ភ្នំពេញ៖ ការ​សម្រេច​គោលបំណង គឺ​ការ​ផ្តួល​កីឡាការិនី​កូរ៉េខាងត្បូង Choi Jeong Yun ឱ្យ​អាជ្ញា​កណ្តាល​បញ្ឈប់​ត្រឹម​ទឹក​ទី២ ក្នុង​ការ​ប្រកួត ONE: UNBREAKABLE II នៅ​ប្រទេស​សិង្ហបុរី កាល​ពី​រាត្រី​ថ្ងៃ​សុក្រ កន្លង​មក​នេះ បាន​ធ្វើ​ឱ្យ​កីឡាការិនី​ខ្មែរ-អាមេរិក ឯម សុវណ្ណារី មាន​ក្តី​រំភើប និង​ពេញ​ចិត្ត​ខ្លាំង​ក្នុង​ការ​ត្រួសត្រាយ​ដើរ​លើ​ផ្លូវ​អាជីព​ជា​អ្នក​ប្រយុទ្ធ​មួយ​នេះ។

ជាមួយគ្នានេះ ឯម សុ​វណ្ណា​រី បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ តាម​រយៈហ្វេ​សប៊ុ​ក ក្រោយ​ការទទួលបាន​ជ័យជម្នះ​យ៉ាងសំខាន់​នេះ​ថា នាពេល​អនាគតកញ្ញាមានបំណង​ចង់​ប្រកួត​តំណាងឱ្យ​កម្ពុជា​តែម្តង ហើយ​ចំពោះ​រឿងនេះ លោក វ៉ា​ត់ ចំរើន ប្រធាន​សហព័ន្ធ MMA កម្ពុជា បាន​ប្រាប់ថា លោក​ស្វាគមន៍ និង​គាំទ្រ​ជានិច្ច ព្រោះ​ការប្រកួត​របស់ ឯម សុ​វណ្ណា​រី ក៏​ជា​ផ្នែក​មួយ​របស់​កម្ពុជា​ដែរ ដ្បិតអី​យើង​ជា​សមាជិក MMA នេះ។

យ៉ាងណាក៏ដោយ លោក វ៉ា​ត់ ចំរើន បាន​បន្ថែមថា៖ «ប៉ុន្តែ​កីឡា​ប្រភេទ​នេះ មិនមាន​ការប្រមូលផ្តុំ​ហ្វឹកហាត់ជា​ក្រុម​ជម្រើសជាតិ ដែល​គ្រប់គ្រង​ដោយ​ក្រសួងអប់រំ យុវជន និង​កីឡា ឬ​គណៈក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា​នោះទេ ពោលគឺ​សហព័ន្ធ​ MMA កម្ពុជា មាន​ទំនាក់​ទំនងជា​ខ្សែបណ្តោយ ទាំង​បច្ចេកទេស និងហិរញ្ញវត្ថុ​ខ្លួនឯង គឺជា​កីឡា​អាជីពដោយមាន​ដៃគូ​អន្តរជាតិ​ផ្ទាល់​សម្រាប់​ស្វែងរក​ទីផ្សារ​ប្រកួតទៅតាម​ការរៀបចំ មិន​កំណត់​រដូវកាល​ជាក់លាក់​ទេ គឺ​អាស្រ័យ​លើ​ទំនាក់ទំនង​ទីផ្សារ​ផ្ទាល់»។

តាមរយៈ​ការប្រកួតកាលពី​ថ្ងៃ​សុក្រ​នោះ ឯម សុ​វណ្ណា​រី បាន​ប្រើ​ក្បាច់​ក្លេ​កៀប​មិនឱ្យ​ដៃគូ Choi Jeong Yun រើបម្រះ​រួច​នោះទេ បន្ទាប់មក​នាង​បាន​ម៉ាត់​ទៅលើ​ផ្ទៃមុខ​កីឡាការិនី​របស់​កូរ៉េ​រូបនេះ​ដល់​ចំនួន ២៥ ដៃ រហូត​អាជ្ញាកណ្តាល​បញ្ឈប់​នៅ​ពាក់កណ្តាល​ទឹក​ទី ២ តែម្តង។ ក្រោយ​ការ​ឈ្នះ​នោះ សុ​វណ្ណា​រី បាន​ប្រាប់ថា៖ «ខ្ញុំ​ពិតជា​ធ្វើបាន​សម្រេច​តាមចិត្ត​ខ្ញុំ​ចង់ ហើយ​ឥឡូវ​ខ្ញុំ​មានបំណង​ចង់​ក្លាយជា​កីឡាការិនី​ជម្រើសជាតិ​តំណាងឱ្យ​ប្រទេស​ខ្មែរ ក្នុង ONE Championships (ONE) នេះ​តែម្តង។ ខ្ញុំ​មាន​បច្ចេកទេស​វ៉ៃ​បានល្អ ផ្នែក​ចាប់​បោក គឺ​ជើង​ក្រោម ហើយ​ខ្ញុំ​គិតថា បងប្អូន​ខ្មែរ ពិតជា​មានការ​ពេញចិត្ត ចំពោះ​ជ័យជម្នះ​របស់ខ្ញុំ​នេះ»។

ឯម សុ​វណ្ណា​រី ដែលមាន​លំនៅ​អចិ​ន្រៃ្ត​យ៍រស់នៅ​ក្រុង​ឡុង​ប៊ិច សហរដ្ឋអាមេរិកនោះ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ បន្ថែមថា៖ «ឪពុកម្តាយ​ខ្ញុំ មាន​ស្រុកកំណើត​នៅ​ភ្នំពេញ ហើយ​ខ្ញុំ​កើត​នៅ​អាមេរិក ប៉ុន្តែ​ខ្ញុំ​ចង់​ក្លាយជា​អ្នក​ប្រដាល់​ស្ត្រីដ៏ល្បីល្បាញ​ម្នាក់ ក្នុងការ​ប្រកួត​គុន​ចម្រុះ MMA នេះ ឱ្យ​កម្ពុជា ដោយ​សង្ឃឹមថា បងប្អូន​ខ្មែរ​ស្រឡាញ់​គាំទ្រ​ខ្លាំង។ សម្រាប់​ការប្រកួត​លើក​ទី៤ បន្ទាប់ ខ្ញុំ​នឹង​ឈ្នះ​ទៀត ហើយ​នៅពេល​ជំងឺ​កូ​វីដ ១៩ បាន​ចប់ ខ្ញុំ​នឹង​ទៅ​ប្រទេស​កម្ពុជា ដើម្បី​ហ្វឹកហាត់​ត្រៀម​ប្រកួត​ឱ្យបាន​ល្អ»។

ចំណែក លោក វ៉ា​ត់ ចំរើន បាន​បន្ថែមទៀតថា៖ «យើង​គាំទ្រ ព្រោះ​កម្ពុជាជា​សមាជិក ​ហើយ ឯម សុ​វណ្ណា​រី ក៏​ប្រើ​ឈ្មោះ​កម្ពុជា ព្រោះ​សហព័ន្ធ MMA កម្ពុជា តំណាងឱ្យ​កម្ពុជា​នេះហើយ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ បើ​នាង​ហាត់ និង​ប្រកួត​បានល្អ ប្រាក់ចំណូល​ពី​ការប្រកួត​នេះ នឹង​ទទួលបាន​ច្រើន​ទៅតាម​សមត្ថភាព និង​បទពិសោធ ហើយក៏​ជា​កីឡា​ប្រភេទ​ពាណិជ្ជកម្ម​ផងដែរ»៕