ភ្នំពេញៈ សហព័ន្ធ​កីឡា​វាយ​កូនឃ្លី​តុ​កម្ពុជា​បាន​ប្តេជ្ញា​នឹង​ខំប្រឹង​ស្វែងរក​ដៃគូ​ឧបត្ថម្ភ​រៀបចំ​ឲ្យ​មាន​ការប្រកួត​ជើងឯក​យុវជន​ថ្នាក់ជាតិ​ឲ្យ​បាន​ញឹកញាប់ ដើម្បី​បំផុស​យុវជន​ឲ្យ​ចូល​លេង​កីឡា​នេះ​ឲ្យ​បាន​កាន់តែ​ច្រើន ពិសេស​ស្វែងរក​ក្រុម​យុវជន​ថ្នាល​មាន​ទេពកោសល្យ ត្រៀម​ឆ្ពោះ​ទៅ​កាន់​ការប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​ ២០២៣ ដែល​កម្ពុជា​ត្រូវ​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

ការផ្តើម​ឲ្យ​មាន​គំនិត​បែប​នេះ​គឺ​បន្ទាប់ពី​សហព័ន្ធ​នេះ​បាន​ទទួល​ការឧបត្ថម្ភ​ពី​ក្រសួង​មហាផ្ទៃ​ដើម្បី​រៀបចំ​ឲ្យ​មាន​ការប្រកួត​កីឡា​វាយ​កូនឃ្លី​លើ​តុ​ជើងឯក​យុវជន​ថ្នាក់ជាតិ​លើក​ទី​ ១ ឆ្នាំ​ ២០១៩ នៅ​សាល​ដំបូលទូក​កាលពី​ថ្ងៃ​សៅរ៍ ខណៈ​ព្រឹត្តិការណ៍​នេះ​មាន​កីឡាករ​ជា​យុវជន​ចូលរួម​ចំនួន​ ២២ ​នាក់ និង​កីឡាការិនី​ជា​យុវតី​ចំនួន​ ១២ ​នាក់​។

លោក តេង សំណាង អគ្គលេខាធិការរង​សហព័ន្ធ​កីឡា​វាយ​កូនឃ្លី​លើ​តុ​កម្ពុជា បាន​និយាយ​ថា​៖ «​ចាប់​តាំងពី​បែក​ឆ្នាំ​ ១៩៧៩ ​មក​យើង​មិន​ធ្លាប់​រៀបចំ​ឲ្យ​មាន​ការប្រកួត​ជើងឯក​យុវជន​ទាល់​តែ​សោះ​គឺ​នេះ​ជា​លើក​ទី​ ១ ​ហើយ​ដែល​យើង​បាន​រៀបចំ ហើយ​ខ្ញុំ​ពិតជា​មាន​ការភ្ញាក់ផ្អើល​នៅពេល​ឃើញ​ព្រឹត្តិការណ៍​បែប​នេះ​បាន​កើត​មាន​ឡើង​»​។

លោក សំណាង បាន​បន្ថែម​ថា​៖ «​តាមរយៈ​ការប្រកួត​នេះ​ខ្ញុំ​មើលឃើញ​ថា អត្តពលិក​វ័យក្មេង​របស់​យើង​បាន​ធ្វើការ​ប្រកួត​គ្នា​ដោយ​គ្មាន​ការភ័យខ្លាច​ ឬ​តក់ស្លុត​អ្វី​ទាំងអស់​គឺ​ពួកគេ​បាន​បង្ហាញ​ការលេង​ដោយ​មាន​កម្លាំងចិត្ត បើ​ទោះបី​ជា​សមត្ថភាព​របស់​ពួកគេ​នៅ​ស្ទើរ​ក៏ដោយ​។ ហេតុនេះ​យើង​នឹង​ព្យាយាម​ស្វែងរក​ការឧបត្ថម្ភ​ដើម្បី​រៀបចំ​ការប្រកួត​ជើងឯក​យុវជន​នេះ​ឲ្យ​មាន​ជា​បន្តបន្ទាប់ ដើម្បី​បំផុស​ឲ្យ​អត្តពលិក​វ័យក្មេង​ចូល​លេង​លើ​ប្រភេទ​កីឡា​វាយ​កូនឃ្លី​នេះ​ឲ្យ​បាន​កាន់តែ​ច្រើន​»​។

