ក្រុងអ៊ីស្តង់ប៊ុល: អ្នកចាំទី Adrian បាន​ជួយ​ឲ្យ​ក្លិប Liverpool ឈ្នះ​ក្លិប​តោខៀវ Chelsea ដើម្បី​លើក​ពាន Super Cup កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​នៅ​ទីក្រុង Istanbul ប្រទេស​តួកគី​ក្រោយពី​ប្រកួត​ស្មើគ្នា ២-២ ក្នុង​រយៈពេល​ប្រកួត​ ១២០ ​នាទី​។

ក្នុង​ការប្រកួត​ ៩០ ​នាទី​ពេញ ក្លិប​ទាំង​ ២ ​រកបាន​ម្នាក់​ ១ ​គ្រាប់​ដែល​ក្រុម Chelsea នាំមុខ​ ១ ​គ្រាប់​មុន​ដោយ​កីឡាករ Giroud នៅ​នាទី​ទី​ ៣៦ ហើយ​ក្នុង​នាទី​ទី​ ៤៨ ក្រុម Liverpool បាន​តាម​ស្មើ​វិញ​ដោយ​កីឡាករ Mane ប៉ុន្តែ​ក្នុងការ​ប្រកួត​ក្នុង​ម៉ោង​បន្ថែម​ ១៥ ​នាទី​ ២ ​ដង​គឺ​ក្រុម Liverpool បាន​នាំមុខ​ ១ ​គ្រាប់​វិញ​ម្ដង​ដោយ​កីឡាករ Mane ដដែល​នៅក្នុង​នាទី​ទី​ ៩៥ ​មុនពេល​ក្លិប​តោខៀវ​រក​បាន​ ១ ​គ្រាប់​វិញ​ដោយ​កីឡាករ Jorginho នៅ​នាទី​ទី​ ១០១ ធ្វើ​ឲ្យ​ស្មើគ្នា ២-២​។

ការប្រកួត​ប៉េណាល់ទី​បាន​ចូលមក​ដល់​ដែល​ក្រុម Liverpool បាន​ស៊ុត​ចូល​ទាំង​ ៥ ​គ្រាប់​ក្នុងនោះ​គ្រាប់​ចុងក្រោយ​ស៊ុត​ដោយ​ខ្សែប្រយុទ្ធ Salah ខណៈ​ក្រុម​តោខៀវ​បាន​ស៊ុត​ចូល​តែ​​ ៤ ​គ្រាប់​ដោយសារ​គ្រាប់​បាល់​ចុងក្រោយ​របស់​កីឡាករ Abraham ត្រូវ​បាន​សង្គ្រោះ​យ៉ាង​ល្អ​ដោយ​អ្នកចាំទី Adrian ធ្វើឲ្យ​ក្រុម​ហង្សក្រហម​ឈ្នះ​ក្រុម Chelsea ៥-៤​។

អ្នកចាំទី Adrian ដែល​ទើបតែ​ចុះ​កុងត្រា​បាន​តែ​ ១០ ​ថ្ងៃ​នោះ​បាន​ប្រាប់ BT Sport ថា​៖ «​សូម​ស្វាគមន៍​ចំពោះ​ក្រុម Liverpool! វា​ជា​សប្ដាហ៍​មួយ​អស្ចារ្យ​មែនទែន​។ ខ្ញុំ​ពិតជា​សប្បាយចិត្ត​ចំពោះ​ក្រុម​នេះ សប្បាយចិត្ត​ដែល​បាន​លេង​នៅ​ក្រុម​នេះ និង​សប្បាយចិត្ត​ចំពោះ​អ្នកគាំទ្រ​»​។

នេះ​ជា​លើក​ទី​ ៤ ​សម្រាប់​ក្រុម Liverpool ក្នុងការ​ឈ្នះ​ពាន Super Cup ក្នុង​ទីក្រុង Istanbul ដែល​លើកចុងក្រោយ​បាន​ឈ្នះ​នៅ​ឆ្នាំ​ ២០០៥ គឺ​ភ្លាមៗ​ក្រោយពី​បាន​ឈ្នះ​ពាន Champions League​។

