ក្រុងតូរ៉ុនតូៈ ក្បួនដង្ហែពានដ៏ធំមួយដើម្បីអបអរសាទរជ័យជម្នះរបស់ក្លិបបាល់បោះ Toronto Raptors ដែលបានលើកពានក្របខ័ណ្ឌ NBA បានផ្អាកដំណើរការបន្តិចកាលពីថ្ងៃចន្ទដោយសារមានការបាញ់កាំភ្លើងកើតឡើងនៅទីលាន Nathan Phillips Spuare បណ្ដាលឲ្យមនុស្ស ២ នាក់រងរបួសធ្ងន់ព្រមទាំងធ្វើឲ្យមហាជនជ្រួលច្របល់ផងដែរ។
ប្រជាពលរដ្ឋចំនួនជាង ១ លាននាក់បានជួបជុំគ្នានៅទូទាំងទីក្រុងតូរ៉ុនតូនៅប្រទេសកាណាដាដើម្បីចូលរួមអបអរសាទរចំពោះជ័យជម្នះរបស់ក្លិបនេះ ប៉ុន្តែការប្រមូលផ្ដុំគ្នានៅទីលាន Nathan Phillips នេះបានផ្អាកដំណើរការបន្តិច ក្រោយពីមានការបាញ់ប្រហារបានកើតឡើងនៅទីនោះ។
ប៉ូលិសនៅទីក្រុងតូរ៉ុនតូបាននិយាយថាជនរងគ្រោះ ២ នាក់បានរងរបួសធ្ងន់ ប៉ុន្តែមិនប៉ះពាល់ដល់អាយុជីវិតទេ ខណៈមនុស្សចំនួន ២ នាក់ត្រូវបានបញ្ជូនទៅមន្ទីរឃុំខ្លួនពាក់ព័ន្ធនឹងការបាញ់ប្រហារនេះ ហើយកាំភ្លើង ២ ដើមត្រូវបានរកឃើញនៅកន្លែងនោះផងដែរ។
ប៉ុន្តែពិធីអបអរនេះបានចាប់ផ្ដើមបន្តទៀតជាមួយអ្នកចូលរួមចំនួន ៦៥ ០០០ នាក់នៅទីលាននោះក្រោមវត្តមានរបស់នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau ផងដែរ។
លោក Trudeau បានប្រាប់ហ្វូងអ្នកចូលរួមថា៖ «ក្រុមអ្នកគាំទ្រក្លិប Raptors ជាទីរាប់អាន! អ្នកបានឃើញរៀងរាល់ថ្ងៃពីអ្វីដែលប្រទេសកាណាដាបានបង្កើតឡើងនូវប្រជាពលរដ្ឋដែលពោរពេញដោយទំនុកចិត្ត»។
ប្រជាពលរដ្ឋចាប់ផ្ដើមបោះជំរំទាំងយប់នៅពេញទីលាននេះ ហើយដោយសារឃើញប្រជាពលរដ្ឋច្រើនពេកទើបប៉ូលិសបានប្រាប់ឲ្យពួកគាត់ចេញពីទីលាននេះ ខណៈផ្លូវក្រោមដីមួយចំនួនក៏ត្រូវផ្អាកដំណើរការផងដែរ។
គ្រូបង្វឹកក្លិប Raptors លោក Nick Nurse បាននិយាយថា៖ «អ្នកគិតថាពិធីដង្ហែពាននេះនឹងក្លាយជារឿងអស្ចារ្យមួយដែលអ្នកមិនអាចនឹងពិពណ៌នាពីភាពអស្ចារ្យនេះ»។
សូមរំឭកថាក្លិបបាល់បោះ Raptors បានឈ្នះម្ចាស់ជើងឯក Golden State របស់សហរដ្ឋអាមេរិក ១១៤-១១០ ក្នុងការប្រកួតលើកទី ៦ កាលពីថ្ងៃព្រហស្បតិ៍ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិកនៅវគ្គផ្ដាច់ព្រ័ត្រនៃក្របខ័ណ្ឌ NBA ក្រោយពីក្លិប Raptors បានឈ្នះ ៤ ប្រកួតក្នុងចំណោម ៧ ប្រកួត។
កីឡាករ Kawhi Leonard នៅក្លិប Raptors បាននិយាយថា៖ «មនុស្សគ្រប់គ្នាមកចូលរួមពិធីនេះ ហើយខ្ញុំគិតថាពួកគេមិនបានទៅធ្វើការទេនៅថ្ងៃនេះ ព្រោះអ្នកគ្រប់គ្នាបានដាក់ពាក្យសុំច្បាប់ពីការងារ ដូច្នេះខ្ញុំសូមអរគុណប្រជាពលរដ្ឋកាណាដាចំពោះការគាំទ្រនេះ»។
កីឡាកររូបនេះបានបន្ថែមថា៖ «រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះដូចជាមានភាពអស្ចារ្យខ្លាំងណាស់។ យើងមិនបានដេកដោយសារមានពិធីអបអរនេះ ហើយយើងនឹងធ្វើដំណើរបន្តបែបនេះទៀត»។
គ្រូបង្វឹក Nurse បានប្រាប់ហ្វូងមហាជននៅមុនពេលមានការបាញ់ប្រហារនេះថា៖ «នេះគឺជាពិធីដ៏ពិសេសបំផុតមួយដោយសារតែអ្នកទាំងអស់គ្នា»។
កាណាដាមានប្រជាពលរដ្ឋ ៣៧ លាននាក់ ហើយ ២០ លាននាក់បានទស្សនាការប្រកួតលើកទី ៦ នៅក្នុងវគ្គផ្ដាច់ព្រ័ត្រនេះ ខណៈក្លិបនេះខានលើកពាន NBA ជាយូរមកហើយតាំងពីឆ្នាំ ១៩៩៣ មក៕ SN