ភ្នំពេញ៖ ​កិច្ចសន្យា​ឡើង​ប្រកួត​ចំនួន ​៦ ​លើក​របស់​ ចាន់ ​រតនា ​ជាមួយ​​អង្គភាព​ក្បាច់​គុន​ចម្រុះ​ ​ONE Championship ​ត្រូវ​បាន​ពន្យារពេល ដោយសារ​បញ្ហា​កូវីដ​ ១៩ ​ដោយ​រូប​គេ​ប្រកួត​បាន​​ត្រឹម​​ ២ ​លើក ​​និង​រង់ចាំ​ការ​ប្រកួត​​ ​៤ ​លើក​ទៀត ​​ដោយ​គ្មាន​កាល​កំណត់​។ ​

បន្ថែម​លើ​នេះ ចាន់ រតនា កំពុង​មាន​​កង្វល់ និង​ការ​​លំបាក ដោយ​​លោក​ឪពុក​ ចាន់ ​ប៊ុនធឿន ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ​ហើយ​ភរិយា​ជា​ជនជាតិ​បារាំង ​និង​កូនស្រី​​ ២​ នាក់​ នឹង​ចាកចេញ​ទៅ​រស់នៅ​ប្រទេស​បារាំង​វិញ ​​នៅ​ក្នុង​អំឡុង​ខែ​មិថុនា​ ឬ​ខែ​​កក្កដា​ ឆ្នាំ​ ២០២១​ នេះ​។​

ចំណង​ដៃ​កូនស្រី​ ២ ​នាក់ ​និង​ភរិយា​រយៈពេល​ ១៨ ​ឆ្នាំ ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​បែក​គ្នា​បណ្តោះ​អាសន្ន​សិន​ ខណៈ​ដែល​ ចាន់ ​រតនា​ កំពុង​ជាប់​អនុវត្ត​កិច្ចសន្យា​ប្រកួត​ ៤ ​លើក​ទៀត​ឱ្យ​ស្ថាប័ន​ ONE ​Championship ​​ដែល​ពន្យារពេល​គ្មាន​កាល​កំណត់​ក្នុង​អន្តរកាល​អូស​បន្លាយ ដោយ​ជំងឺ​​កូវីដ​ ១៩​។​

ចាន់ ​រតនា​ បាន​និយាយ​ថា៖ ​«​តាម​ពិត​កិច្ចសន្យា​របស់​ខ្ញុំ​ជាមួយ ONE Championship ​គឺ​ ១ ​ឆ្នាំ ​ប្រកួត​ចំនួន​ ៦ ​លើក ​ដែល​បាន​ព្រមព្រៀង​គ្នា​តាំង​ពី​មុន​ឆ្នាំ​ ២០២០ ​ដែល​កូវីដ​ ១៩ ​ផ្ទុះ​ឡើង​ទៅ​​ទៀត ​ក្នុង​នោះ​ខ្ញុំ​នៅ​តែ​ហ្វឹកហាត់​​ត្រៀម​ខ្លួន​ប្រកួត​ជានិច្ច​ ប៉ុន្តែ​ការ​ពន្យារ​ពេល ​ព្រោះ​កូវីដ ​គឺ​ឆ្លង​ចូល​ដល់​ឆ្នាំ​​ ២០២១»​។

កីឡាករ​ជើង​ខ្លាំង​រូប​នេះ បាន​​​បន្ថែម​ថា​៖ «​ប្រពន្ធ​ និង​កូន​ស្រី​របស់​ខ្ញុំ​ទាំង​ ២ ​នាក់ ​នឹង​ចាកចេញ​ទៅ​រស់នៅ​ប្រទេស​បារាំង ​ជា​ផ្លូវ​ការ​ហើយ ​ដោយ​រូប​ខ្ញុំ​​ផ្ទាល់​ ក៏​នឹង​ទៅ​រស់នៅ​​ជាមួយ​​គ្នា​ផង​ដែរ ​ប៉ុន្តែ​អាច​ទៅ​តាម​ក្រោយ​ ​ព្រោះ​ជាប់​កិច្ច​សន្យា​ជាមួយ​​ ONE ​ហើយ​​ខ្ញុំ​ក៏​កំពុង​សិក្សា​ភាសា​បារាំង​ គឺ​ខ្ញុំ​ចាកចេញ​ទៅ​ពេល​ដំណាច់​ឆ្នាំ​ ២០២១​ ឬ​ដើម​ឆ្នាំ​ ២០២២​។ ​នេះ​ជា​គំនិត​ផ្តួច​ផ្តើម​មក​យូរ​ហើយ​ រវាង​ខ្ញុំ ​និង​ភរិយា​ ​ព្រោះ​ខ្ញុំ​បាន​ចូល​សញ្ជាតិ​បារាំង​រួច​ហើយ​ ហើយ​ក៏​អាច​ប្រើប្រាស់​ភាសា​បារាំង​បាន​ហើយ​ដែរ​»។