ឥឡូវនេះ​ក្រុម​ហង្សក្រហម​បានឈ្នះ​ពាន​នៅ​តំបន់​អឺរ៉ុប​សរុប​ចំនួន​ ១៣ ​លើក ហើយ​ការឈ្នះ​ពាន Super Cup នេះ​គឺជា​លើកចុងក្រោយ​នៃ​ការចាប់ផ្ដើម​រដូវកាល​ថ្មី​ ២០១៩-២០២០ ​នេះ​។

លោក Jurgen Klopp គ្រូបង្វឹក​ក្លិប Liverpool បាន​ទទួល​ស្គាល់​ថា​៖ «​នេះ​ជាការ​ប្រកួត​ដ៏លំបាក​បំផុត​មួយ​សម្រាប់​ក្រុម​ទាំង​ ២ ​ដែល​ជិត​ឈ្នះ​រៀងៗ​ខ្លួន ប៉ុន្តែ​ទីបំផុត​ក្រុម​យើង​ជា​អ្នកឈ្នះ​ពាន​នេះ​»​។

គ្រូបង្វឹក​រូបនេះ​បាន​កោតសរសើរ​អ្នកចាំទី​អាល្លឺម៉ង់​រូបនេះ​ថា «​មាន​លក្ខណៈ​គ្រប់គ្រាន់​» ដោយ​អះអាង​ថា​៖ «​គាត់​បាន​ជួយ​យើង​ច្រើន ហើយ​គាត់​ពិតជា​អាចមាន​មោទនភាព​យ៉ាង​ខ្លាំង​ចំពោះ​អ្វីដែល​គាត់​បាន​ធ្វើ​នៅ​យប់​នេះ​»​។

លោក Frank Lampard គ្រូបង្វឹក​ថ្មី​ក្លិប Chelsea បាន​ចាត់ទុក​ការប្រកួត​នេះ​មាន​ផល​វិជ្ជមាន​ចំពោះ​ក្រុម​របស់​លោក បើទោះ​ជា​ចាញ់​ក៏ដោយ​។

លោក Lampard និយាយ​ក្រោយ​ការប្រកួត​នេះ​ថា​៖ «​ខ្ញុំ​គិតថា យើង​ត្រូវ​ពង្រឹង​សមត្ថភាព​ថែមទៀត​ព្រោះ​នៅ​មាន​រឿង​ខ្លះ​ដែល​ខ្ញុំ​នៅតែ​ចង់​ឲ្យ​យើង​បង្កើន​សមត្ថភាព​ពាក់ព័ន្ធ​នឹង​កម្រិត​ដែល​យើង​លេង ប៉ុន្តែ​ខ្ញុំ​ពិតជា​ពេញ​ចិត្តនឹង​ទម្រង់​លេង​នេះ​មែនទែន​»​។

គ្រូបង្វឹក​រូបនេះ​បាន​បន្ថែម​ថា​៖ «​ការ​ចាញ់​ការប្រកួត​នេះ​គឺជា​ការខកចិត្ត​ប៉ុន្តែ​ប្រសិន​បើ​វា​មានន័យថា​រដូវកាល​របស់​ក្លិប Chelsea អាច​ជា​អ្វីមួយ​ដូចជា​របៀប​ដែល​យើង​បាន​លេង​នៅថ្ងៃនេះ​មែន នោះ​យើង​នឹង​យល់ព្រម​ទទួល​យក​វា​»​។

លោក Lampard បាន​បន្ថែម​ទៀត​ថា​៖ «​អ្នកដឹង​ទេ​ថា ក្រុម Liverpool មាន​កន្លែង​ដែល​ពួកគេ​ត្រូវ​ទៅ ហើយ​ខ្ញុំ​សូម​គោរព​ទាំងស្រុង​ចំពោះ​លោក Jurgen Klopp»​។

គ្រូបង្វឹក​ក្រុម​តោខៀវ​បាន​បញ្ជាក់​ទៀតថា​៖ «​ខ្ញុំ​ជា​គ្រូបង្វឹក​ថ្មី​ម្នាក់​ដែល​នៅទីនេះ​ទើប​តែ​បាន​រយៈពេល​ ៦ ​សប្ដាហ៍​ប៉ុណ្ណោះ ប៉ុន្តែ​អ្វីដែល​ខ្ញុំ​បានឃើញ​នៅថ្ងៃ​នេះ​គឺជា​រឿង​ដែល​ខ្ញុំ​ចង់​ឲ្យ​កើតឡើង​នៅក្នុង​ក្រុម​នេះ​ជា​បន្តទៀត​»៕ SN