ភ្នំពេញៈ កីឡាការិនីខ្មែរ-អាមេរិក ឯម សុវណ្ណារី ដែលបានបាក់ទឹកចិត្ត ក្រោយចាញ់ដោយសន្លប់លើកដំបូងនៅលើសង្វៀន ONE Championships (ONE) កាលពីឆ្នាំ ២០១៩ នោះ គឺនៅពេលនេះចាប់ផ្តើមមានការជឿជាក់លើខ្លួនឯងជាថ្មី ហើយរំពឹងថា នាងនឹងអាចយកឈ្នះលើកីឡាការិនីរបស់កូរ៉េខាងត្បូង Choi Jeong Yun សម្រាប់ការប្រកួត ONE: UNBREAKABLE II នៅកីឡដ្ឋាន Singapore Indoor Stadium ប្រទេសសិង្ហបុរី នារាត្រីថ្ងៃសុក្រនេះ។
ដោយមានឱពុកម្តាយជាជនជាតិខ្មែរ មានដើមកំណើតនៅភ្នំពេញ ឯម សុវណ្ណារី ដែលកំពុងរស់នៅក្រុងឡុងប៊ិច សហរដ្ឋអាមេរិក គឺជាអ្នកប្រយុទ្ធដ៏ស្រួចស្រាល់ម្នាក់ និងមានបំណងចង់ក្លាយជាអ្នកប្រដាល់ស្ត្រី ដ៏ល្បីឈ្មោះម្នាក់ នៅក្នុងការប្រកួតគុនចម្រុះ MMA នេះ ដោយនាងបានចូលប្រឡូកលើវិថីនេះបានរយៈពេល ៣ ឆ្នាំមកហើយ បន្ទាប់ពីបានឆ្លងកាត់ការហ្វឹកហាត់ប្រដាល់អស់រយៈពេល ៥ ឆ្នាំ។
សុវណ្ណារី ធ្លាប់ប្រកួតវាយដាក់ទ្រុងបាន ៤ ដង ហើយក្នុងប្រវត្តិនេះ កញ្ញាធ្លាប់ប្រកួតនៅលើសង្វៀន ONE បានត្រឹម ២ លើកទេ គឺលើកទី១ សុវណ្ណារី បានផ្តួលកីឡាការិនីអ៊ុយក្រែន Iryna Kyselova ឱ្យសន្លប់ ក្នុងទឹកទី១ នៅ ONE: Destiny of Champions កាលឆ្នាំ ២០១៨ ប៉ុន្តែការបង្ហាញខ្លួនលើកទី២ សុវណ្ណារី បានសន្លប់ក្រោមក្បាច់ក្លេរបស់កីឡាការិនីប្រេស៊ីល Rayane Marques Bastos ទឹកទី។
ការសន្លប់នៅក្នុងព្រឹត្តិការណ៍ ONE: Mark of Greatness កាលពីឆ្នាំ ២០១៩ នោះ បានធ្វើឱ្យអ្នកប្រយុទ្ធមានវ័យ ២៨ ឆ្នាំ សុវណ្ណារី មានការបាក់ទឹកចិត្ត ចំពោះអាជីពប្រដាល់គុនចម្រុះរបស់ខ្លួន ប៉ុន្តែនៅក្នុងអំឡុងពេលខាកខានមិនបានឡើងប្រកួត ជាង ១ ឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ ១៩ ជាលក្ខណៈសកលលោកនេះ បានជួយឱ្យ សុវណ្ណារី អាចជម្នះបាននូវភាពទន់ជ្រាយនេះ និងមានភាពជឿជាក់លើខ្លួនឯងជាថ្មី ហើយសង្ឃឹមថា រូបនាង អាចនឹងយកឈ្នះលើកីឡាការិនី Choi Jeong Yun នៅយប់នេះបាន។
អ្នកប្រដាល់បានបញ្ចប់បរិញ្ញាបត្រព័ត៌មានវិទ្យា ឯម សុវណ្ណារី បានប្រាប់ថា៖ «ក្រោយពេលចាញ់ចុងក្រោយនៅ ONE ខ្ញុំអត់សូវមានទំនុកចិត្ត និងមានអារម្មណ៍ច្របូកច្របល់ ចំពោះអាជីពប្រដាល់គុនចម្រុះនេះ ប៉ុន្តែនៅក្នុងរយៈពេល ១ ឆ្នាំ ដែលមិនបានឡើងប្រកួត ដោយសារជំងឺកូវីដ ១៩ នេះ ខ្ញុំបានបង្កើនការហ្វឹកហាត់ខ្លាំងទ្វេដង និងបានសម្រកទម្ងន់បានល្អ អ៊ីចឹងសម្រាប់ការប្រកួតលើកនេះ ខ្ញុំមានជំនឿចិត្តលើខ្លួនឯងថា នឹងឈ្នះ ១០០ ភាគរយតែម្តង»។
ឯម សុវណ្ណារី ដែលមានបំណងចង់ក្លាយជាកីឡាការិនីជម្រើសជាតិរបស់កម្ពុជានាពេលអនាគតនោះ បានបន្ថែមថា៖ «ឥឡូវនេះ ខ្ញុំស្គាល់ខ្លួនឯង គឺពិតជាស័ក្តិសម ជាអ្នកប្រដាល់ម្នាក់ ព្រោះទាំងក្បាច់វ៉ៃឈរ និងក្បាច់ក្រោម ខ្ញុំល្អច្រើន ដែលអាចវ៉ៃបានគ្រប់ទឹកទាំងអស់។ ខ្ញុំគ្មានញញើតឬខ្លាចអ្វីឡើយ ហើយខ្ញុំចង់ប្រកួតតំណាងប្រទេសកម្ពុជា»។
ចំណែក Choi Jeong Yun ទើបតែបរាជ័យក្រោមកណ្តាប់ដៃកីឡាការិនីប្រេស៊ីល Maira Mazar នៅព្រឹត្តិការណ៍ ONE: INSIDE THE MATRIX IV ក្នុងទឹកទី៣ កាលពីថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២០ ប៉ុន្តែសម្រាប់ការប្រកួតក្នុងស្រុក កីឡាការិនីរបស់កូរ៉េខាងត្បូងរូបនេះ បានប្រើកណ្តាប់ដៃផ្តួលមិត្តរួមជាតិ Jiyeon Lee ក្នុងទឹកទី១ ហើយលើកទី២ នាងបានប្រើក្បាច់ក្លេ បង្ខំឱ្យមិត្តរួមជាតិ Young Joo Lee សុំចុះចាញ់ក្នុងទឹកទី១ ហេតុនេះ Choi Jeong Yun ក៏មានជំនាញវាយក្បាច់ឈរ និងក្បាច់ក្រោម (ក្លេ) ដូច ឯម សុវណ្ណារី ដែរ ដែលមិនអាចមើលស្រាលបាននោះទេ៕