ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) បានប្រកាសពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរយៈពេល៥ឆ្នាំជាមួយសមាគមបាល់ទាត់ប្រទេសកាតា (QFA) មូលនិធិ Aspire Zone Foundation (AZF) និងមជ្ឈមណ្ឌលសន្តិសុខកីឡាអន្តរជាតិ (ICSS) នៅថ្ងៃនេះ។
កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ នឹងបើកផ្លូវសម្រាប់ក្រុមហត្ថលេខី ធ្វើកិច្ចសហការជាយុទ្ធសាស្ត្រ ក្នុងវិស័យមួយចំនួន រួមទាំងវិស័យគ្រប់គ្រង ការប្រកួតប្រជែង បច្ចេកទេស វិទ្យាសាស្ត្រកីឡា និងវេជ្ជសាស្ត្រកីឡាផងដែរ។
មូលនិធិ AZF រួមមានសាលា Aspire Academy និងមន្ទីរពេទ្យកីឡា Aspetar Orthopaedic and Sports Medicine Hospital ចំណែកមជ្ឈមណ្ឌល ICSS ជាអ្នកផ្ដល់ដំបូន្មានជាយុទ្ធសាស្ត្រគ្រប់វិស័យនៃកីឡា និងសុវត្ថិភាព និងសន្តិសុខទីលាន ហើយទាំងមូលនិធិ AZF និងមជ្ឈមណ្ឌល ICSS គឺជាអង្គការស្ថិតនៅប្រទេសកាតា។
ពិធីចុះហត្ថលេខានៅថ្ងៃនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ ខៀវ សាម៉េត ប្រធានសហព័ន្ធ AFF លោក Saoud Abdul Aziz Al-Mohannadi ជាសមាជិកក្រុមប្រឹក្សា FIFA និងជាអនុប្រធានជាន់ខ្ពស់សមាគម AFC លោក Mariano V. Araneta Jr. ជាសមាជិកក្រុមប្រឹក្សា FIFA លោក Dato’ Sri Francisco Kalbuadi Lay ជាអនុប្រធានសហព័ន្ធ AFF លោក Viphet Sihachakr ជាសមាជិកក្រុមប្រឹក្សាសហព័ន្ធ AFF លោក Winston Lee ជាអគ្គលេខាធិការសហព័ន្ធ AFF និងលោក Mansoor Mohammed Al-Ansari ជាអគ្គលេខាធិការសមាគម Qatar FA។
កិច្ចព្រមព្រៀងនេះ បានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន ក្រោយពីមានការជាប់ឆ្នោតរបស់លោកឧត្ដមសេនីយ៍ទោ ខៀវ សាម៉េត ជាប្រធានសហព័ន្ធ កាលពីខែមីនា ឆ្នាំ២០១៩នេះ ដើម្បីបន្តអភិវឌ្ឍ និងលើកស្ទួយវិស័យកីឡាអាស៊ានថែមទៀត។
លោក ខៀវ សាម៉េត បានថ្លែហនៅថ្ងៃនេះថា៖ «វិស័យបាល់ទាត់កំពុងមានការវិវឌ្ឍយ៉ាងលឿន ហើយវាសំខាន់ណាស់ ដែលយើងត្រូវប្រកាន់ខ្ជាប់នូវការផ្លាស់ប្តូរ ដើម្បីរក្សាទំនាក់ទំនង និងទទួលបានជោគជ័យ។ ភាពជាដៃគូយុទ្ធសាស្រ្តនេះ ផ្តល់អត្ថប្រយោជន៍ដល់ AFF និង សមាគមជាសមាជិកទាំងអស់ ដើម្បីបង្កើនការប្រកួតរបស់ខ្លួនឲ្យកាន់តែខ្ពស់ជាងមុន»។
លោកឧត្ដមសេនីយ៍ បានមានប្រសាសន៍ថា AFF បានប្តេជ្ញាចិត្តជួយសមាគមជាសមាជិករបស់ខ្លួន ក្នុងការពន្លឿនវឌ្ឍនភាព និងការអភិវឌ្ឍរបស់ខ្លួន ហើយភាពជាដៃគូបែបនេះ នឹងចូលរួមចំណែកក្នុងការរីកចម្រើននេះ ហើយកិច្ចព្រមព្រៀងនេះ នឹងផ្តល់ឲ្យសមាជិករបស់យើង ទទួលបានជំនាញ និងចំណេះដឹងពីដៃគូថ្មីរបស់យើង។
លោកបានបន្ថែមថា៖ «យើងនឹងរៀបចំផែនការការងារប្រចាំឆ្នាំ ជាមួយសមាគម QFA មូលនិធិ AZF និងមជ្ឈមណ្ឌល ICSS ដើម្បីធ្វើប្រតិបត្តិការ និងបង្កើនភាពជាដៃគូយុទ្ធសាស្ត្រនេះ។ យើងកំពុងទន្ទឹងរង់ចាំកិច្ចសហការនេះ និងជឿជាក់ថា សមាជិករបស់យើងនឹងទទួលបានអត្ថប្រយោជន៍ពីភាពជាដៃគូនេះ»៕ SN