ភ្នំពេញៈ នៅក្នុង​អាជីព​ប្រដាល់​ដែល​មាន​រយៈពេល​ខ្លី​ជាង​គេ ប៉ុន្តែ​កីឡាករ ឯម ឡេងលី បាន​សាង​សមត្ថភាព​ល្អ​ឈាន​ចូល​ប្រកួត​ក្នុង​ពិភព​អ្នក​ប្រដាល់​គុន​ខ្មែរ​ជា​អ្នក​ខ្លាំង​ ១ ​រូប និង​ទទួល​បាន​ចំណាត់ថ្នាក់​លំដាប់​ជួរមុខ​ក្នុង​ទម្ងន់​ធ្ងន់​ ៧១ ​គីឡូក្រាម ហើយ​រូបគេ​ក៏​ជា​ម្ចាស់​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​ ២ ឆ្នាំ​ ២០១៨ ផង​ដែរ​។

តាំងពី​បាន​ឈ្នះ​មេដាយមាស​នោះ​មក ឯម ឡេងលី ឡើង​ប្រកួត​រហូត​មក​ដល់​បច្ចុប្បន្ន​គឺ​ទទួល​បរាជ័យ​តែ​ម្តងគត់ ក្រោយពេល​រៀបការ​នៅ​ដើម​ឆ្នាំ​ ២០១៩ នៅលើ​សង្វៀន​អាស៊ីអាគ្នេយ៍ ក្រៅពី​នោះ​គេ​បាន​ឈ្នះ​ទាំងអស់ ហើយ​លទ្ធផល​ដ៏ល្អ​នេះ​បាន​ធ្វើឲ្យ​ទីផ្សារ​ប្រកួត​របស់ ឯម ឡេងលី នៅ​តែ​មាន​ប្រិយភាព​ពេញនិយម​សម្រាប់​គ្រប់​សង្វៀន​លំដាប់​គូ​អន្តរជាតិ​គ្រាន់តែ​មិន​ញឹកញាប់​ដោយសារ​ទម្ងន់​ធ្ងន់​លំបាក​រក​ដៃគូ​។

ដោយឡែក​សម្រាប់​ការប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​សង្វៀន SEATV កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ ឯម ឡេងលី បាន​ឈ្នះ​កីឡាករ​ថៃ Phat Morokout ដោយ​ពិន្ទុ​ដាច់ ហើយ​នៅ​ក្រោយ​ការប្រកួត​នោះ​សិស្ស​គណក្លិប​ប្រដាល់​ថ្មគោល​សែនជ័យ​រូបនេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ខ្ញុំ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ជាមួយ​កីឡាករ​បរទេស​ជាង​ ៥០ ​លើក គឺ​ចាញ់​តែ​ ៧ ​លើក​ប៉ុណ្ណោះ និង​ស្មើ​ ១ ​លើក ក្រៅពី​នេះ​ប្រកួត​ឈ្នះ​ដោយ​ភាគច្រើន​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​មិន​ឲ្យ​ឆ្លង​ផុត​ដល់​ទឹក​ទី​ ៥ ​នោះ​ទេ ហើយ​ចាប់ពី​ចុង​ឆ្នាំ​ ២០១៨ រហូត​ដល់​ពេល​នេះ​ខ្ញុំ​ប្រកួត​ចាញ់​តែ​ម្តងគត់ ដោយ​សន្លប់​ត្រឹម​ទឹក​ទី​ ២»​។

ទោះ​ជា​យ៉ាងណា ឯម ឡេងលី ប្រកួត​បាន​លទ្ធផល​ល្អ និង​មាន​ប្រិយភាព​ខ្លាំង តែ​រូប​គេ​នៅ​មាន​តម្លៃ​ខ្លួន​ប្រកួត​ទាប​ជាង​កីឡាករ​កម្ពុជា​ផ្សេង​នៅ​ឡើយ​។ ឯម ឡេងលី បាន​និយាយ​ថា​៖ «​ទោះបី​ខ្ញុំ​មាន​ទីផ្សារ​ប្រកួត​ច្រើន ប៉ុន្តែ​តម្លៃ​ខ្លួន​ខ្ញុំ នៅ​ទាប​ជាង​ជើង​ខ្លាំង​ល្បីៗ​មួយ​ចំនួន ហើយ​បញ្ហា​នេះ​អាច​មក​ពី​ខ្ញុំ​ជា​កីឡាករ​នៅ​លំដាប់​ខ្លាំង​តែ​នៅ​ខ្ចី​វស្សា​ជាងគេ​»​។