តាមរយៈ​ការប្រកួត​ដោយ​ប្រើ​ពេល​ត្រឹម​ ១ ​ថ្ងៃ​នោះ​គឺ​មាន​ការប្រកួត​តែ​លើ​ ៣ ​វិញ្ញាសា​ទេ ហើយ​ជា​លទ្ធផល​កីឡាករ កាង យូឃាង មកពី​ក្លិប​សាលា AIS បាន​ក្លាយ​ជា​ម្ចាស់​ជើងឯក​លើ​ការប្រកួត​វិញ្ញាសា​អាយុ​ក្រោម​ ១៥ ​ឆ្នាំ ឯ​ផ្នែក​នារី​លេខ ​១ ​បាន​ទៅ​កីឡាការិនី អុំ ណាសូហ្វី មកពី​ក្លិប​សាលា​ណតឡាញ ហើយ​ការប្រកួត​ឯកត្តជន​អាយុ​ក្រោម​ ១៨ ​ឆ្នាំ​កីឡាករ ឡាយ ភក្តី របស់​ក្រសួង​មហាផ្ទៃ​បាន​ក្លាយ​ជា​ម្ចាស់​ជើងឯក​។

ចំណែក​លោក ជា ប៊ុនវិបុល ដែល​ទើប​ធ្វើ​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូនឃ្លី​លើ​តុ​កម្ពុជា​បាន​និយាយ​ថា​៖ «​ពិតណាស់​យើង​ត្រូវ​តែ​ស្វះស្វែង​រៀបចំ​ឲ្យ​មាន​ការប្រកួត​ជើងឯក​យុវជន​នេះ​ឲ្យ​បាន​ញឹកញាប់ ព្រោះ​បើ​សិន​ជា​គ្មាន​ការប្រកួត​បែប​នេះ​យើង​នឹង​មាន​ការលំបាក​ក្នុង​ការស្វែងរក​យុវជន​ឆ្នើម សម្រាប់​យកមក​បណ្តុះបណ្តាល​បន្ថែម​សម្រាប់​ត្រៀម​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ីហ្គេម ឆ្នាំ​ ២០២៣ ជា​មិនខាន​ឡើយ​»​។

ជាមួយ​គ្នា​នេះ​លោក ជា ប៊ុនហេង ដែល​ជា​ប្រធាន​អង្គភាព​ក្រសួង​មហាផ្ទៃ និង​ជា​អ្នក​ស្វះស្វែងរក​ថវិកា​មក​រៀបចំ​ឲ្យ​មាន​ការប្រកួត​កីឡា​វាយ​កូនឃ្លី​លើ​តុ​ជើងឯក​យុវជន​ថ្នាក់ជាតិ​ជា​លើក​ដំបូង​នេះ​បាន​ប្តេជ្ញាចិត្ត​បន្ត​ជួយ​ដល់​សហព័ន្ធ​កីឡា​វាយ​កូនឃ្លី​លើ​តុ​កម្ពុជា ដើម្បី​រៀបចំ​ឲ្យ​មាន​ការប្រកួត​បែប​នេះ​បន្ត​ទៀត​។

លោក ជា ប៊ុនហេង បាន​ថ្លែង​នៅក្នុង​ពិធី​បិទ​ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍​ដែរ​ថា​៖ «​តាមរយៈ​ការប្រកួត​នេះ យើង​ឃើញ​ថា​ចំនួន​អ្នកចូលរួម​នៅ​មាន​តិច ពិសេស​ការប្រកួត​អាយុ​ក្រោម​ ១៨ ​ឆ្នាំ​ដែល​យើង​មាន​តែ​យុវជន អត់​មាន​យុវតី ចូលរួម អ៊ីចឹង​ហើយ​ខ្ញុំ​សន្យា​ថា​នៅ​ចុង​ឆ្នាំ​ ២០១៩ ​នេះ​អាច​នៅ​មុន​ភ្ជុំបិណ្ឌ យើង​នឹង​រៀបចំ​ការប្រកួត​ជើងឯក​ជន​នេះ​ឲ្យ​បាន​ធំ​ជាង​នេះ ដើម្បី​ធើ​ការ​បំផុស​ទាំង​ក្រុម​យុវជន និង​យុវតី​ចូលរួម​ប្រកួត​ឲ្យ​បាន​ច្រើន​»៕