ភ្នំពេញៈ អ្នក​ប្រដាល់​ចិត្តធំ ឯម សុធី របស់​ក្លិប​ថ្មគោលពោធិ៍​សែន​ជ័យ បាន​អះអាងថា ការវិល​មក​ប្រកួត​ម៉ា​រ៉ា​តុង​ដណ្តើម​ប្រា​ក់លាន ទម្ងន់ ៦០ គីឡូក្រាម នៅលើ​សង្វៀន​ថោ​ន ថ្ងៃអាទិត្យ​នេះ គឺ​រូបគេ​បាន​ហ្វឹកហាត់​ខ្លាំង ដើម្បី​វ៉ៃ​ដណ្តើម​ឱ្យបាន​លុយ​ធំ​ម្តង ប៉ុន្តែ សុធី ហាក់​នៅ​ញញើត​បេក្ខភាព ព្រឿង សុជាតិ ចំណែក​ភាគី សោម វិឆ័យ និង រៀម វណ្ណៈ មិន​ហ៊ាន​រំពឹង​ខ្ពស់​ទេ។

ចំពោះ​បេក្ខភាព​ទាំង ៤ នាក់ ដែល​ត្រូវ​ប្រកួតប្រជែង​គ្នាដណ្តើម​ប្រាក់​លានប្រចាំ​សប្តាហ៍​នេះ សុទ្ធតែ​ធ្លាប់​ចូល​ប្រកួតប្រជែង​ក្នុង​កម្មវិធី​ម៉ា​រ៉ាតុង​នេះ​ច្រើនលើក​ដូចគ្នា ប៉ុន្តែ​មានតែ ព្រឿង សុជាតិ ទេ ដែល​ធ្លាប់​ឈ្នះ​តំណែង​ជើងឯក​ម្តង អមដោយ​ប្រាក់រង្វាន់ ៣,៤ លាន​រៀល តែ​ពេលនេះ​ប្រាក់រង្វាន់​លេខ ១ បាន​កើន​ឡើងដល់ ៤ លាន​រៀល​ហើយ។ ចំណែក ឯម សុធី, សោម វិឆ័យ​និង រឿ​ម វណ្ណៈ ធ្លាប់​ធ្លាក់​ចេញពី​កម្មវិធី​នេះ ម្នាក់ ២ ទៅ ៣ លើក​មកហើយ។

យ៉ាងណាក៏ដោយ សម្រាប់​ការប្រកួត​នេះ កីឡាករ ឯម សុធី មាន​មហិច្ឆតា​ខ្ពស់ក្នុងការ​ដណ្តើម​ឱ្យបាន​ប្រាក់​លាន​នេះ បើទោះបីជា រូបគេ​ហាក់​ញញើត​នឹង ព្រឿង សុជាតិ ក៏ដោយ។ សុធី បាន​និយាយថា៖ «ការប្រកួត​លើក​មុន ខ្ញុំ​ចាញ់​មិន​អស់ចិត្ត គឺ​បាន​ឆ្លង​ចូល​វគ្គ​ផ្តាច់ព្រ័ត្រ​ដែរ ចំណែក​ការប្រកួត​នៅ​ថ្ងៃអាទិត្យ​នេះ ខ្ញុំ​រំពឹង​ឈ្នះ ៨០ ភាគរយ ប៉ុន្តែ​បើ​ប៉ះ​ជាមួយ ព្រឿង សុជាតិ គឺ​លំបាក​បន្តិច​ដែរ។ ទោះ​យ៉ាងណា លើក​នេះ ខ្ញុំ​ហាត់​បានល្អ ដើម្បី​វ៉ៃ​ឱ្យ​ឈ្នះ បាន​ប្រាក់រង្វាន់​ធំ​នេះ​ម្តង»។

ចំណែក​លោក ធន់ សុភា ជា​គ្រូបង្វឹក ព្រឿង សុជាតិ មានការ​រំពឹង​ខ្ពស់​ថា សិស្ស​របស់លោក នឹង​ឈ្នះ​ប្រាក់លានជា​លើក​ទី២ នៅក្នុង​ការប្រកួត​លើក​នេះ។

លោក​បាន​អះអាងថា៖ «នេះ​ជាការ​ប្រកួត លើក​ទី៤ ក្នុងការ​ដណ្តើម​ប្រាក់លាន​របស់ សុជាតិ ហើយ​យើង​ធ្លាប់​ឈ្នះ​បាន​ប្រាក់រង្វាន់​ម្តង​ដែរ ចំណែក​លើក​នេះ សង្ឃឹម​ឈ្នះ ៨០ ភាគរយ ពីព្រោះ​បេក្ខភាព​ប្រកួត​លើក​នេះ ប៉ះ​មួយណាក៏​មិនមាន​បញ្ហាលំបាក​ធំ​នោះដែរ»។

ជាមួយគ្នានេះ លោក ឡុង វិបុល គ្រូបង្វឹក សោម វិឆ័យ ក៏មាន​រំពឹង​ខ្ពស់​ថា សោម វិឆ័យ នឹង​អាច​បាន​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ផងដែរ បើសិនជា​រូបគេចាប់ឆ្នោត​មិន​ប៉ះ ឯម សុធី នៅ​វគ្គ​ជម្រុះ​នោះ។

លោក​បាន​ប្រាប់ថា៖ «សោម វិឆ័យ ហាត់​បានល្អ ប៉ុន្តែ​មិន​ហ៊ាន​រំពឹង​ច្រើន​ទេ ព្រោះ​វា​ធ្លាប់​ចូល​ប្រកួត​ចំនួន ២ លើក គឺ​បាន​ចាញ់​ទាំង ២ លើក នៅ​កម្មវិធី​មួយ​នេះ អ៊ីចឹង​ខ្ញុំ​គិតថា សង្ឃឹម ៥០ ភាគរយ ក៏ប៉ុន្តែ​បើ​វគ្គ​ជម្រុះ​ចាប់ឆ្នោត​មិន​ជួប ឯម សុធី ទេ សង្ឃឹម ៩០ ភាគរយ»។

ចំណែក​កីឡាករ​ចូលចិត្ត​ប្រើ​កែង រឿ​ម វណ្ណៈ ត្រូវបាន​អ្នកថែទាំប្រាប់ថា ការហ្វឹកហាត់​របស់គេបាន​គ្រប់គ្រាន់​ ប៉ុន្តែ​សង្ឃឹម​ឈ្នះ​ត្រឹម ៥០ ភាគរយ​ទេ ដោយសារតែ​ការប្រកួត​ដណ្តើម​ប្រាក់​លាន ដែលមាន​ការប្រកួត​ត្រឹម៣ទឹក ទាំង​វគ្គ​ជម្រុះ និង​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ គឺមាន​ការ​វ៉ៃ​ប្តូរ​គ្នា​ខ្លាំង ហេតុនេះ​ករណី​ភ្លាត់ អាច​នឹង​ងាយ​កើតឡើង ដែល​អាច​បណ្តាលឱ្យ​សន្លប់​បាន៕