ស្វ៊ីសៈ គណៈ​គ្រប់គ្រង​សមាគម​ប្រដាល់​អន្តរជាតិ (AIBA) បាន​ដើរ​ចេញ​ពី​កិច្ចចរចា​ជាមួយ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) កាលពី​ថ្ងៃ​ចន្ទ​ដោយ​មាន​សុទិដ្ឋិនិយម​ថា សមាគម​របស់​គាត់​នឹង​រក្សា​សិទ្ធិ​ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​នៅក្នុង​ការប្រកួត​អូឡាំពិក​ក្រុង​តូក្យូ​នៅ​ឆ្នាំ​ក្រោយ​។

គណៈកម្មាធិការ IOC បាន​បង្អាក់​ដំណើរការ​កីឡាប្រដាល់ (​សកល​) នៅក្នុង​ការប្រកួត​អូឡាំពិក​ឆ្នាំ​ក្រោយ​ស្របពេល​គណៈកម្មាធិការ IOC កំពុង​ស្វែងរក​ភ័ស្តុតាង​បញ្ជាក់​ថា សមាគម​ប្រដាល់ AIBA បាន​សម្អាត​ទង្វើ​មិន​ល្អ​ក្រោយពី​មាន​ក្ដីកង្វល់​ពាក់ព័ន្ធ​នឹង​អភិបាលកិច្ច និង​ហិរញ្ញវត្ថុ​របស់​ខ្លួន​កន្លង​មក​។

ប្រធាន​បណ្ដោះអាសន្ន​របស់​សមាគម​ប្រដាល់ AIBA លោក Mohamed Moustahsane បាន​និយាយ​ថា​៖ «​យើង​មាន​កិច្ចប្រជុំ​ប្រកប​ដោយ​ផ្លែផ្កា​ជាទីបំផុត​ជាមួយ​គណៈកម្មការ​ស៊ើប​សង្កេត​របស់​គណៈកម្មាធិការ IOC នៅ​ថ្ងៃ​នេះ​»​។

គាត់​បាន​និយាយ​ថា​គាត់​មាន​ទំនុកចិត្ត​ថា ការ​ស៊ើបអង្កេត​នេះ​នឹង​បង្កើត​បាន​របាយការណ៍​វិជ្ជមាន​មួយ​ជាមួយ​គណៈកម្មាធិការ IOC ដែល​គ្រោង​នឹង​ជួប​ប្រជុំ​គ្នា​ធ្វើការ​សម្រេចចិត្ត​ចុងក្រោយ​នៅ​ថ្ងៃ​ពុធ​នេះ​។

លោក Moustahsane បាន​បន្ថែម​ទៀត​ថា​៖ «​យើង​នៅ​តែ​មាន​សុទិដ្ឋិនិយម​ពី​អនាគត​នៃ​កីឡាប្រដាល់​នេះ​នៅ​អូឡាំពិក​ឆ្នាំក្រោយ និង​លទ្ធភាព​របស់​សមាគម AIBA ក្នុង​ការការពារ​កីឡាប្រដាល់​ដ៏អស្ចារ្យ​មួយ​នេះ​»​។

វេជ្ជបណ្ឌិត​សញ្ជាតិ​ម៉ារ៉ុក​បាន​ចូលរួម​ជាមួយ​ប្រធាន​ប្រតិបត្តិ​សញ្ជាតិ​អាមេរិក​របស់​សមាគម AIBA គឺ​លោក Tom Virgets ធ្វើ​ជា​គណៈប្រតិភូ​ចំនួន​ ៨ ​នាក់​នៅក្នុង​សវនាការ​ជាមួយ​សមាជិក​គណៈកម្មការ​ស៊ើបអង្កេត​របស់​គណៈកម្មាធិការ IOC ដឹកនាំ​ដោយ​លោក Nenad Lalovic ប្រធាន​គណៈ​គ្រប់គ្រង​កីឡាកាស​។

ប្រសិន​បើ​កីឡាប្រដាល់​នៃ​សមាគម AIBA នៅ​តែ​ត្រូវ​បាន​ផ្អាក​មិន​ឲ្យ​ចូលរួម​នៅក្នុង​ការប្រកួត​អូឡាំពិក​មែន​នោះ គណៈកម្មាធិការ IOC បាន​និយាយ​ថា ខ្លួន​នឹង​ចាត់​វិធានការ​បន្ថែម​ទៀត​ដើម្បី​ធានាថា ប្រភេទ​កីឡា​នេះ​នឹង​មាន​វត្ត​មាន​នៅ​ទីក្រុង​កូត្យូ​ប្រទេស​ជប៉ុន​នៅ​ឆ្នាំ​ក្រោយ​នេះ​៕ SN