យ៉ាងណា​ក៏ដោយ ឯម ឡេងលី មិន​ហ៊ាន​ទាមទារ​ឲ្យ​មាន​ការដំឡើង​តម្លៃ​ខ្លួន ដូចជា​ជើង​ខ្លាំង រឿង សោភ័ណ្ឌ ដែល​បាន​ស្នើសុំ​ឲ្យ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ឲ្យ​មាន​ការឡើង​តម្លៃ​ខ្លួន​របស់​គេ​ដល់​ ៨០០ ​ដុល្លារ​ក្នុង​ ១ ​ប្រកួត​នោះ​ទេ​។ ឡេងលី បញ្ជាក់​ថា​៖ «​ខ្ញុំ​មិន​ហ៊ាន​ទាមទារ​តម្លៃ​ប្រកួត​បន្ថែម​ទេ​គឺ​ឲ្យ​តែ​បាន​ឡើង​ប្រកួត ខ្ញុំ​អរគុណ​ខ្លាំង​ណាស់​ទៅ​ហើយ ព្រោះ​ទម្ងន់​ធ្ងន់​ដូច​ខ្ញុំ​លំបាក​រក​ដៃគូ​ប្រកួត​»​។

សម្រាប់​ការប្រកួត​ជាមួយ​ជើង​ខ្លាំង​ថៃ Phat Morokout កាលពី​ថ្ងៃ​អាទិត្យ​នោះ ឯម ឡេងលី គ្រប់គ្រង​ស្ថានភាព​បាន​ល្អ​ប្រសើរ​ដោយ​មាន​ពិន្ទុ​ល្អ មាន​ប្រៀប​ឈ្នះ​ទាំង​ ៥ ​ទឹក​។ ក្បាច់​ប្រកួត​ដ៏អស្ចារ្យ​ដែល​ជួយ​ឲ្យ ឡេងលី មាន​ប្រៀប​ដាច់​នោះ គឺ​ទាត់ និង​ជង្គង់ ហើយ​ក្នុង​នោះ​នៅ​ទឹក​ទី ៣ និង​ទឹក​ទី​ ៤ ឡេងលី បាន​វ៉ៃ​ថៃ​ម្នាក់​នេះ​ឲ្យ​អាជ្ញាកណ្តាល ម៉ាក់ សាមឿន រាប់​ចំនួន​ ២ ​លើក​មុន​ពេល​រូបគេ​ឈ្នះ​ដោយ​ពិន្ទុ​។

ស្រដៀង​គ្នា​នេះ​ដែរ​អតីត​ជើង​ខ្លាំង បឺត សង្ឃឹម មកពី​ក្លិប​រ៉ាហាប់​ស្វាយប៉ាក បាន​ទាត់​ផ្តួល​កីឡាករ​ជើងចាស់ គួន ប៊ុនហ៊ីម មកពី​ក្លិប​រស្មី​ពន្លឺ​សាមគ្គី​ខេត្ត​បាត់ដំបង​ឲ្យ​ខូច​ជើង​សុំ​ចុះចាញ់​នៅ​ត្រឹម​ទឹក​ទី​ ២​។ បឺត សង្ឃឹម ជា​កីឡាករ​លំដាប់​ប្រកួត​លក្ខណៈ​អន្តរជាតិ ប៉ុន្តែ​មួយ​រយៈ​ពេល​នេះ​ប្រកួត​មិន​សូវ​បាន​ល្អ និង​ចាញ់​ញឹកញាប់​ទើប​ធ្លាក់ខ្លួន​មក​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​ជាតិ​ម្តង ដើម្បី​ពង្រឹង​សមត្ថភាព​ឡើង​វិញ​។

លោក បឺត សំខាន់ ដែល​ជា​គ្រូបង្វឹក​បាន​និយាយ​ថា​៖ «​មួយរយៈ​កន្លង​មក​នេះ បឺត សង្ឃឹម ប្រកួត​ធ្លាក់​ចុះ​ដោយ​បញ្ហា​ហ្វឹកហាត់​មិន​បាន​ល្អ ព្រោះ​មាន​បញ្ហា​ក្នុង​គ្រួសារ​ក្នុង​នោះ​មាន​ប្រពន្ធ​កូនខ្ចី​ទៀត ធ្វើឲ្យ​គេ​ត្រូវ​ខិតខំ​ជួយ​ការងារ​រកស៊ី​ផ្គត់ផ្គង់​ជីវភាព និង​មិន​សូវ​បាន​ហ្វឹកហាត់​ជាប់លាប់​ល្អ​។ ប៉ុន្តែ​នៅពេល​ប្រកួត​ឈ្នះ​បន្តបន្ទាប់​ទៀត បឺត សង្ឃឹម អាច​នឹង​សុំ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​បរទេស​បាន​ក្នុង​ពេល​ខាង​មុខ​»៕