ក្រុងប៉ារីស៖ ក្រុម Juventus, Chelsea និង Sevilla សុទ្ធតែដណ្ដើមបានជ័យជម្នះនៅវិនាទីចុងក្រោយដូចគ្នា ខណៈពួកគេបានឆ្លងទៅវគ្គ ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារ ស្របពេលកីឡាករ Martin Braithwaite ស៊ុតបាន ២ គ្រាប់ ក្នុងប្រកួតដែលក្រុម Barcelona ឈ្នះក្រុមម្ចាស់ផ្ទះ Dynamo Kiev ៤-០ ហើយកក់កៅអីនៅវគ្គចាញ់ធ្លាក់នេះ ១ នឹងគេដែរ។
ពួកគេ គឺក្រុមដំបូង ដែលបានឆ្លងផុតវគ្គសន្សំពិន្ទុតាមពូលទាំងនៅសល់ ២ ប្រកួតទៀត ខណៈនេះជាការប្រកួតនៅយប់មួយ ដែលគេបានឃើញកីឡាករឆ្នើមៗ ដូចជា Erling Braut Haaland, Neymar, Cristiano Ronaldo និង Bruno Fernandes សុទ្ធតែទម្លុះសំណាញ់ទីបានដូចៗគ្នា។
ក្នុងប្រកួតនេះ គ្មានវត្តមានរបស់ខ្សែប្រយុទ្ធ Lionel Messi សម្រាប់ក្រុម Barca ទេ ដោយកីឡាករអន្តរជាតិអាហ្សង់ទីន ត្រូវបានអនុញ្ញាតឱ្យសម្រាកពីការធ្វើដំណើរទៅអ៊ុយក្រែននេះ តែក្រុមរបស់លោក Ronald Koeman នៅតែធ្វើបានល្អ ដោយការយកជ័យជម្នះលើកទី៤ ក្នុងចំណោមការប្រកួតទាំង ៤ ដងរបស់ខ្លួនក្នុងពូល G។
គ្រាប់បាល់ទាំងអស់របស់ក្រុមយក្សទៅពីអេស្ប៉ាញ កើតឡើងនៅវគ្គទី២ ដោយគ្រាប់ទី១ បានមកពីកីឡាករ Sergino Dest មុននឹង Braithwaite ស៊ុត ២ គ្រាប់បន្តបន្ទាប់គ្នា ហើយគ្រាប់ចុងក្រោយ ធ្វើបានសម្រេចដោយកីឡាករបម្រុង Antoine Griezmann។
គ្រូបង្វឹករបស់ Barca លោក Koeman និយាយក្រោយការប្រកួតបញ្ចប់ថា៖ «យើងសម្រេចគោលបំណងរបស់យើងបានហើយ។ យើងចង់បានជ័យជម្នះខ្លាំងណាស់ ហើយស៊ុតបញ្ចូលទី ៤ គ្រាប់។ កីឡាករសំខាន់ៗ អាចសម្រាកបាន ហើយកីឡាករក្មេងៗទទួលបានឱកាស»។
ក្នុងពូល G នេះ Juve ក៏បានឆ្លងទៅវគ្គបន្តដែរ តែក្រុមជើងឯកលីគកំពូលរបស់អ៊ីតាលី ត្រូវចាំគ្រាប់បាល់ ដែលតែតដោយកីឡាករបម្រុង Alvaro Morata ក្នុងម៉ោងបន្ថែមបង្គ្រប់ ទើបអាចឈ្នះក្រុម Ferencvaros ២-១ នៅទឹកដីខ្លួនបាន។
ការប្រកួតនៅក្រុងទូរីននេះ Myrto Uzuni ជួយឱ្យក្រុមទៅពីហុងគ្រី នាំមុខមុន តែ Ronaldo ឱ្យម្ចាស់ផ្ទះស្មើវិញ មុនចប់វគ្គទី១ ដែលនោះ ក៏មានន័យដែរថា ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់ រកគ្រាប់បាល់បាន ១៥ រដូវកាលជាប់ៗគ្នា នៅ Champions League។
ដូចគ្នាដែរ Chelsea អាចធ្វើដំណើរចេញពីពូល E បានហើយ ក្រោយឈ្នះ Rennes ២-១ នៅបារាំង ដោយសារការតែតរបស់ខ្សែប្រយុទ្ធ Olivier Giroud ក្នុងម៉ោងបន្ថែមរបួស។ Serhou Guirassy ជាអ្នករកគ្រាប់ឱ្យក្រុមម្ចាស់ផ្ទះតាមស្មើគ្រាប់បាល់របស់ក្រុមភ្ញៀវដែលស៊ុតដោយ Callum Hudson-Odoi។
Sevilla នឹងមិនអាចការពារតំណែងជើងឯកពាន Europa League រដូវកាលមុន របស់ខ្លួនបានឡើយ ដោយសារបានឡើងទៅវគ្គ ១៦ ក្រុមនៃកម្មវិធីប្រកួតសម្រាប់ក្រុមកំពូលៗរបស់អឺរ៉ុប ក្រោយឈ្នះ Krasnodar នៅរុស្ស៊ី ២-១។
Sevilla និង Chelsea មាន ១០ ពិន្ទុស្មើគ្នា តែក្រុមលំដាប់កំពូលរបស់អង់គ្លេសរបស់ Frank Lampard នឹងធ្វើដំណើរទៅអេស្ប៉ាញ នាសប្ដាហ៍ក្រោយ ហើយអ្នកឈ្នះនឹងធានាបាននូវចំណាត់លេខ ១ ក្នុងពូល E៕ AFP/VN