ក្រុងឡុងដ៍: ខ្សែប្រយុទ្ធ Sergio Aguero របស់ក្រុមមេឃខៀវ Manchester City ដែលលេងនៅក្របខ័ណ្ឌ Premier League អង់គ្លេស ត្រូវបានដកឈ្មោះ កាលពីថ្ងៃអង្គារ ពេលក្រុមត្រូវធ្វើដំណើរទៅបារាំង ដើម្បីតទល់ជាមួយ Olympique Marseille សម្រាប់ការប្រកួតនៅ Champions League ដោយសារតែមានរបួសសរសៃពួរ ខណៈអ្នកចាត់ការក្រុម លោក Pep Guardiola (Pep) ប្រាប់ថា អាចត្រូវសម្រាកពី ២ ទៅ ៤ សប្ដាហ៍។
Aguero ត្រូវបានប្ដូរចេញនៅចុងម៉ោងនៃវគ្គទី១ អំឡុងការប្រកួត Premier League កាលពីថ្ងៃសៅរ៍ ដែលស្មើជាមួយក្រុមម្ចាស់ផ្ទះ West Ham United ១-១ ដោយលោក Pep បានអះអាងថា កីឡាករវ័យ ៣២ ឆ្នាំ មានបញ្ហាសាច់ដុំ ពោលគឺតែ ១ សប្ដាហ៍ប៉ុណ្ណោះ ក្រោយធ្វើការបង្ហាញវត្តមានលើកដំបូងនៃរដូវកាល បន្ទាប់ពីវះកាត់ជង្គង់ហើយ។
លោក Pep បានប្រាប់អ្នកសារព័ត៌មានថា៖ «វាអាស្រ័យលើស្ថានភាពរបួសនោះ។ យើងរំពឹងថា ១០ ទៅ ១៥ ថ្ងៃតិចបំផុត បើមិនអ៊ីចឹងទ អាចពី ៣ សប្ដាហ៍ ឬ ១ ខែ។ នៅពេលកីឡាករណាម្នាក់ មិនអាចលេងបាន ដោយសាររបួសជង្គង់ ហើយព្យាបាលយ៉ាងហោច ៤ ឬក៏ ៥ ខែ នោះ តែងតែមានហានីភ័យ ពេលត្រឡប់មកកាន់ទីលានវិញ»។
គ្រូបង្វឹកវ័យ ៤៩ ឆ្នាំ បន្តទៀតថា៖ «យើងព្យាយាមដោះស្រាយបញ្ហានេះ ឱ្យល្អបំផុត តាមដែលអាច ដោយការដាក់ឱ្យគេលេង ពី ៥០ ទៅ ៥៥ នាទី តែវានៅមិនគ្រាប់គ្រាន់ធ្វើឱ្យប្រសើរឡើងវិញ និងជួយគេឱ្យមានមុខក្នុងការប្រកួតបាន។ យើងដឹងថា គេមិនទាន់ជា ១០០ ភាគរយឡើយ ពេលដាក់ឱ្យលេងទល់នឹងក្រុម Arsenal តែដោយសារកង្វះខាតខ្សែប្រយុទ្ធ យើងចាំបាច់ត្រូវបង្ខំចិត្ត ហើយ ៦០ នាទី ដែលគេលេង ពិតជាសំខាន់ណាស់។ យើងត្រូវតែអត់ធ្មត់ ហើយសង្ឃឹមថា គេនឹងរឹងប៉ឹងឡើងវិញ លឿនបំផុតតាមដែលអាច»។
ជាមួយគ្នានេះ លោក Pep ក៏បានអះអាងពីខ្សែបម្រើ Kevin De Bruyne និងខ្សែការពារ Aymeric Laporte ថា អាចនឹងមានវត្តមានសម្រាប់ការប្រកួតជាមួយក្រុមនៅបារាំងនេះ ខណៈកីឡាករចំណូលថ្មី Nathan Ake និងខ្សែប្រយុទ្ធ Gabriel Jesus ជិតបានត្រឡប់មកកាន់ទីលានវិញមែនទែនហើយ។
លោក Pep បានបា្រប់បន្តថា៖ «Ake ជិតត្រឡប់មកវិញមែនទែនហើយ ឯ Jesus ប្រហែលជា ១០ ទៅ ១៥ ថ្ងៃទៀត នឹងអាចមកលេងវិញបានហើយ»។
នៅពេលត្រូវបានសួរថា តើក្លិបនៅទឹកដី Etihad មួយនេះ អាចនឹងនាំយកខ្សែប្រយុទ្ធថ្មីមកកាន់ក្រុម ដើម្បីបន្ថែមជម្រើសទៀតដែរឬទេ? លោក Pep បានឆ្លើយថា៖ «ពេលខ្លះ យើងពិចារណាពីរឿងនេះ ហើយបានគិតពីវា និងពីរបៀបលេងនៃខ្សែប្រយុទ្ធផ្សេងទៀត តែងយើងមិនអាច»។
លោក Pep បន្ថែមទៀតថា៖ «អ្នកដឹងទេ នៅពេលអ្នកសម្រេចចិត្តទិញខ្សែប្រយុទ្ធ ១ រូប ដែលត្រូវតែមានកម្រិតស្មើនឹង Aguero និង Jesus នោះ យើងរកមិនឃើញនៅឡើយទេ។ នេះគឺជាការពិត»៕ AFP/VN