ភ្នំពេញ៖ ​អ្នក​ប្រដាល់​មាន​ឈ្មោះ​​ល្បីល្បាញ​ជា​ម្ចាស់​ខ្សែ​ក្រវាត់ ​៣​ ស្ថាប័ន ​និង​ជា​ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ីហ្គេម​ ២ ​ជំនាន់​ជាប់ៗ​គ្នា ​ឆ្នាំ​ ២០១៧ ​និង​​ឆ្នាំ​ ២០១៩ ​ឡៅ ចិត្ត្រា​ របស់​ក្លិប​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​ បាន​ជា​សះស្បើយ​ពី​ជំងឺ​​កូវីដ​ ១៩ ហើយ​ និង​បាន​ចាកចេញ​ពី​មន្ទីរពេទ្យ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ តែ​ភរិយា​របស់​គេ ​​គឺ​លោកស្រី​ វ៉េត​ ដារុន​ កំពុង​សម្រាក​ព្យាបាល​នៅ​ឯ​ស្រុក​កំណើត​ខេត្ត​កែប ​នៅ​ឡើយ​។ ​ចំណែក​​បង​ប្រុស​របស់​គេ ​ឡៅ ​ស៊ីណាត​ និង ​​ឡៅ ​ចន្ទ្រា​ និង​សិស្ស​ប្អូន​ ខេម​ ចាន់​ កំពុង​ជាប់​ធ្វើ​ចត្តាឡីស័ក ដោយ​​រង់ចាំ​ពិនិត្យ​សំណាក​ជា​ថ្មី​។

ឡៅ​ ចិត្រា​ បាន​​ប្រាប់​ថា​៖ «​ខ្ញុំ​បាន​ឆ្លង​ជំងឺ​កាច​សាហាវ​កូវីដ ​១៩​ នេះ ​ក្នុង​បេសកកម្ម​បម្រើ​ការងារ ហើយ​​បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ព្យាបាល​ទួល​ពង្រ ​ជិត​ផ្លូវ​វេងស្រេង​ក្នុង​រាជធានី​ភ្នំពេញ ​តាំង​ពី​ថ្ងៃទី​​ ១៨ ​ខែ​ ឧសភា​ ឆ្នាំ​ ២០២១​។ ក្រោយ​មក ក្នុង​រយៈពេល​ជាង​ ១០ ​ថ្ងៃ ​ត្រូវ​បាន​ពិនិត្យ​ឡើង​វិញ​ឃើញ​អវិជ្ជមាន​ ទើប​គ្រូ​ពេទ្យ​អនុញ្ញត​ឱ្យ​ចេញ​មក​ផ្ទះ​ ​ចំណែក​ប្រពន្ធ​ខ្ញុំ ​ដែល​បាន​ឆ្លង​ពី​ខ្ញុំ​នោះ​ កំពុង​សម្រាក​ព្យាបាល​នៅ​ឯ​ក្រុង​កែប​ ខេត្ត​កែប ​ដែល​ជាប់​នៅ​ស្រុក​កំណើត»​។​

កីឡាករ​ជើង​ខ្លាំង​រូប​នេះ ​បន្ថែម​ថា​៖ ​«ខ្ញុំ​បាទ​​ត្រូវ​បាន​គ្រូ​ពេទ្យ​ពិនិត្យ​ជា​លើក​ទី​៣​ អស់​ជំងឺ​​កូវីដ​ ១៩​ ហើយ​។ ​ខ្ញុំ​សូម​​អរគុណ​ខ្លាំង​ណាស់​ និង​ត្រេក​អរណាស់​ ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​ពី​គ្រូពេទ្យ​ ប៉ុន្តែ​នៅ​ប្រពន្ធ​ខ្ញុំ​កំពុង​សម្រាក​ព្យាបាល​នៅ​ឡើយ​។ ​ខ្ញុំ​បាន​ចេញ​ពី​មន្ទីរពេទ្យ​ ប៉ុន្តែ​ត្រូវ​ដាក់​ឱ្យ​​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ​បន្ត​ទៀត​ នៅ​ឯ​ភូមិ​អូក្រសារ ឃុំ​អូរក្រសារ​ ក្រុង​កែប​ ខេត្ត​កែប ​​ជា​ស្រុក​កំណើត​ខាង​ប្រពន្ធ»​។

