ភ្នំពេញៈ ក្រុម Avatar FC, Reil Phnom Penh, Khmer United A និង​ក្រុម ISI Group United នៅតែ​អាច​រក្សា​កំណត់ត្រា​បាន​ល្អ​នៅក្នុង​ការប្រកួត​ពាន​ពាក់កណ្តាល​អាជីព Keller Williams Cambodia League 2019 (KW Cambodia League 2019) បន្ទាប់ពី​ក្រុម​ទាំង​នេះ​រក​បាន​ជ័យជម្នះ​បន្ថែម ក្នុង​ការ​ប្រកួត​លើក​ទី​ ៣ កាលពី​ថ្ងៃ​អាទិត្យ​។

ជាមួយ​នឹង​ជ័យជម្នះ​ដែល​បាន​កើត​មាន​ឡើង​តាមរយៈ​ការប្រកួត​នៅ​កីឡដ្ឋាន​វេស្ទើន និង​ទីលាន KMH នោះ​ក្រុម​ម្ចាស់​ជើងឯករង​ ២ ​សម័យកាល Khmer United A រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​ដោយ​ពួកគេ​បាន​លត់​ក្រុមគ្រួសារ​កីឡា​តាំងគោក​រហូត​ដល់ ៩-២​។

យ៉ាងណា​ក៏ដោយ​ការ​យក​ឈ្នះ ៩-២ ដើម្បី​មាន​គ្រាប់​បាល់​ចំណេញ​ ១៣ ​គ្រាប់​នេះ​វា​បាន​ត្រឹម​ជួយ Khmer United A ឲ្យ​ឡើង​ទៅ​ឈរ​នៅ​លេខ​ ៣ ដោយ​មាន​ ៩ ​ពិន្ទុ​ពេញ តែ​មិនអាច​ជួយ​ឲ្យ​ពួកគេ​ដណ្តើម​យក​តំបន់​កំពូល​តារាង​ពី​ក្រុម​ម្ចាស់​ជើងឯក Avatar FC និង​ទីតាំង​លេខ​ ២ របស់​ក្រុម Riel Phnom Penh នោះ​ទេ​។

នៅក្នុង​ការប្រកួត​កាលពី​ថ្ងៃ​អាទិត្យ​នោះ Avatar បាន​ធ្វើឲ្យ​ក្រុម​បាសាក់​ស្គាល់​រសជាតិ​ចាញ់​ជា​លើកដំបូង​ក្នុង​រដូវកាល​នេះ​តាមរយៈ​ការយក​ឈ្នះ ២-០ ដើម្បី​បន្ត​ឈរ​នៅ​លេខ​ ១ និង​មាន​គ្រាប់​បាល់​ចំណេញ​ ២៥ ​គ្រាប់​។ រីឯ​ក្រុម Riel Phnom Penh បាន​លត់​ក្រុម Khmer United B ៥-០ ដើម្បី​បន្ត​ឈរ​នៅ​លេខ​ ២ ​ដដែល​ហើយ ISI Group United បាន​យក​ឈ្នះ​ក្រុម Sniper ៣-១ និង​ឈរ​នៅ​លេខ​ ៤ មាន​ ៩ ​ពិន្ទុ​ពេញ​ដែរ​។

ដោយឡែក​អតីត​ក្រុម​ម្ចាស់​ជើងឯក​ឆ្នាំ​ ២០១៧ Bayon Wonderers បាន​លត់​ក្រុម Mambo PP ៤-០ ដើម្បី​លប់ចោល​ភាពហ្មងសៅ​ចំពោះ​ការចាញ់ Khmer United A ៥-១ កាលពី​សប្តាហ៍​មុន ហើយ​ជ័យជម្នះ​នេះ​ជួយ​ឲ្យ Bayon ឡើង​មក​ឈរ​នៅ​លេខ​ ៥ ​វិញ​មាន​​ ៦ ​ពិន្ទុ​ស្មើ​ជាមួយ​ក្រុម​បាសាក់ និង​ក្រុម Khmer United B​។

ចំណែក​ក្រុម Khmer United U22 បាន​យក​ឈ្នះ​ក្រុម Anvaya ៥-១ ដើម្បី​មាន​ ៤ ​ពិន្ទុ​ហើយ​ក្រុម ATK បាន​យក​ឈ្នះ​ក្រុម Home Sport ៣-០ ដើម្បី​ទទួល​បាន​ ៣ ​ពិន្ទុ​ជា​លើកដំបូង ឯ​ក្រុម Sen Sok Empire ក៏​បាន​យក​ឈ្នះ​ក្រុម​ទន្សោង ៣-១ ដើម្បី​បាន​ ៣ ​ពិន្ទុ​ជា​លើកដំបូង​ផង​ដែរ​៕