ក្រុងឡុងដ៍: ក្រុម Norwich City ដែលកំពុងមានពិន្ទុនាំមុខគេ ក្នុងតារាងក្របខ័ណ្ឌ Championship បានធ្វើដំណើរចូលទៅក្នុងរយៈចម្ងាយ ដែលកៀកក្នុងការបានឡើងទៅកាន់ក្របខ័ណ្ឌកំពូល Premier League ខណៈការធ្វើបានហ៊ែតទ្រិក (ស៊ុត ៣ គ្រាប់) របស់កីឡាករ Teemu Pukki បានរួមចំណែកជួយជម្រុញឱ្យក្រុមមានជ័យជម្នះលើក្រុម Huddersfield ៧-០ កាលពីថ្ងៃអង្គារ។
ក្រុមរបស់លោក Daniel Farke ត្រូវការតែ ៥ ពិន្ទុទៀតប៉ុណ្ណោះ ពីការប្រកួត ដែលនៅសល់ ៦ លើក ដើម្បីធ្វើឱ្យប្រាកដថា ពួកគេបានវិលត្រឡប់វិញយ៉ាងឆាប់ទៅលីគកំពូលរបស់អង់គ្លេស ក្រោយធ្លាក់កាលពីរដូវកាលមុន។
ក្រុមដែលមានរហស្សនាមថា ចាបពណ៌លឿងអាចនឹងបានសិទ្ធិឡើងយ៉ាងឆាប់នៅថ្ងៃសៅរ៍ ប្រសិនបើពួកគេអាចឈ្នះក្រុមម្ចាស់ផ្ទះ Derby ហើយលទ្ធផលនៃក្រុមគូប្រជែងដទៃ ផ្ទុយពីពួកគេ។
ក្រុម Norwich ស៊ុតបញ្ចូលទី ៥ គ្រាប់ នៅវគ្គទី១ សម្រាប់ការប្រកួតនៅកីឡដ្ឋាន Carrow Road នេះ ដោយ Pukki រកបាន ២ គ្រាប់ ហើយ Emi Buendia, Todd Cantwell និង Kieran Dowell ធ្វើសម្រេចម្នាក់ ១ គ្រាប់។
ខ្សែប្រយុទ្ធសញ្ជាតិហ្វាំងឡង់ Pukki ធ្វើបានហែតទ្រិក នៅវគ្គទី២ ដោយការស៊ុតបាល់ប៉េណាល់ទី ហើយកីឡាករបម្រុង Jordan Hugill បង្ហើយគ្រាប់ទី ៧ ឱ្យ Norwich។
ជ័យជម្នះដ៏មហិមារបស់ Norwich នារដូវកាលនេះ បានជួយឱ្យពួកគេ នាំមុខដាច់ ៨ ពិន្ទុ លើក្រុមលេខ ២ Watford និង ១៧ ពិន្ទុ លើក្រុមលេខ ៣ Brentford។
ក្រុមដែលបញ្ចប់ចំណាត់ថ្នាក់លេខ ១ និងលេខ ២ នៅ Championship នេះ ត្រូវបានដំឡើងស្វ័យប្រវត្តិ ខណៈ ៤ ក្រុម ខាងក្រោម ត្រូវប្រកួត play-off ដើម្បីដណ្ដើមកៅអី ១ ចុងក្រោយ៕ AFP/VN