ក្រុង​ប៊ុយការ៉េស៖ ការ​ស៊ុត​បក​ក្រោយ​យ៉ាង​អស្ចារ្យ​របស់ Olivier Giroud មិន​ត្រឹមតែ​បំបែក​ភាព​រឹងមាំ​របស់​ក្រុម Atletico Madrid ថែម​ទាំង​ជួយ​ឱ្យ​ក្រុម​តោខៀវ Chelsea បាន​នូវ​គ្រាប់​បាល់​ក្រៅ​ទឹកដី​ដ៏​សំខាន់​ទៀត​ផង ក្រោយ​វា​ជា​គ្រាប់​បាល់ ដែល​ផ្ដល់​ជ័យជម្នះ ១-០ សម្រាប់​ក្រុម​របស់​លោក Thomas Tuchel ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ ១៦ ក្រុម​ចុង​ក្រោយ​ជើង​ទី២។

ការ​ស៊ុត​បាល់​បែប​អត្តពលិក​កាយ​សម្ព័ន្ធ​របស់ Giroud នេះ ដំបូង​ឡើយ ត្រូវ​បាន​បដិសេធ ដោយសារ​គិត​ថា ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង ស្ថិត​ក្នុង​ជំហរ​អក​ហ្សឺ តែ​ចុងក្រោយ ក៏​ផ្ដល់​ឱ្យ​ជា​ផ្លូវ​ការ​​ បន្ទាប់​ពី​ការ​ពិនិត្យ​វីដេអូ​ជំនួយការ​អាជ្ញា​កណ្ដាល (VAR) បាន​បង្ហាញ​ថា Mario Hermoso របស់ Atletico ប៉ះបាល់​មុន ទើប​មាន​ការ​ស៊ុត​បញ្ចូល​ទី​ជា​ក្រោយ។

ក្រោយ​ការ​ប្រកួត​បញ្ចប់​ទៅ Giroud និយាយ​ថា៖ «ខ្ញុំ​មិន​ដឹង​ថា ត្រូវ​គិត​ពី​ការ​ស៊ុត​បញ្ចូល​ទី​អ្វី​នោះ​ទេ ពោល​គឺ​ខ្ញុំ​ត្រឹមតែ​ផ្ដោត​លើ​ការ​ទាត់​ឱ្យ​ចំ​បាល់​ប៉ុណ្ណោះ។ ខ្ញុំ​ចូលចិត្ត​ការ​ទាត់​បក​ក្រោយ ហើយ​ខ្ញុំ​សប្បាយចិត្ត ពេល​ឃើញ​បាល់​ក្នុង​សំណាញ់​ទី។ ខ្ញុំ​មិន​មាន​សញ្ញា​ដឹង​ថា ខ្លួន​ឯង​អកហ្សឺ ឬ​អត់​ទេ?»។

ក្រុម​របស់​លោក Diego Simeone បង្ហាញ​ពី​ទម្រង់​នៃ​ការ​ការពារ​យ៉ាង​ល្អ​រហូត​ដល់​មាន​គ្រាប់​បាល់​នោះ តែ​ការ​ឆក់​ឱកាស​ដ៏​វៃឆ្លាត​របស់ Giroud បាន​ន័យ​ថា ក្រុម​លំដាប់​កំពូល​របស់​អេស្ប៉ាញ នឹង​ត្រូវ​តែ​រក​គ្រាប់​ឱ្យ​បាន ពេល​ប្រកួត​ជើង​ទី ២ នៅ​ក្រុង​ឡុង​ដ៍ នា​ថ្ងៃទី ១៧ ខែមីនា បើ​មិន​ចង់​ធ្លាក់​ពី​ក្របខ័ណ្ឌ​អឺរ៉ុប​យ៉ាង​ឆាប់​ទេ​នោះ។

ការ​ធ្លាក់​ទម្រង់​លេង​ដ៏​គួរ​ឱ្យ​បារម្ភ ក៏​នៅ​តែ​មាន​បន្ត​សម្រាប់ Atletico ដែល​ការ​មាន​ពិន្ទុ​នាំ​មុខ នៅ La Liga កំពុង​រង​ការ​គំរាម​កំហែង​ផង​ដែរ ក្រោយ​ពី​ឈ្នះ​តែ​ម្ដង​គត់ ក្នុង​ចំណោម​ការ​ប្រកួត ៤ លើក​ចុង​ក្រោយ។

គ្រូបង្វឹក​របស់​ក្រុម Atletico លោក Simeone ថ្លែង​ថា៖ «បើ​អ្នក​និយាយ​ជាមួយ​ខ្ញុំ ក្នុង​ខែកញ្ញា យើង​បាន​ចាញ់ ១-០ ក្នុង​ប្រកួត​ជើង​ទី១ ហើយ​ឈរ​ទី​កំពូល​តារាង​ពិន្ទុ​របស់​លីគ ច្បាស់​ណាស់​ខ្ញុំ​យល់ស្រប​ជាមួយ។ លទ្ធផល​នេះ មិន​បាន​ធ្វើ​ឱ្យ​យើង​ពេញចិត្ត​ទេ ដូច្នេះ​យើង​ត្រូវ​ប្រឹងប្រែង​ប្រឹងប្រែង ប្រឹងប្រែង និង​ប្រឹងប្រែង»។

Chelsea ឆ្លង​ផុត​ការ​ធ្វើ​តេស្ត​ដ៏​ធំ​បំផុត តាំង​ពី​លោក Tuchel ត្រូវ​បាន​តែងតាំង​នៅ​ចុង​ខែ​មករា ដោយ​ការ​គាំទ្រ​ឱ្យ​មាន​ដំណើរ​ផ្លូវ​រឹងមាំ ដែល​ពួក​គេ​មិន​សូវ​លេចធ្លោ នៅ Premier League ជាមួយ​នឹង​ការ​បង្ហាញ​ទម្រង់​លេង​គួរ​ឱ្យ​ទាក់ទាញ ទល់​នឹង​ក្រុម​ដ៏​ល្បី ១ របស់​អឺរ៉ុប។

កីឡាករ Giroud វ័យ ៣៤ ឆ្នាំ បាន​បន្ថែម​ថា៖ «យើង​ដឹង​ច្បាស់​ពី​កម្លាំង​របស់​ពួក​គេ ហើយ​ដឹង​ពី​វិធី​ដោះស្រាយ ដើម្បី​ទប់ទល់​ជាមួយ​ពួក​គេ»។

គ្រាប់បាល់​នាទី​ទី៦៨ របស់ Giroud គឺ​គ្រាប់​ទី៣ ដែល Atletico របូត ក្នុង​ចំណោម​ការ​ប្រកួត​នៅផ្ទះ ១៤ ដង ក្នុង​វគ្គ​ចាញ់​ធ្លាក់​នៅ Champions League ក្រោម​ការ​ដឹកនាំ​របស់​លោក Simeone ទោះ​ប្រកួត​នេះ ត្រូវ​ធ្វើ​នៅ​ទឹកដី​ខ្លួន​ឯង​ត្រឹមតែ​ឈ្មោះ​ក៏​ដោយ។

ការ​រឹត​បន្តឹង​របស់​រដ្ឋាភិបាល​អេស្ប៉ាញ​មាន​ន័យថា ហ្គេម​នៅ​ក្រុង​ម៉ាឌ្រីដ ត្រូវ​លើក​ទៅ​ក្រុង​ប៊ុយការ៉េស ខណៈ​ជើង​ទី២ នៅ​តែ​ធ្វើ​ក្នុង​កីឡដ្ឋាន Stamford Bridge ដដែល៕ AFP/VN