អ្នក​ប្រយុទ្ធ​គុន​ចម្រុះ ចាន់ រតនា បាន​​ប្រាប់​ទៀត​ថា៖​ «ជាមួយ​នឹង​គម្រោង ​ត្រូវ​ទៅ​រស់នៅ​ប្រទេស​បារាំង ​ជាមួយ​គ្រួសារ​នេះ ​ខ្ញុំ​​ក៏​បាន​ប្រកាស​ថា​ នឹង​ស្វះស្វែង​រក​ឱកាស​បើក​ក្លិប​ប្រដាល់​មួយ​នៅ​ទីនោះ​។​ បើ​ទោះ​ជា​ត្រូវ​រស់នៅ​ប្រទេស​បារាំង ​តែ​សម្រាប់​ការ​ប្រកួត​ប្រដាល់​ ONE Championship ​ខ្ញុំ​នឹង​ទទួល​ផង​ដែរ ​ហើយ​ការ​ប្រកួត​តាម​កិច្ច​សន្យា​នោះ​ ខ្ញុំ​ចាត់​ទុក​ថា​ ជា​កីឡាករ​ខ្មែរ ​ដែល​មាន​សកម្មភាព​ខ្លាំង​ម្នាក់ ​នៅ​លើ​ទឹក​ដី​បារាំង ​គឺ​តំណាង​ឱ្យ​កីឡាករ​សញ្ជាតិ​ខ្មែរ​ជាមួយ​កីឡាករ​បរទេស»​​។​

ចាន់ ​រតនា​ ជា​កីឡាករ ​ដែល​ឆ្លង​កាត់​ប្រភេទ​កីឡា​ប្រយុទ្ធ​ជា​ច្រើន ​មាន​ហាប់គីដូ​ យូដូ ​​វ៉ូវីណាម ​ប្រដាល់​គុន​ខ្មែរ ​និង​ MMA​។​ ចាន់ ​រតនា​ បច្ចុប្បន្ន​មាន​អាយុ​ ៣៥ ​ឆ្នាំ ហើយ​​កំពុង​សិក្សា​ភាសា​បារាំង​​ពី​គ្រូ​នៅ​មជ្ឈមណ្ឌល​ភាសា​បារាំង​ក្បែរ​វត្ត​កោះ​។​​ ​រតនា ​បញ្ជាក់​ថា​៖ «​​ខ្ញុំ​រៀន​ភាសា​បារាំង ​ព្រោះ​ប្រពន្ធ​ខ្ញុំ​ជា​ជនជាតិ​បារាំង។​ ខ្ញុំ​មិន​ធ្លាប់​រៀន​បារាំង​ពី​មុន​ទេ ប៉ុន្តែ​ពេល​នេះ ភាសា​បារាំង​របស់​ខ្ញុំ​កាន់​តែ​អាច​ប្រើ​ការ​បាន​ល្អ​ ​ហើយ​នៅ​ថ្ងៃ​អនាគត​ខាង​មុខ​ខ្ញុំ​អាច​ទៅ​រស់នៅ​ប្រទេស​​បារាំង​ ជាមួយ​គ្រួសារ​របស់​ខ្ញុំ»។ ​

ចំណែក​អ្នកស្រី Cindy Coupon ​ជា​ភរិយា​របស់​​ ចាន់​ រតនា​ ​បាន​ប្រាប់​ថា៖ ​«​ខ្ញុំ​នឹង​ចេញ​ទៅ​រស់នៅ​ប្រទេស​បារាំង​វិញ បន្ទាប់​ពី​មក​រស់នៅ​ស្រុក​ខ្មែរ ​អស់​រយៈពេល​ជាង​ ១៨ ​ឆ្នាំ​។​ ខ្ញុំ​ និង​ ចាន់​ រតនា​ បាន​គិត​រួច​ហើយ​ថា ​បើ​សិន​ជា​គាត់​ទៅ​រស់នៅ​ប្រទេស​បារាំង ​ក៏​គាត់​នៅ​តែ​អាច​ត្រឡប់​មក​ប្រកួត​នៅ​សង្វៀន ONE​ ជា​ធម្មតា​ ដូច​មាន​នៅ​កុងត្រា​អ៊ីចឹង ហើយ​ពេល​ទៅ​ដល់​ទីនោះ ​គាត់​អាច​នឹង​ស្វែងរក​ទីតាំង​សម​ស្រប​មួយ ​ដើម្បី​បើក​ក្លិប​ប្រដាល់​គុន​ខ្មែរ ​ឬ​គុន​ចម្រុះ​ តែ​ត្រូវ​ចំណាយ​ពេល​ខ្លះ ​ដើម្បី​សិក្សា​ និង​ពិចារណា​ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​គុន​ខ្មែរ​នៅ​បារាំង​ផង​ឱ្យ​​បាន​ទូលំទូលាយ»​។

ភរិយា​របស់​​ ចាន់​ រតនា ​ដែល​មាន​​ជំនាញ​ផ្នែក​ទីផ្សារ​រូប​នេះ ​បាន​ប្រាប់​​បន្ថែម​ថា​៖ «​អាជីព​របស់​ ចាន់​ រតនា​ គឺ​នៅ​ពេល​គាត់​ប្រកួត​លែង​​កើត​ គាត់​នឹង​ធ្វើ​គ្រូ​បង្វឹក​ ហើយ​សម្រាប់​គុន​ខ្មែរ​ ឬ​គុន​ចម្រុះ​ អាច​នឹង​ចាប់​ផ្តើម​បាន​ទាំង ​២​។ ​បំណង​នេះ ខ្ញុំ​ និង ​ចាន់​ រតនា ​​ជឿ​ថា​ នឹង​ទទួល​បាន​ជោគជ័យ​ ដោយសារ​តែ​យើង​ជា​ប្តី​​ប្រពន្ធ ​ស្គាល់​ពី​ជីវភាព​របស់​កីឡាករ​ ហើយ​ ចាន់ ​រតនា​ នឹង​ក្លាយ​ជា​គ្រូ​បង្វឹក​ ដែល​អាច​​មាន​ចំណូល​ពី​ការ​បើក​ក្លិប​ប្រដាល់​កម្រិត​អាជីព»​៕​