ក្រុងឡុងដ៍៖ កីឡាករ​​ Tammy Abraham របស់​ក្លិបតោ​ខៀវ​ Chelsea ​និយាយ​ថា​ កីឡាករ​របស់​ជម្រើស​ជាតិ​​អង់គ្លេស​នឹង​ដើរ​ចេញ​ពី​ទីលាន​​ប្រសិន​បើ​ពួក​គេ​ទទួល​រង​ការ​បៀតបៀន​ជាតិ​សាសន៍​នៅ​ក្នុង​ពេល​ប្រកួត​ជម្រុះ​ពាន​រង្វាន់​ Euro 2020​។​

ក្រុម​អង់គ្លេស​​នឹង​ត្រូវ​ប្រកួត​ជាមួយ​ជម្រើស​ជាតិ​សាធារណ​រដ្ឋ​ឆែក ​នៅ​ទីក្រុង​ Prague ​នៅ​​ថ្ងៃ​សុក្រ​មុន​ពេល​ប្រកួត​ជាមួយ​ជម្រើស​​ជាតិ​ប៊ុលហ្គារី ​នៅ​ថ្ងៃ​ចន្ទ​ក្រោយ​ពី​មាន​ការរើស​អើង​ជាតិ​សាសន៍​ពី​ក្រុម​អ្នក​គាំទ្រ​ក្នុង​ការ​ប្រកួត​ជម្រុះ​ជាមួយ​សាធារណ​រដ្ឋ​ឆែក​ និង​កូសូវ៉ូ​ ពី​ខែ​មិថុនា​។​​

គ្រូ​បង្វឹក​ជម្រើស​ជាតិ​អង់គ្លេស​លោក Gareth Southgate បាន​សុំ​ឲ្យ​ក្រុម​ជួប​ពិភាក្សា​ពី​ វិធានការ​​អ្វី​ដែល​កីឡាករ​នឹង​ត្រូវ​ធ្វើ​ប្រសិន​​បើ​មាន​ការ​បំពាន​បែប​នេះ​កើត​ឡើង​ជា​ថ្មី​ទៀត​នោះ​​។​

គណៈ​គ្រប់គ្រង​បាល់​ទាត់​​អឺរ៉ុប​ UEFA មាន​វិធានការ​ ​៣ ​ជំហាន ​សម្រាប់​ចាត់​ការ​ចំពោះ​ការ​បៀតបៀន​ជាតិ​សាសន៍​ដែល​អាច​អនុញ្ញាត​​ឲ្យ​អាជ្ញា​កណ្ដាល​បញ្ឈប់ ​ឬ​បោះបង់​ចោល​ការ​ប្រកួត​ ហើយ​កីឡាករ​ Abraham បាន​និយាយ​ថា កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​កំពុង​ត្រៀម​ខ្លួន​ចាត់​វិធានការ​ផ្ទាល់​ដៃ​ប្រសិន​បើ​ចាំ​បាច់​។​

ខ្សែ​ប្រយុទ្ធ Abraham បាន​ប្រាប់​ទូរទស្សន៍​ BBC ថា៖ ​«​ខ្សែ​ប្រយុទ្ធ​ Harry Kane បាន​និយាយ​ថា ប្រសិន​បើ​វា​កើត​ឡើង​មែន​ ហើយ​យើង​មិន​សប្បាយ​ចិត្ត​ចំពោះ​ទង្វើ​នោះ​ យើង​ត្រូវ​និយាយ​ជាមួយ​កីឡាករ​ ហើយ​ប្រសិន​បើ​គាត់​មិន​សប្បាយ​ចិត្ត​ដែរ​ យើង​អាច​ដើរ​ចេញ​ពី​ទីលាន​ប្រកួត​ទាំង​អស់​គ្នា​»។​

ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​បន្ថែម​ថា៖ «​វា​ជា​រឿង​របស់​ក្រុម​មួយ​ ហើយ​កុំ​ធ្វើ​ឲ្យ​អ្នក​ផ្សេង​ឯកោ​ឲ្យ​សោះ​។ យើង​ជា​ក្រុម​ទាំង​មូល​ ហើយ​ប្រសិន​បើ​វា​កើត​ឡើង​ចំពោះ​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​ពួក​យើង ​គឺ​ស្មើ​នឹង​កើត​ឡើង​ចំពោះ​យើង​ទាំង​អស់​គ្នា​»។​

ជម្រើស​ជាតិ​អង់គ្លេស​កំពុង​សង្ឃឹម​ថា នឹង​បន្ត​ការ​ចាប់​ផ្ដើម​ល្អ​ចំពោះ​ការ​ប្រកួត​ជម្រុះ​នេះ​​ដោយ​ទទួល​បាន​ពិន្ទុ​អតិបរមា​ពី​ការ​ប្រកួត ​៤ ​លើក​ដំបូង ​នៅ​ក្នុង​ពូល​ A៕ SN