ភ្នំពេញៈ ប្រភេទកីឡាចំនួន៥ ត្រូវបានអង្គភាពកីឡាក្រសួងមហាផ្ទៃ ដាក់ឲ្យប្រកួតប្រជែងគ្នា ក្នុងព្រឹត្តិការណ៍ថ្មីមួយគឺ «ការប្រកួតកីឡាយុទ្ធសិល្ប៍ចម្រុះដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង» លើកទី ១ ឆ្នាំ ២០១៨ ហើយមហាផ្ទៃ ក៏រៀបចំព្រឹត្តិការណ៍ប្រកួត ១ ទៀត ចុងសប្តាហ៍នេះដែរ។
ទាក់ទងការប្រកួតនេះ លោក ជា ប៊ុនហេង ប្រធានអង្គភាពក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ ភ្នំពេញប៉ុស្តិ៍ថា៖ «យើងនឹងរៀបចំការប្រកួតកីឡាយុទ្ធសិល្ប៍ចម្រុះ ដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ដែលមាន ៥ ប្រភេទកីឡាចូលរួម ក្នុងនោះមានកីឡាការ៉ាតេដូ យូដូ វ៉ូវីណាម តេក្វាន់ដូ និងកីឡាហាប់គីដូ»។
តាមលោក ប៊ុនហេង គឺសហព័ន្ធទាំង ៥ ប្រភេទកីឡាខាងលើ ជាអ្នករៀបចំការប្រកួតនេះ ដើម្បីស្វែងរកជើងខ្លាំងតាមប្រភេទកីឡាទាំង ៥ មកប្រកួតផ្តាច់ព្រ័ត្រតាមជំនាញរៀងខ្លួន ត្រឹម ១ ថ្ងៃ នៅមជ្ឈមណ្ឌលកីឡាក្រសួងមហាផ្ទៃ ក្នុងពហុកីឡដ្ឋានជាតិ ថ្ងៃសៅរ៍ ខាងមុខនេះ។
លោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង បញ្ជាក់ថា៖ «ការរៀបចំការប្រកួតកីឡាយុទ្ធសិល្ប៍ចម្រុះ ក្នុងពេលតែមួយនេះ ធ្វើឲ្យយើងចំណេញ ពិសេសយើងចាប់ផ្តើមឲ្យពួកគេ ធ្វើការហ្វឹកហាត់ និងប្រកួត ដើម្បីប្រមូលកម្លាំងសរុបទាំងអស់ ឲ្យក្លាយទៅជាគ្រូបង្វឹក និងថ្នាក់ដឹកនាំ ពីព្រោះកីឡាយុទ្ធសិល្ប៍នេះ យើងត្រៀមបង្កើតទៅជាសហព័ន្ធកីឡាយុទ្ធសិល្ប៍នគរបាលអន្តរជាតិ នាពេលខាងមុខ ហើយយើងនឹងបញ្ជូនគ្រូបង្វឹកឲ្យចុះទៅបង្វឹកដល់គ្រប់ប៉ូលិស នៅតាមស្នងការរាជធានីខេត្តទាំង ២៥ ដើម្បីឲ្យកងកម្លាំងនគរបាលរបស់យើងនៅទូទាំងប្រទេស សុទ្ធតែមានជំនាញកីឡាប្រយុទ្ធ និងស្នៀតការពារខ្លួន»។
ជាមួយគ្នានេះ អង្គភាពក្រសួងមហាផ្ទៃ ក៏នឹងត្រូវរៀបចំឲ្យមានការប្រកួតកីឡាវាយកូនឃ្លីលើតុ ដណ្តើមពានរង្វាន់សម្តេច ស ខេង លើកទី ២ ឆ្នាំ ២០១៨ មួយទៀតផងដែរ ហើយព្រឹត្តិការណ៍នេះ នឹងត្រូវប្រកួតនៅក្នុងសាលដំបូលទូក នៃពហុកីឡដ្ឋានជាតិ ពីថ្ងៃទី ២២ និងបញ្ចប់ នៅព្រឹកថ្ងៃទី ២៤ ខែមិថុនា ខាងមុខនេះ។
នៅក្រោយបញ្ចប់ការប្រកួតនេះ ទាំងអ្នកដណ្តើមបានជយលាភី ក្នុងការប្រកួតវាយកូនឃ្លីលើតុនិងអ្នកទទួលបានជ័យជម្នះ ក្នុងការប្រកួតកីឡាយុទ្ធសិល្ប៍ចម្រុះ ទាំងលើប្រភេទកីឡាការ៉ាតេដូ យូដូ ហាក់គីដូ វ៉ូវីណាម និងតេក្វាន់ដូ ត្រូវមកជួបគ្នានៅមជ្ឈមណ្ឌលកីឡាក្រសួងមហាផ្ទៃ នាល្ងាចថ្ងៃអាទិត្យទាំងអស់គ្នា ដើម្បីបំពាក់មេដាយ និងយកប្រាក់រង្វាន់។
បន្ថែមលើនេះ ក្រុមអត្តពលិកតំណាងឲ្យប្រភេទកីឡាចំនួន២២ ដែលដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ដើម្បីជួយឲ្យក្រសួងមហាផ្ទៃ ទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងការប្រកួតកីឡាជាតិ លើកទី ២ ឆ្នាំ ២០១៨ តាមរយៈការឈ្នះបានមេដាយមាស ៨៣ ប្រាក់ ៤៣ និងសំរឹទ្ធ ២៣ នោះ ក៏នឹងមកទទួលប្រាក់រង្វាន់បន្ថែមពីពីក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃអាទិត្យ នោះដែរ។
ទាក់ទងនឹងប្រាក់រង្វាន់ដល់អ្នកឈ្នះមេដាយពីកីឡាជាតិ លើកទីនេះ លោក ជា ប៊ុនហេង បានថ្លែងថា៖ «អ្នកឈ្នះបានមេដាយ ឲ្យក្រសួងមហាផ្ទៃ ក្នុងការប្រកួតកីឡាជាតិ លើកទី ២ កន្លងមកនេះ នឹងទទួលប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមពីសម្តេចក្រឡាហោម ក្នុងនោះអ្នកឈ្នះបានមេដាយមាស នឹងបាន ៣០០ ដុល្លារ ប្រាក់បាន ២០០ ដុល្លារ និងសំរឹទ្ធបាន ១០០ ដុល្លារ។ ប៉ុន្តែចំពោះអត្តពលិក មានឈ្មោះក្នុងក្របខ័ណ្ឌរបស់ក្រសួងមហាផ្ទៃស្រាប់ គឺយើងសម្រេចប្រគល់ជូនប្រាក់រង្វាន់បន្ថែម ដូចគ្នាទៅនឹងប្រាក់រង្វាន់របស់ក្រសួងអប់រំ ដែរ គឺមេដាយមាស បាន ២០០ ដុល្លារ ប្រាក់បាន ១៥០ ដុល្លារ និងសំរឹទ្ធ ទទួលបាន ១០០ ដុល្លារ»៕