ក្រុងម៉ា្រឌីដ៖ ខ្សែ​បម្រើ​ប្រយុទ្ធ​កូរ៉េខាង​ត្បូង Lee Kang-in ស៊ុត​បញ្ចូល​ទី​មុន​សំឡេង​កញ្ចែ​ចុង​ក្រោយ​បន្លឺ​ឡើង ២ ​នាទី ​ជួយ​ឲ្យ​ក្រុម Valencia ឈ្នះ​ក្រុម Real Valladolid ២-១ នៅ​ផ្ទះ​ខ្លួន​ឯង កាល​ពី​ថ្ងៃ​អង្គារ ដោយ​ជ័យជម្នះ​នេះ ជួយ​ក្រុម​ម្ចាស់​ផ្ទះ​តាម​ ១ ពិន្ទុ ពី​ក្រោយ​ក្រុម​ដែល​​មាន​សិទ្ធិ​ទៅ​លេង​ក្នុង​ក្របខ័ណ្ឌ​ Europa League របស់​អឺរ៉ុប​រដូវកាល​ក្រោយ​។

កីឡាករ Lee វ័យ ១៩ ​ឆ្នាំ ធានា​នូវ​ការ​ឈ្នះ​​ជា​លើក​ដំបូង​សម្រាប់​ក្រុម​ខ្លួន ចាប់​តាំង​ពី​លោក Albert Celades ត្រូវ​​បណ្តេញ​ចេញ នៅ​ដើម​ខែ​នេះ ហើយ​បាន​ជួយ​ឲ្យ​ក្រុម​ឡើង​ដល់​លេខ ៨ នៅ​ក្រោម​ក្រុម Real Sociedad ដែល​ឈរ​នៅ​ចំណាត់​ថ្នាក់​បាន​ទាត់​​វគ្គ​ជម្រុះ សម្រាប់​ការ​ប្រកួត​ប្រចាំ​ទ្វីប។

ការ​ប្រកួត​របស់​ក្របខ័ណ្ឌ La Liga អេស្ប៉ាញ នាសប្ដាហ៍​ទី ​៣៥ នេះ ឃើញ​ថា ក្រុម​ Valencia ​បើក​ការ​នាំ​មុខ ១-០ នៅ​នាទីទី ​៣០ ដោយ​កីឡាករ ​​Maxi Gomez ហើយ​លទ្ធផល​នេះ បន្ត​ដល់​ចប់​​វគ្គ​ទី​១​។

តង់​ទី​២ ការ​ប្រកួត​ដំណើរការ​បាន​តែ ២ ​នាទី​ កីឡាករ Victor Garcia ដែល​លេង​នៅ​តំបន់​កណ្ដាល ក៏​​ជួយ​ឲ្យ​ក្រុម Valladolid ​ស្មើ ១-១ វិញ បន្ទាប់​ពី​មិត្ត​រួម​ក្រុម​របស់​គេ ​ព្យាយាម​​ស៊ុត​ពី​ខាង​ក្រៅ​ប្រអប់​គ្រោះ​ថ្នាក់ ហើយ​​បាល់​ខ្ទាត​ទៅ​ចំ​ខ្លួន ក៏​ឆក់​ឱកាស ដោយ​ការ​​បង្វិល​ខ្លួន​ស៊ុត​បញ្ចូល​ទីបាន​​យ៉ាង​ល្អ​។​

ក្រោយ​​ពី​បាន​ស្មើ​ហើយ ក្រុម​ភ្ញៀវ​ ហាក់​មាន​ឱកាស​ជា​ច្រើន​លើក​ដែរ ក្នុង​ការ​ស៊ុត​បញ្ចូល​ទី​ តែ​គួរ​ឲ្យ​ស្ដាយ​មិន​អាច​គេច​​ពី​ដៃ​អ្នក​ចាំ​ទី ​Jaume របស់​ក្រុម Valencia បាន​ឡើយ ហើយ​ស្រប​ពេល ការ​ប្រកួត​ដែល​គ្រប់​​គ្នា​គិត​ថា នឹង​មាន​​ភាគរយ​ខ្ពស់​ចែក​ពិន្ទុ​គ្នា ព្រោះ​នៅ​សល់​តែ ២ នាទី​ទៀត​ប៉ុណ្ណោះ សម្រាប់​ម៉ោង​ធម្មតា ស្រាប់​តែ​កីឡាករ​​ Lee​ បាន​បណ្ដើរ​បាល់​ពី​ស្លាប​ខាង​ស្ដាំ​ ហើយ​ក៏​សាក​ស៊ុតជើង​ឆ្វេង​ពី​មុខ​ខ្សែ​នៃ​តំបន់​គ្រោះ​ថ្នាក់​ ចូល​ទី​បាន​យ៉ាង​ស្អាត ​ជួយ​ឲ្យ​ក្រុម​ខ្លួន​ដណ្ដើម​បាន​ ៣ ពិន្ទុ​ដ៏​សំខាន់​នេះ​៕ AFP/VN