ​ ៥០ ​​ចាញ់ ​២០ ​ស្មើ ​២ ដង ហើយ ​អេលីត​ សាន់​ ប្រកួត​បាន ​៧១ ​ដង ឈ្នះ ​៥៩​ ​ចាញ់ ​១០​ ​និង​ស្មើ ​២ ដង៕