ចំណែក​លោក ​ឡៅ ​ស៊ីណាត ​ជា​បងប្រុស​ និង​ជា​គ្រូ​ជំនួយ​ក្រុម​ជម្រើស​ជាតិ​ប្រដាល់​គុន​ខ្មែរ ​បាន​ប្រាប់​ថា​៖​ «គ្រួសារ​ខ្ញុំ ​កំពុង​ជាប់​ធ្វើ​ចត្តាឡីស័ក​ក្នុង​នោះ​ក៏​​មាន​ប្អូន ​ឡៅ​ ចន្ទ្រា​ និង​កីឡាករ ​ខេម ​ចាន់​ ជា​សិស្ស​ប្អូន​ផងដែរ​ ​ព្រោះ​ជាប់​ពាក់ព័ន្ធ​គ្នា​»។

ស៊ីណាត បាន​​បន្ថែម​ថា​៖ «​ចិត្រា​ ត្រូវ​គ្រូ​ពេទ្យ​បាន​រក​ឃើញ​មាន​ផ្ទុក​​វិជ្ជមាន​ជំងឺ​កូវីដ​ ​១៩ បន្ទាប់​ពី​វា​ចុះ​បេសកកម្ម​ចែក​អំណោយ​ផ្សេងៗ​ ដែល​ការងារ​អង្គភាព​ដាក់​ឱ្យ​​ធ្វើ​ការ​បម្រើ​​ប្រជាពលរដ្ឋ​មាន​ចែក​អំណោយ​ និង​ដឹក​ជញ្ជូន​ជា​ច្រើន​កន្លែង​ច្រើន​តំបន់​ ពិសេស​តំបន់​មាន​បញ្ហា​ឆ្លង​កូវីដ​ ១៩​ ​ហើយ​បន្ទាប់​មក​គ្រូ​ពេទ្យ​បាន​ពិនិត្យ​ឃើញ​វា​មាន​មេរោគ​កូវីដ និង​បាន​ចូល​សម្រាក​ព្យាបាល​ជិត​កន្លះ​ខែ​មក​ហើយ​។ ​យ៉ាង​ណា​ក៏​ខាង​គ្រួសារ​ និង​កីឡាករ​ពាក់ព័ន្ធ ​ត្រូវ​បាន​គេ​ឱ្យ​​ធ្វើ​ចត្តាឡីស័ក​មិន​ទាន់​បាន​ចប់​នៅ​ឡើយ​ ហើយ​បន្ទាប់​មក ​ត្រូវ​រង់​ចាំ​ការ​ពិនិត្យ​សំណាក​ជា​ច្រើន​លើក​សិន​ដែរ»​។

គួរ​រំឭក​ថា​ ​បងប្អូន​បង្កើត​ប្រុស​ទាំង ​៣ ​នាក់​នេះ​ ជា​កីឡាករ​ឆ្នើម ​និង​ទទួល​បាន​ក្របខ័ណ្ឌ​ជា​កង​ទ័ព​នៅ​ក្នុង​អង្គភាព​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​ ៩១១ ​ដូច​គ្នា។​ សម្រាប់​ឆ្នាំ​ ២០២១​ នេះ​ ​ឡៅ ​ចិត្ត្រា រក្សា​ទម្ងន់​មិន​បាន​ត្រូវ​បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​ ២០២០​ ប៉ុន្តែ​សមត្ថភាព​ និង​ស្នាដៃ​របស់​ ចិត្រា​ នៅ​តែ​ល្អ​ផ្តាច់​គេ​ ពោល​គី​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​ចំនួន​​ ៣ ​ស្ថាប័ន​ ពិសេស​ចេញ​ប្រកួត​ស៊ីហ្គេម​ឆ្នាំ​ ២០១៧ ​និង​​ឆ្នាំ​ ២០១៩​ គេ​​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ​​ទាំង​​ ២ ​លើក​។

សម្រាប់​ឆ្នាំ​ ២០២១ ​នេះ ​ឡៅ​ ចិត្រា​ ក៏​នៅ​តែ​ជាប់​ជម្រើស​ជាតិ​ប្រដាល់​គុន​ខ្មែរ ​ក្នុង​ប្រភេទ​ទម្ងន់​ ៦៧ ​គីឡូក្រាម ​ស្ទួន​ជាមួយ​កីឡាករ ​លន ​បញ្ញា ​ខណៈ​ ​ឡៅ​ ចន្ទ្រា​ ជាប់​ជម្រើសជាតិ​ប្រភេទ​ទម្ងន់​ ៧១ ​គីឡូក្រាម​ ហើយ​បង​ប្រុស ​ឡៅ ​ស៊ីណាត​ ជាប់​ជា​គ្រូ​ជំនួយ​ក្រុម​ជម្រើស​ជាតិ​ផង​ដែរ​៕​